ពោធិ៍សាត់៖ ក្រសួងនិងមន្ទីរសុខាភិបាលខេត្តសហការជាមួយមន្ទីរអប់រំយុវជននិងកីឡាខេត្តពោធិ៍សាត់ បានរៀបចំពិធីប្រកាសដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារីអាយុ៩ឆ្នាំក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការនៅទូទាំងប្រទេស ដែលបានប្រារព្ធធ្វើនៅសាលាបឋមសិក្សាពោធិ៍សាត់ដោយមានអ្នកចូលរួម១៥០ នាក់ក្រោមវត្តមានលោក ងួន ប៉ោសេង អភិបាលរងនៃគណៈអភិបាលខេត្ត។
លោកវេជ្ជបណ្ឌិត តឹក សុភាព អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានលើកឡើងថា ក្រសួងសុខាភិបាលបានប្រកាសផ្សព្វផ្សាយស្តីពីការដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដែលត្រូវផ្តល់តែចំនួនមួយដូសដល់កុមារីម្នាក់ៗមានអាយុ៩ឆ្នាំដោយឥតគិតថ្លៃទៅក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការដើម្បីការពារជំងឺមហារីកមាត់ស្បូន។
ជំងឺមហារីកមាត់ស្បូនជានិច្ចកាលត្រូវបានគេប្រសិទ្ធនាមថាជា«ឃាតករលាក់មុខ»មូលហេតុចម្បងនៃការស្លាប់របស់ស្ត្រីដោយជំងឺមហារីកនៅទូទាំងពិភពលោកភាគច្រើនកើតនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យម។
នៅឆ្នាំ២០១៧-២០១៨ក្រសួងសុខា ភិបាល បានអនុវត្តគម្រោងផ្តល់ថ្នាំបង្ការនៅខេត្តសៀមរាបនិងខេត្តស្វាយរៀងជាលទ្ធផលបង្ហាញថាការចូលរួមនិងការមកទទួលថ្នាំបង្ការសម្រេចបាន៩៦%ដែល អាចឆ្លុះបញ្ចាំងថាប្រទេសកម្ពុជាមានសមត្ថភាពនិងបានត្រៀមរួចជាស្រេចសម្រាប់ការផ្គត់ផ្គងថ្នាំបង្ការជំងឺមហារីកមាត់ស្បូន។
នាពេលថ្មីៗនេះឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រកាសដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ដល់កុមារីមានអាយុ ៩ឆ្នាំ ដោយបានថ្លែងបញ្ជាក់ថា ជំងឺមហារីកមាត់ស្បូនគឺជាបញ្ហាសុខភាពសាធារណអាទិភាពនៅប្រទេសកម្ពុជា។យើងទាំងអស់គ្នាត្រូវពន្លឿនកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីលុបបំបាត់ជំងឺដ៏កាចសាហាវនេះ តាមរយៈការបញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារីអាយុ៩ឆ្នាំដោយឥតគិតថ្លៃចាប់ពីថ្ងៃនេះទៅ ក្នុងនោះមន្ត្រី បុគ្គលិកសុខាភិបាលនិងដៃគូអភិវឌ្ឍន៍ទាំងអស់ចូលរួមដើម្បីការពារសុខភាពកុមារីទាំងអស់។
មានប្រសាសន៍ក្នុងឱកាសនោះ លោក ងួន ប៉ោសេង អភិបាលរងខេត្តពោធិ៍សាត់ បានថ្លែងថាកម្មវិធីជាតិផ្តល់ថ្នាំបង្ការជាកម្មវិធីអាទិភាពរបស់ក្រសួងសុខាភិបាលនិងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តដែលបានអនុវត្តតាំងពីឆ្នាំ១៩៨៦ដែលមានថ្នាំបង្ការចំនួន៦មុខប៉ុណ្ណោះរួមមានរបេង គ្រុនស្វិតដៃជើង ក្អកមាន់ ខាន់ស្លាក់ តេតាណូសនិងជំងឺកញ្ជ្រិល។
ផ្តើមចេញពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថាកម្មវិធីជាតិផ្តល់ថ្នាំបង្ការជាការវិនិយោគលើវិស័យសុខភាពសាធារណៈជាពិសេសកុមារីជាការរួមចំណែកកាត់បន្ថយអត្រាឈឺ ពិការភាពនិងស្លាប់មកដល់ពេលនេះកម្មវិធីជាតិមានវ៉ាក់សាំងដែលអាចការពារជំងឺទារកនិង កុមារមាន១១មុខ អត្រាគ្របដណ្តប់ទទួលបាន៩០%ជារៀងរាលឆ្នាំនេះដោយសារការខិតខំប្រឹងប្រែងរបស់មន្ត្រី បុគ្កលិកសុខា ភិបាលគ្រប់ថ្នាក់និងអាជ្ញាធរដែនដីព្រមទាំងអង្គការដៃគូរអភិវឌ្ឍន៍នានានិងទទួលបានវិញ្ញាបនប័ត្រជាបន្តបន្ទាប់ពីអង្គការសុខភាពពិ ភពលោក។
លោកបានលើកឡើងទៀតថា ផែនការយុទ្ធសាស្ត្រ៥ឆ្នាំ(២០២២-២០២៥)របស់កម្មវិធីជាតិផ្តល់ថ្នាំបង្ការ ដែលមានការគាំទ្របច្ចេកទេសពីអង្គការសុខភាពពិភពលោកនិងអង្គការយូនីសេហ្វ ក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យកម្មវិធីជាតិផ្តល់ថ្នាំ បង្ការដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនលើកុមារីអាយុ៩ឆ្នាំទូទាំង២៥រាជធានី ខេត្ត។
តាមរយៈនេះក្នុងនាមរដ្ឋបាលខេត្តសូមអំពាវនាវដល់មាតា បិតាអាណាព្យាបាលនៃកុមារីទាំងអស់សូមនាំកូនមកទទួលវ៉ាក់សាំងរបស់កម្មវិធីជាតិផ្តល់ថ្នាំបង្ការឱ្យបានគ្រប់ៗគ្នាទាំងនៅតាមសាលារៀននិង មណ្ឌលសុខភាព ព្រោះថានូវរាល់ថ្នាំវ៉ាក់សាំងទាំងអស់ត្រូវបានត្រួតពិនិត្យនិងទទួលស្គាល់ គុណភាពពីអង្គការសុខភាពពិភពលោកមុននឹងបញ្ជាទិញនិងប្រើប្រាស់(សឺរ៉ាំងAD)សម្រាប់ចាក់តែម្តងគត់គឺមិនអាចប្រើឡើងវិញ បានឡើយ ការពារការចម្លងរោគផ្សេងៗ។កម្មវិធីនេះបានប្រារពធ្វើឡើង នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣។