ពោធិសាត់៖ ប្រជាពលរដ្ឋជិត៨០០គ្រួសារមកពី១២ភូមិក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ដែលទទួលរងការប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅពេលកន្លមក បានទទួលស្បៀងជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនដែលពិធីនេះបានប្រារព្ធធ្វើ២កន្លែងគឺនៅវត្តសូរិយានិងនៅមន្ទីរធម្មការនិងសាសនាខេត្ត នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣។
លោក ហៀម ឃួន អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ដែលបានដឹកនាំប្រតិភូចុះសំណេះសំណាលនិងចែកជូនស្បៀងជូនប្រជាពលរដ្ឋទាំង២កន្លែងក្នុងសង្កាត់រលាប បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែននិងឯក ឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តនូវក្តីនឹករលឹកចំពោះប្រជាពលរដ្ឋទទួលរងការប៉ះពាល់ដោយជំនន់ទឹកភ្លៀងនាពេលកន្លងមកនេះ។សម្តេចទាំងទ្វេរក៏ដូចអភិបាលខេត្តតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់ដោយមិនទុកចោលប្រជាពលរដ្ឋណាម្នាក់អត់អាហារពុំបានដោះស្រាយនោះទេ។
ជាក់ស្តែងនៅក្នុងអំឡុងស្ថានភាពខេត្ត ពោធិ៍សាត់ក៏ដូចបណ្តាខេត្តផ្សេងៗទៀតបាននឹងកំពុងទទួលរងការលិចលង់ជំនន់ទឹកភ្លៀងធ្វើឱ្យភូមិឋាន ផ្ទះសម្បែងផលដំណាំ និងហេដ្ឋារចនាសម្ព័ន្ធខូចខាតអស់ជាច្រើន ប្រជាពលរដ្ឋជួបកង្វះខាតស្បៀង និងទាមទាឱ្យការដោះស្រាយ ឆ្លើយតបជាបន្ទាន់។
លោកបានលើកឡើងថា ការបម្រែបម្រួលអាកាសធាតុមិនត្រឹមតែនៅក្នុងប្រទេស កម្ពុជាយើងប៉ុណ្ណោះទេពោលគឺកើតមានស្ទើតែពិភពលោកទាំងមូល គ្រាន់តែ តិចឬច្រើន។
ទាំងអស់នេះសូមឱ្យបងប្អូនប្រជាពលរដ្ឋជាពិសេសកុមារតូចៗត្រូវបង្កើនការប្រុង ប្រយត្ន័អំពីបញ្ហាប្រឈមនៃគ្រោះធម្មជាតិជាទូទៅក្រោយពីទឹកសម្រកតែងតែជួបបញ្ហាជំងឺរាតត្បាត ហេតុនេះសូមឱ្យបងប្អូនបង្កើនការយកចិត្តទុកដាក់ទៅលើសុខភាពទាំងការរស់នៅ ការហូបចុកត្រូវមានបរិយាកាសអនាម័យស្អាតល្អ ទើបធ្វើឱ្យសុខភាពនៅក្នុងក្រុមគ្រួសារនិង សហគមន៍បានរួចផុតពីជំងឺផ្សេងៗនិងនាំមកនូវសុភមង្គលក្នុងគ្រួសារនិងសង្គមជាតិ។
តាមរយៈនេះក្នុងនាម រដ្ឋបាលខេត្តលោកបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋគ្រប់ៗរូប សូមគិតគូរអំពីសុវត្ថិភាព បង្កើនការប្រុងប្រយ័ត្នពីគ្រោះថ្នាក់ដែលបង្កឡើង ដោយទឹកជំនន់ គ្រោះថ្នាក់ចរាចរណ៍ ការពារកុំឱ្យកើតមានជំងឺគ្រុនឈាមនិងគ្រុនឈីក។
ហើយត្រូវបន្តការដាំដុះ ចិញ្ចឹមសត្វនិងបង្កើតមុខរបរផ្សេងៗទៀតដើម្បីបង្កើនជីវភាពរស់នៅ។ បន្ទាប់មកលោករួមជាមួយក្រុមការងារបានអញ្ជើញចែកស្បៀងជូនដល់ប្រជាពលរដ្ឋ ទាំង២កន្លែងជិត៨០០គ្រួសារដោយក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធប៊ុន រ៉ានីហ៊ុនសែននាពេលនោះផងដែរ៕