កំពង់ឆ្នាំង៖ លោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំ មន្រ្តីររាជការជុំវិញខេត្តចូលរួមកាន់បិណ្ឌវេនទី៥ នៅវត្តវិហារបិទមាស ស្ថិតនៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះលោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ពិធីបុណ្យដាក់បិណ្ឌ-ភ្ជុំបិណ្ឌ ជាពិធីបុណ្យនេះប្រព្រឹត្តទៅតាមបែបទំនៀមខ្មែរផង និងពុទ្ធសាសនាផង ពោលគឺប្រជាពុទ្ធបរិស័ទគ្រប់ជំនាន់ខិតខំរួមគ្នាថែរក្សាតាំងពីសម័យបុព្វកាល អាស្រ័យដោយពិធីបុណ្យដ៏ប្រពៃនេះ នាំមកនូវសាមគ្គីធម៌ដ៏ប្រសើរទាំងក្នុងសង្គមគ្រួសារ និងសង្គមជាតិ ការជួយលើកតម្កើងវិស័យព្រះពុទ្ធសាសនាឲ្យបានចម្រើនរុងរឿង។
បន្ថែមពីនោះ លោកស្រីអភិបាលរងខេត្ត បានបញ្ជាក់ទៀតថា ប្រទេសកម្ពុជាយើង រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបន្ដរក្សា និងការពារបាននូវសុខសន្តិភាព ធ្វើឱ្យប្រទេសមានការរីកចម្រើនជាបន្តបន្ទាប់ ប្រជាពលរដ្ឋមានជីវភាពធូរធារ ប្រជាពលរដ្ឋមានឱកាសគ្រប់គ្រាន់ ចូលរួមបុណ្យប្រពៃណីទំនៀមទម្លាប់ ដោយគ្មានការព្រួយបារម្ភនិងភ័យខ្លាច ។
ហើយការចូលរួមពិធីបុណ្យកាន់បិណ្ឌរបស់ប្រជាពលរដ្ឋនាពេលនេះបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋមានជំនឿជឿជាក់ យ៉ាងពិតប្រាកដអំពីសន្តិភាពដែលមាននាពេលបច្ចុប្បន្ននេះ ដែលមានសម្តេចហ៊ុន សែន ជាមគ្គុទេសឯក ក្នុងការកសាង សន្តិភាព ។
ហើយរាល់ការរីកចម្រើនរបស់ប្រទេសជាតិ គឺមិនអាចកាត់ផ្តាច់បានពីការចូលរួមពីមនុស្សគ្រប់ជំនាន់ ពិសេសមនុស្សដែលមាន វ័យចំណាស់នាពេលនេះ ដែលគាត់បានចូលរួមច្រើនណាស់ តស៊ូបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុសន្តិភាព និងភាពសុខសាន្តរបស់មនុស្សជំនាន់ក្រោយ ដែលតំរូវឱ្យយើងត្រូវតែយកចិត្តទុកដាក់មើលថែរក្សាពួកគាត់ឱ្យបានល្អ។ ពិធីនេះបានធ្វើឡើង នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។