សៀមរាប៖ បុណ្យភ្ជុំបិណ្ឌដែលជាបុណ្យមួយដ៏ធំ នៃប្រពៃណីទំនៀមទំលាប់របស់ប្រជាជនខ្មែរ ដែលកាន់សាសនាព្រះពុទ្ធ គោរពប្រតិបត្តិតាំងពីដូនតាតរៀងមក ។ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម តោ គឹមស៊ាន និងលោកជំទាវ ស៊ុន សុវណ្ណនី សមាជិកក្រុមប្រឹក្សាខេត្ត និង លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត និង លោក ស៊ិន ចាន់ថុល អភិបាលស្រុកពួក រួមជាមួយអស់លោកលោកស្រី ក្រុមការងារខេត្តចុះជួយស្រុក មន្ត្រីរាជការ និង រដ្ឋបាលស្រុកពួក បាននាំយកទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃ ស្ថិតនៅវត្តព្រលឹត ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ដើម្បីចូលរួមកាន់បិណ្ឌ ជាមួយបងប្អូនប្រជាពុទ្ធបរិស័ទនៅវេនទី៥ ដើមី្បឧទ្ទិសកុសលផលបុណ្យ ជូនដល់ដូនតាញ្ញាតិកាទាំងប្រាំពីរសណ្តាន និង កម្មាភិបាលដែលបានពលីជីវិត ក្នុងបុព្វហេតុរំដោះជាតិ ការពារកសាងអភិវឌ្ឍន៍ប្រទេស ដែលបានចែក ឋានទៅកាន់លោកខាងមុខ ឲ្យបានរួចចាកផុតពីឧបាយភូមិទាំងឡាយ តាមរយៈព្រះសង្ឃជាស្រែបុណ្យ ។
សូមរំឭកផងដែរថា ពិធីកាន់បិណ្ឌ និង បុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីធំៗផ្សេងទៀតរបស់ដូនតាខ្មែរយើង ដែលមានតាំងពីបុរាណកាលរហូតមកដល់សម័យបច្ចុប្បន្ននេះ ។ ជាមួយនោះប្រជាជនខ្មែរ តែងប្រារព្ធពិធីបុណ្យនេះ មិនដែលអាក់ខានម្តងណាឡើយដល់ពេលដល់រដូវកាល លើកលែងតែក្នុងរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្ណោះ ដែលធ្វើឲ្យគ្រប់វិស័យធ្លាក់ដល់កម្រិតសូន្យ ។
មានប្រសាសន៍សំណេះសំណាលជាមួយព្រះសង្ឃ ពុទ្ធបរិស័នោះដែរ លោក អ៊ឹង គឹមលាង បានលើកឡើងថា ក្នុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាឆ្នាំនេះ ក៏ដូចបណ្តាឆ្នាំកន្លងមក រដ្ឋបាលខេត្តរួមជាមួយ មន្ត្រីអ្នកមុខអ្នកការតែងតែមានសទ្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា បាននាំមកនូវទេយ្យទាន និងថវិកា ដើម្បីចូលរួមក្នុងកម្មវិធីផ្សេងៗ មិនដែលខក ខាននោះឡើយ។ ជាក់ស្តែងឆ្នាំនេះ ទោះ ជាស្ថានភាពក្នុងរយៈពេលប៉ុន្មានថ្ងៃ ខេត្តសៀមរាប ស្រុកមួយចំនួនទទួលរងគ្រោះជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ បណ្តាលប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង ផលដំណាំ យ៉ាងណាក៏ដោយ ក៏នៅតែបន្តចូលរួមកាន់បិណ្ឌ នៅតាមបណ្តាវត្តអារាមមិនដាច់នោះឡើយ ។ ក្នុងគោលបំណងចូលរួមផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា ដែលមានរយៈពេល១ត្រីមាស និង សមណសិស្សកំពុងសិក្សាក្នុងទីវត្តអារាមផងដែរ។ លោកបានចាត់ទុកថា បុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌគឺជាបុណ្យធំជាងគេនៅក្នុងចំណោមបុណ្យផ្សេងៗទៀត ដែលប្រជាពុទ្ធបរិស័ទខ្មែរ កាន់ព្រះពុទ្ធសាសនា តែងតែចូលរួមអភិរក្ស ថែរក្សាមិនឲ្យបាត់បង់ប្រយោជន៍ ទុកសម្រាប់កូនចៅជំនាន់ក្រោយៗប្រតិបត្តិ។ លោកបានរំលឹកថា ជាការពិតណាស់ នៅក្នុងអំឡុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជារដូវវស្សាមានរលឹម ភ្លៀងផ្គរ ជោគជាំ តែងតែបង្កការលំបាកដល់ព្រះសង្ឃ ពេលធ្វើគោចរបិណ្ឌបាត្រ ដូចនេះហើយបានជាពុទ្ធបរិស័ទយើងបានបង្កើតកម្មវិធីវេនកាន់បិណ្ឌនេះឡើង មានរយៈពេល១៥ថ្ងៃ ទាំងថ្ងៃភ្ជុំបិណ្ឌ ដើម្បីបង្កភាពងាយស្រួលដល់ព្រះសង្ឃគ្រប់ទីវត្តអារាម ។ ទាំងនេះដោយសារការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ក៏ដូចសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព និងអភិវឌ្ឍន៍រីកចម្រើន ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។ ក្នុងនាមប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមអំពាវនាវដល់ប្រជាពុទ្ធបរិស័ទ ក្នុងរដូវវស្សានេះ គប្បីបង្កើនការប្រុងប្រយ័ត្ន អំពីគ្រោះទឹកជំនន់ដែលពេលថ្មីៗ ។ ជាមួយគ្នានោះ លោកបានក្រើនរំលឹកទៅដល់ប្រជាពលរដ្ឋត្រូវបន្តយកចិត្តទុកដាក់ អំពីបញ្ហាសុខុមាលភាពផ្ទាល់ខ្លួន និងធ្វើការដាំដុះឡើងវិញ ក្រោយពីទឹកសម្រក់ ដើម្បីបង្កើនជីវភាពឲ្យកាន់តែប្រសើរឡើង។
ផ្តើមចេញពីកុសលផលបុណ្យនៃការកាន់បិណ្ឌវេនទី៥នេះ លោក អ៊ឹង គឹមលាង រួមទាំងប្រតិភូ បានប្រគេនទេយ្យទានមានគ្រឿងឧបភោគបរិភោគ ចំនួន១០មុខ និង បច្ច័យ ៣លាន១១ម៉ឺន៥ពាន់រៀល បានវេរប្រគេនព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សាក្នុងវត្តព្រលឹត សម្រាប់តំកល់ទុកក្នុងការកសាងក្នុងទីវត្ត ព្រមទាំងបានប្រគេននូវស្លាដក និងបច្ច័យមួយចំនួនដល់ព្រះសង្ឃផងដែរ ។
ក្នុងឱកាសនោះដែរ ប្រតិភូ ព្រមទាំងប្រជាពុទ្ធបរិស័ទ បានធ្វើការរាប់បាត្រ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្ធចំពោះមាតាបិតា ជីដូនជីតា និងញាតិកាលទាំង ៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ និងបានឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារកសាង អភិវឌ្ឍន៍ជាតិមាតុភូមិ កម្ពុជា សូមមកទទួលនូវផល្លានិសង្ឃ ដែលបានឧទ្ទិសជូនតាមរយៈព្រះសង្ឃជា ស្រែបុណ្យ ក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ និងសូមឲ្យអំណាចនៃអានិសង្ឃនេះជួយទ្រទ្រង់ឲ្យវិញ្ញាណក្ខន្ធអ្នកទាំងនោះ បានទៅកាន់ទីឋានបរមសុខកុំបីឃ្លៀងឃ្លាត ក្នុងឋានសុគតិភពកុំបីខានឡើយ។ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប