សៀមរាប៖ កិច្ចប្រជុំស្តីពីការ ចុះចងក្រងករណីសិក្សាល្អៗ ក្នុងការដោះស្រាយបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋខេត្ត ក្រោមអធិបតីភាពរបស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ឌុក ណារ៉េត ទីប្រឹក្សាក្រសួងមហាផ្ទៃ ដោយមាន ការចូលរួមពីលោក លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត លោក លោកស្រីជាប្រធាន អនុប្រធានផ្នែកទាំងពីរ និង ក្រុមការងារប្រតិភូអមដំណើរ ឯកឧត្តមទីប្រឹក្សាក្រសួង នៅព្រឹកថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២៣នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប។
មានប្រសាសន៍នោះដែរឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ថា ចាប់តាំងពីការអនុវត្តនូវកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការមក រាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់នូវការងារកំណែទម្រង់ធំៗជាច្រើនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ តួយ៉ាងតាមរយៈការបន្តពង្រឹង និងអភិវឌ្ឍន៍ធនធានមនុស្ស ការផ្ទេរមុខងារ ធនធានថវិកា និងទ្រព្យសម្បត្តិ សំដៅធានាឱ្យរដ្ឋបាល នៅថ្នាក់ក្រោមជាតិគ្រប់ថ្នាក់បំពេញការងារប្រកបដោយគណនេយ្យភាព តម្លាភាព និងការឆ្លើយតបក្នុងការផ្តល់សេវាសាធារណៈសម្រាប់ការអភិវឌ្ឍមូលដ្ឋាន ដើម្បីរួមចំណែកអភិវឌ្ឍន៍ សង្គមសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។ សមិទ្ធផល នៃកំណែទម្រង់ខាងលើនេះ បានលើកកម្ពស់នូវគុណភាពសេវា និងបានលើកទឹកចិត្ត ឱ្យមន្រ្តីរាជការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តកិច្ចខិតខំប្រឹងប្រែងបោះជំហានកាន់តែស៊ីជម្រៅថែមទៀត ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ឆ្លើយតបទៅនឹងគោលការណ៍អភិបាលកិច្ចល្អ ។ ឯកឧត្តមប្រធានបានលើកផងដែរថា ក្នុងអំឡុងពេលជិត ០៥ឆ្នាំ មកនេះ (គិតចាប់ពីឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣) ការិយាល័យប្រជាពលរដ្ឋខេត្ត បានទទួលពាក្យបណ្តឹងក្នុងសមត្ថកិច្ចចំនួន ១៥៣ករណី បណ្តឹងក្រៅសមត្ថកិច្ចចំនួន ២២ករណី និងព័ត៌មានផ្សេងៗចំនួន ៣៣ករណី ។ ក្នុងនោះដែរការិយាល័យប្រជាពលរដ្ឋខេត្ត បានខិតខំប្រឹងប្រែងដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋដោយការទទួល និងសម្រុះសម្រួលដោះស្រាយ ស៊ើបអង្កេត រាយការណ៍ និងផ្តល់អនុសាសន៍ទៅលើបណ្តឹងរដ្ឋបាល ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងផ្តល់កិច្ចសហការក្នុងការផ្តល់បទសម្ភាសន៍ជាមួយក្រុមការងារអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដើម្បីប្រមូលព័ត៌មានអំពីបទពិសោធន៍ជោគជ័យឱ្យបានរលូន និងទទួលបានជោគជ័យបន្តទៀត ទោះបីការិយាល័យប្រជាពលរដ្ឋខេត្តឋិតក្នុងខេត្តគោលដៅ នៃការចងក្រងករណីសិក្សាល្អៗក្នុងការដោះស្រាយបណ្តឹងនាពេលនេះក៏ដោយ ក៏ការិយាល័យប្រជាពលរដ្ឋខេត្ត-សៀមរាប ក៏នៅមានចំណុចខ្វះខាតមួយចំនួន ដែលជាបញ្ហាប្រឈមដែលត្រូវពុះពារដោះស្រាយអនុវត្តបន្ត។
មានប្រសាសន៍នោះដែរឯកឧត្តម ឌុក ណារ៉េត ទីប្រឹក្សាក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ផងដែរ អំពីគោល បំណង ចុះចងក្រងករណីសិក្សាល្អៗ ក្នុងការដោះស្រាយបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋខេត្ត គឺដើមី្បធ្វើការ ចងក្រងករណីសិក្សាល្អៗ ដែលបានដោះស្រាយបណ្តឹង ស្របតាមការណែនាំ ដើមី្បរៀបចំជាមេរៀនបទពិសោធន៍ សម្រាប់ធ្វើការផ្សព្វផ្សាយដល់ការិយាល័យប្រជាពលរដ្ឋ ព្រមទាំងពង្រឹងប្រសិទ្ធភាពលើការបំពេញតួនាទី ភារកិច្ច របស់ការិយាលប្រជាពលរដ្ឋនៅថ្នាក់ក្រោមជាតិ ។ ឯកឧត្តមក៏បានលើកនូវកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិ បាល នីតិកាលទី៧ ដែលមានគោលដៅយុទ្ធសាស្ត្រទាំង៥ ក្នុងនោះយុទ្ធសាស្ត្រទី៤ គឺបន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និង គុណភាពស្ថាប័ន ទាំងថ្នាក់ក្រោមជាតិ ដើមី្បធានាឲ្យបាននូវប្រសិទ្ធភាពសេវាសាធារណៈ ។ ចំពោះស្នូលនៃយុទ្ធសាស្ត្រ មានកិច្ចការអាទិភាពចំនួន៥ ក្នុងនោះអាទិភាពទី៣ ការលើកកម្ពស់ និងពង្រឹងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈ ។ ឯកឧត្តមក៏បានលើកនូវគោលការណ៍ ក្នុងការជ្រើសរើសគោលដៅដែលបានចាត់វិធានការណ៍ដោះស្រាយបណ្តឹង ក្នុងសមត្ថកិច្ចស្របតាមគោលការណ៍ណែនាំ និង សាច់រឿងកើតឡើងពិតប្រាកដ ដែលមានភាពទាក់ទាញ និង ផ្តល់នូវមេរៀនល្អៗ ព្រមទាំងចងក្រង នឹងផ្សព្វផ្សាយ ជាសាធារណៈដល់គោលដៅផ្សេងទៀត និងអ្នកពាក់ព័ន្ធដោយមានការឯកភាពអង្គភាពសាមី ដោយមានការលាក់នូវអត្តសញ្ញាណអ្នកប្តឹង និង អ្នកត្រូវគេប្តឹង ។ ក្នុងនោះក៏បានលើកផងដែរ អំពីវិធីសាស្ត្រ ក្នុងកិច្ចសម្ភាសន៍ ជាមួយឯកឧត្តមប្រធានក្រុម ប្រឹក្សាខេត្ត និង ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ប្រធាន អនុប្រធានផ្នែក អំពីនីតិវិធីក្នុងការដោះស្រាយនូវរាល់ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ទាំងក្នុងដែនសមត្ថកិច្ច និងក្រៅដែនសមត្ថកិច្ច ក្នុងពេលកន្លងមក ទទួលបានលទ្ធផលជាផែ្លផ្កា ដែលជាទីទំនុកចិត្តរបស់ប្រជាពលរដ្ឋ ។ ឯកឧត្តមក៏បានឲ្យដឹងផងដែរថា ការចុះចងក្រងករណីសិក្សាល្អៗ ក្នុងការដោះស្រាយបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋ ក្នុងគោលដៅពង្រឹងនិងពង្រីកនូវវិសាលភាពរបស់ការិយាល័យប្រជាពលរដ្ឋ ឲ្យកាន់តែមានភាពរីកចម្រើនឡើងថែមទៀត ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប