ពោធិ៍សាត់៖ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយអន្តរក្រសួងពាក់ព័ន្ធទៅនឹងស្ថានភាពគ្រោះមហន្តរាយនៃជំនន់ទឹកភ្លៀងនិងពិនិត្យវាយតម្លៃផលប៉ះពាល់ដើម្បីស្តាឡើង វិញក្រោយពីទឹកសម្រកដែលបានប្រារព្វធ្វើនៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣។
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈ កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តពោធិ៍សាត់បានជម្រាបជូនអំពីស្ថានភាពនៃគ្រោះមហន្តរាយដែលបង្កឡើងដោយជំនន់ទឹកភ្លៀងជូនប្រតិភូអន្តរក្រសួងនោះថា គិតចាប់ពីថ្ងៃទី២៧-៣០ខែកញ្ញាឆ្នាំ២០២៣ភ្លៀងធ្លាក់ជាប់ៗគ្នាបានបង្កឱ្យមានជំនន់ទឹកភ្លៀងជួរភ្នំក្រវាញបន្តមកស្រុកវាលវែង ស្រុក ភ្នំក្រវាញ ក្រុងពោធិ៍សាត់និងស្រុកកណ្តៀងដែលនៅជាប់ស្ទឹងពោធិ៍សាត់ជំនន់ទឹកភ្លៀងនេះធ្វើឱ្យប៉ះពាល់ឃុំ សង្កាត់ចំនួន២២ និង១២១ភូមិ ប្រជាពលរដ្ឋ៦៨៨៧គ្រួសារមាន៥៩១៩ខ្នងផ្ទះនិងប្រជាពលរដ្ឋចំនួន៩២៦គ្រួសារបានជន្លៀសទៅទួលសុវត្ថិភាព។
ចំពោះហេដ្ឋារចនាសម្ព័ន្ធដែលទទួលរងការប៉ះពាល់និងខូចខាតរួមមានផ្លូវចំនួន៨ខ្សែ ប្រវែងជាង៨៨គីឡូម៉ែត្រ លូ៦កន្លែង បាក់ច្រាំងស្ទឹង៣២កន្លែង បាក់ស្ពាន១កន្លែង បាក់បង្គោលភ្លើង៤ដើម សាលារៀន២១កន្លែង វត្ត៨ មណ្ឌលសុខភាព១ ទំនន់បង្ហៀ១ ដំណាំស្រូវជាង៤ពាន់ហិកតា ដំណាំរួមផ្សំ៨៨ហិកតា ដំណាំឧស្សាហកម្មជាង១ពាន់ហិកតា ដំណាំឈើហូបផ្លែជិត១ពាន់ហិកតា និង ជន្លៀសគោ ក្របីជាង២ពាន់ក្បាល។
ឯកឧត្តម ឌិត ឌីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនិងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម មានប្រសាសន៍ចូលរួមដោយបានលើកឡើងថា មួយរយៈកន្លងមកនេះមានសភាពធ្ងន់ធ្ងឥឡូវបានស្រកទៅវិញជា បណ្តើៗ ដូចនេះក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទក្រសួងធនធានទឹកឧតុនិយមនិងក្រសួងសាធារណការនិងដឹកជញ្ជូន បន្តតាមដាននិងវាយតម្លៃផលប៉ះពាល់ដំណាំកសិកម្មរបស់ប្រជាពលរដ្ឋជាពិសេសចំពោះបងប្អូនមានដីដែលអាចស្តាឡើងវិញដើម្បីផ្តល់ពូជស្រូវជូនក្រៅពីនោះរួមគ្នាតាមដាននិងដោះស្រាយនូវរាល់បញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា។
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងថា ទំនប់តាមដងស្ទឹងឃើញថាពុំធានាការពារទឹកជំនន់បាននោះឡើយដូចសូមអន្តរក្រសួងកសាងផែនការស្ថាបនាផ្លូវតាមដងស្ទឹងពោធិ៍សាត់នេះឡើង វិញឱ្យបានខ្ពស់កាន់តែល្អដើម្បីការពារទឹកជំនន់។
ចំពោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមមាត់ស្ទឹងសូមឱ្យអាជ្ញាធរមូលដ្ឋានរុះ រើនិងរកទីកន្លែងថ្មីសម្រាប់ពួកគាត់ទៅរស់នៅ ទុកទីកន្លែងមាត់ស្ទឹងរៀបចំសួនច្បារនិងទីសាធារណៈ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបាន សម្តែងនូវការកោតសរសើរដល់អាជ្ញាធរខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការនិងប្រជាពលរដ្ឋដែល កន្លងមកនេះបានចូលរួមកម្លាំងពលកម្មយ៉ាងសស្រាក់ សស្រាំក្នុងការទប់ទំនប់តាមដងស្ទឹងបញ្ជៀសបានការលិចលង់ភូមិឋាន ដែលបញ្ជាក់ឱ្យអំពីទឹកចិត្តស្មោះសរជាមួយអាជ្ញាធរនិងឈានទៅទទួលបានជោគជ័យមួយកម្រិត។
ទោះជាយ៉ាងនេះក៏ដោយក៏នៅមានកន្លែងមួយចំនួនបាក់ស្រុតបង្កការខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធ ផលដំណាំនិងលំនៅដា្ឋនរបស់ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងពោធិ៍សាត់និងតាមដងស្ទឹងអូរផ្សេងៗទៀតអស់ជាច្រើន ត្រូវទាមទាការស្តាឡើងវិញក្រោយពីទឹកសម្រក។
នៅព្រឹកថ្ងៃដដែលនោះប្រតិភូអន្តរក្រសួងបានអញ្ជើញចុះទៅសិក្សានិងវាយតម្លៃអំពីការខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធបណ្តាលមកពីគ្រោះជំនន់ទឹកនៅក្នុងក្រុងពោធិ៍សាត់និងស្រុកកណ្តៀងនោះផងដែរ៕