អាជ្ញាធរខេត្ត និង មន្ត្រីរាជការក្នុងខេត្តសៀមរាប ចូលរួមកាន់បិណ្ឌវេនទី២ នៅវត្តអារញ្ញសាគរ

សៀមរាប៖ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣នេះ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប និងលោកជំទាវ បានដឹកនាំមន្ត្រីក្នុងសាលាខេត្ត ចូលរួមកាន់បិណ្ឌជាមួយបងប្អូនប្រជាពុទ្ធបរិស័ទគឺវេនទី២ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តអារញ្ញសាគរ ដែលស្ថិតនៅក្នុងសង្កាត់សៀមរាប ក្រុង.ខេត្តសៀមរាប ។
គួររំឭកថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណី ដ៏ធំផ្សេងៗទៀតរបស់ខ្មែរ ដែលតាំងពីបូរាណកាលមករហូតដល់សម័យបច្ចុប្បន្ននេះ ប្រជាជនខ្មែរតែងប្រារព្ធពិធីបុណ្យនេះ មិនដែលអាក់ខានម្តងណាឡើយ លើកលែងតែក្នុង របបប៉ុលពតកាន់កាប់ប៉ុណ្ណោះ។ បន្ទាប់ពីការគោរពថ្វាយភួងផ្កា បូជាទៀនធូប ចំពោះព្រះពុទ្ធរូបព្រះសម្មាសាម្ពុទ្ធ និង នមសកាព្រះរតនត្រ័យ ទៅតាមគន្លងព្រះធម៌ព្រះសម្មាសាម្ពុទ្ធរួចមក លោក អភិបាលរងខេត្ត និង មន្ត្រី ព្រមទាំង បងប្អូនញាតិមិត្ត ពុទ្ធបរិស័ទបានធ្វើពិធីរាប់បាត្រ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្ត ចំពោះមាតាបិតា ជីដូនជីតា និង ញាតិកាលទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខហើយនោះ ព្រមទាំងឧទ្ទិសដល់ដួងវិញ្ញាណក្ខ័ន្តដល់កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារកសាង អភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា សូមឲ្យមកទទួលនូវផល្លានិសង្ឃ ដែលបានឧទ្ទិសជូនតាមរយៈព្រះសង្ឃ ដែលជាស្រែបុណ្យ ក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌនេះ និង សូមឲ្យអំណាចនៃអានិសង្ឃនេះជួយទ្រទ្រង់ឲ្យវិញ្ញាណក្ខន្ធអ្នកទាំងនោះ បានទៅកាន់ទីសោយសុខឋានបរមសុខកុំបីឃ្លៀងឃ្លាត ក្នុងឋានសុគតិភពកុំបីខានឡើយ។ ព្រះវិសារទោ ហ៊ាក់ គឹមហ៊ត់ ព្រះគ្រូចៅអធិការវត្តអារញ្ញសាគរបានមានសង្ឃដិការឱ្យដឹងថា តាមទំនៀម គេធ្វើពិធីបុណ្យភ្ជុំបិណ្ឌចំនួន១៥ ថ្ងៃ គឺចាប់ផ្តើមធ្វើតាំងពីថ្ងៃ១រោច ខែភទ្របទ ដល់ថ្ងៃ ១៥រោចខែភទ្របទ ពីថ្ងៃ ១រោចដល់១៤រោច គឺថ្ងៃកាន់បិណ្ឌ ឬថ្ងៃដាក់បិណ្ឌ ហើយថ្ងៃ១៥ រោច គឺថ្ងៃភ្ជុំបិណ្ឌ ព្រោះថ្ងៃនេះ អ្នកស្រុកតែងមកប្រជុំគ្នា ធ្វើនៅក្នុងវត្តគ្រប់ៗគ្នា ខណៈពីបុរាណកាល បុណ្យភ្ជុំបិណ្ឌ គឺមានរយៈពេល ៣ខែឯណោះ គឺស្របពេលនឹងរដូវចូលវស្សាដែរ ប៉ុន្តែក្រោយមក ដោយប្រជាជន ពុទ្ធបរិស័ទ ជាប់មមាញឹកនឹងកិច្ចការរកស៊ីចិញ្ចឹមជីវិតខ្លាំងពេក ទើបគេសម្រេច ធ្វើត្រឹម ១៥ ថ្ងៃនេះវិញ។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែង តែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃគង់នៅវត្តអារាម ដែលទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ ។
ព្រះវិសារទោ ហ៊ាក់ គឹមហ៊ត់ ព្រះគ្រូចៅអធិការវត្តអារញ្ញសាគរបានមានសង្ឃដិការឱ្យដឹងទៀតថា ពិធីបុណ្យភ្ជុំបិណ្ឌនេះ មានអត្ថន័យ៣យ៉ាង គឺ ៖ ទី១. ធ្វើឡើងដើម្បីឧទ្ទិសចំពោះមាតាបិតា ជីដូនជីតា ញាតិការទាំង៧សន្ដាន ដែលបានធ្វើមរណៈកាលទៅ ពិសេសដល់ពពួកប្រេតនរកទាំងឡាយ ទោះញាតិសន្ដានក្ដី ឬអ្នកដទៃក្ដី , ទី២. ធ្វើដើម្បីសន្សំកុសលផលបុណ្យ សុំសេចក្ដីសុខចម្រើន ដែលបានកើតពីផលទានខ្លួនឯង និង ទី៣. ធ្វើដើម្បីរួមចំណែកលើកស្ទួយសាសនា ជាតិរបស់ខ្លួន រួមចំណែកថែរក្សាប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ ពិសេស ដើម្បីបង្កើតនូវសាមគ្គីភាព សាមគ្គីធម៌ផងដែរ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *