កំពង់ឆ្នាំង៖ ក្រសួងបរិស្ថានបានសហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង ធ្វើយុទ្ធនាការផ្សព្វផ្សាយបរិស្ថានគ្មានថង់ប្លាស្ទិក ក្រោមប្រធានបទ« ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ » ប្រារពពិធីនៅថ្ងៃសៅរ៍ទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមទីតាំងចំនួន៨និងសាលារៀនចំនួន៣៩៦កន្លែង ដោយមានអ្នកចូលរួមជាង១២ម៉ឺននាក់ នៅទូទាំងខេត្ត ។
យុទ្ធនាការផ្សព្វផ្សាយបរិស្ថានគ្មានថង់ប្លាស្ទិក នៅខេត្តកំពង់ឆ្នាំងប្រារព្វធ្វើក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស និង ជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និង ជនបទ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកជំទាវ និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងប្រតិភូសមាជិករាជរដ្ឋាភិបាល អ្នកតំណាងរាស្រ្ត មន្រ្តីរាជការ សិស្សានុសិស្សនិងប្រជាពលរដ្ឋសរុបប្រមាន១២ម៉ឺននាក់ ។
មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងថា ដើម្បីចូលរួមថែរក្សាសំអាតបរិស្ថាន នៅខេត្តកំពង់ឆ្នាំង ទទួលបានការគាំទ្រពីក្រសួងបរិស្ថាន ដោយកន្លងមកនេះ បានទទួលមធ្យោបាយ និងសម្ភារៈសម្រាប់ការងារ គ្រប់គ្រងសំរាម សំណល់នៅទីប្រជុំជន ក្រសួងបរិស្ថានបានផ្តល់នូវ រថយន្តដឹកសំរាម ចំនួន ៥គ្រឿង ម៉ូតូកង់បីដឹកសំរាម សំណល់រឹងចំនួន២គ្រឿង និងឡដុតសំរាមចំនួន ១គ្រឿង។
នៅក្នុងខេត្តកំពង់ឆ្នាំង ក្នុងមួយថ្ងៃមានសំរាមកាកសំណល់ ទីប្រជុំជនប្រមាណ ៥៤តោន បានប្រមូលដឹកជញ្ជូនយកទៅទុកដាក់នៅទីលាន សំរាមបណ្ដោះអាសន្នប្រើប្រាស់បច្ចុប្បន្ន តាមបណ្តាស្រុកមានចំនួន ៥កន្លែងស្មើនឹងផ្ទៃដីទំហំ ៤០,៨១ ហិកតា ហើយក៏មានទីលានប្រកបដោយអនាម័យចំនួន១ ស្ថិតក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ មានផ្ទៃដី ១២ ហិកតា។
មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានបញ្ជាក់ថា «សំណល់ប្លាស្ទិក បានបង្កអោយមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ ពិភពលោក សង្គមជាតិ គ្រួសារ និងកូនចៅជំនាន់ក្រោយ ទាំងនេះដោយមូលហេតុថាក្នុង១ថ្ងៃ ប្រជាជនក្នុងពិភពលោកបានបង្កើតសំណល់សំរាម ក្នុងនោះសំរាមជាថង់ប្លាស្ទិក បានហូរចូលទៅក្នុងទន្លេ និង សមុទ្រ ធ្វើឱ្យហ្វូងមច្ឆាជាតិ និងពពួកសត្វដែលរស់នៅក្នុងសមុទ្រមានការបាត់បង់»។
ឯកឧត្តម បានបញ្ជាក់ថា ដើម្បីទទួលបានជោគជ័យក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ៖ រដ្ឋាភិបាល និងប្រជាពលរដ្ឋ ទូទាំងពិភពលោក ត្រូវរួមគ្នាប្តេជ្ញាចិត្តខ្ពស់ក្នុងចូលរួមការកាត់បន្ថយ និង ឈប់ប្រើប្រាស់ថង់ប្លាស្ទិក និង ប្រទេសនីមួយៗ ត្រូវមានគោលនយោបាយ និងយុទ្ធសាស្ត្រច្បាស់លាស់ និង រួមគ្នាប្តេជ្ញាចិត្តក្នុងចូលរួមកាត់បន្ថយ និងឈប់ប្រើប្រាស់ថង់ប្លាស្ទិក ចាប់ផ្តើមពីការចូលរួមចំណែករបស់ប្រជាពលរដ្ឋទាំងអស់គ្នាក្នុងការជួយពង្រឹង និង ជំរុញការផ្សព្វផ្សាយពីការកាត់បន្ថយ និងឈប់ប្រើប្រាស់ថង់ប្លាស្ទិក ។
មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និង ជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទបានបញ្ជាក់ថា «យុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិក» នាឱកាសនេះ បានឆ្លុះបញ្ចាំងពីឆន្ទៈរួមគ្នារបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នាជាមួយប្រជាជាតិលើសកលលោក ចូលរួមការពារ និងថែរក្សាអនាម័យបរិស្ថាន ឱ្យជៀសផុតពីភាពកខ្វក់ ដែលបណ្តាលមកពីសំណល់ប្លាស្ទិក ដើម្បីគាំពារសុខុមាលភាពប្រជាពលរដ្ឋ និង គុណភាពបរិស្ថានឱ្យល្អស្រស់បំព្រងជានិច្ចសម្រាប់មនុស្សជាតិបច្ចុប្បន្ន និងមនុស្សជំនាន់ក្រោយ»។
ឯកឧត្តម ក៏បានលើកទឹកចិត្តដល់អាជីវករ ឱ្យបញ្ឈប់ជាអចិន្រ្តៃយ៍នូវការផ្តល់ថង់ប្លាស្ទិកដោយមិនគិតថ្លៃដល់អតិថិជន ចូលរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ តាមរយៈការផលិតកន្រ្តក និងសម្ភារៈប្រើប្រាស់ដែលមិនប៉ះពាល់បរិស្ថាន ។
យុវជនដែលបានចូលរួមបានសំដែងនូវការសារទរ ចំពោះយុទ្ធនាការនេះ និង ប្តេជ្ញាចិត្ត បញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទីកចាប់ពីពេលនេះតទៅ និង បង្កើនការផ្សព្វផ្សាយតាមគ្រប់រូបភាព ដល់អ្នកដែលនៅជុំវិញខ្លួនអោយឈប់ប្រើប្រាស់ថង់ប្លាស្ទីក ចាប់ពីពេលនេះតទៅ៕