រដ្ឋបាលខេត្តកំពង់ឆ្នាំង សហការជាមួយមន្ទីរមុខងារសាធារណៈបើកកិច្ចប្រជុំ ស្តីពីការផ្សព្វ ផ្សាយអនុក្រឹត្រលេខ ៣០៩ អនក្រ.បក និង អនុក្រឹត្យលេខ២០ អនក្រ.បក របស់រាជរដ្ឋាភិបាល

កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង សហការជាមួយមន្ទីរមុខងារសាធារណៈនៅថ្ងៃទី២៩ខែកញ្ញា ឆ្នាំ២០២៣ នៅ សាលប្រជុំសាលាខេត្តកំពង់ឆ្នាំង បាន បើកកិច្ចប្រជុំ ផ្សព្វផ្សាយអនុក្រឹត្រលេខ ៣០៩ អនក្រ.បក និង អនុក្រឹត្យលេខ២០ អនក្រ.បក របស់រាជរដ្ឋាភិបាលស្ដីពីការគ្រប់គ្រង និង ចាត់ចែងសេវាបង្រៀនក្នុងគ្រឹះស្ថានបឋមសិក្សាសាធារណៈ និង អនុក្រឹត្យស្ដីពីការគ្រប់គ្រងនិងចាត់ចែងសេវាបង្រៀន តាមកម្មវិធីអប់រំក្រៅប្រព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ឈិន សេងងួន អភិបាល រងខេត្តកំពង់ឆ្នាំងតំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និង លោក ខេន ផល្លី ប្រធានមន្ទីរមុខងារ សាធារណៈខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអប់រំយុវជននិងកីឡាខេត្ត ក្រុង ស្រុក  និង គ្រូបង្រៀន។
មានប្រសាសន៍នៅក្នងឱកាសនោះ លោក ខេន ផល្លី បានគបញ្ជាក់អោយដឹងថាៈ កិច្ចប្រជុំផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោល បំណង រៀបចំការគ្រប់គ្រង  និង  ការចាត់ចែងសេវាបង្រៀនឱ្យមាននិរន្តរភាព និងមានប្រសិទ្ធភាពក្នុងគ្រឹះស្ថានបឋមសិក្សាសាធារណៈ និង រៀបចំការគ្រប់គ្រង និងការចាត់ចែងសេវាបង្រៀន តាមកម្មវិធីអប់រំក្រៅប្រព័ន្ធឲ្យមាននិរន្តរភាព  និងប្រសិទ្ធភាព  ស្របតាមគោលនយោបាយអប់រំក្រៅប្រព័ន្ធរបស់រាជរដ្ឋាភិបាល ។មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថាៈកិច្ចប្រជុំ ស្តីពីការផ្សព្វផ្សាយអនុក្រឹត្រលេខ ៣០៩ អនក្រ.បក និងអនុក្រឹត្យលេខ២០ អនក្រ.បក របស់រាជរដ្ឋាភិបាលដល់មន្រ្តីរាជការ គ្រូបង្រៀន និង មន្រ្តីអប់រំនាពេលនេះ ពិតជាមានសារៈសំខាន់ ដែលជួយបង្កើននូវចំណេះដឹង និង វិធីសាស្រ្តការគ្រប់គ្រង និងចាត់ចាត់សេវាបង្រៀនឲ្យមាននិរន្តរភាព និងមានប្រសិទ្ធភាពក្នុងគ្រឹះស្ថានបឋមសិក្សាសាធារណៈ ។
ឯកឧត្តម ឈិន សេងងួន  ក៏បានជម្រុញដល់គណៈគ្រប់គ្រងកម្មវិធីអប់រំក្រៅប្រព័ន្ធដូចជា កម្មវិធីអក្ខរកម្មវិជ្ជាជីវៈ កម្មវិធីចូលរៀនឡើងវិញ កម្មវិធី សមមូលបឋមសិក្សា នៅតាមមូលដ្ឋានឃុំ សង្កាត់ គ្រឹះស្ថាន សិក្សា មជ្ឈមណ្ឌលសិក្សា សហគមន៍ ត្រូវពិនិត្យគ្រប់គ្រង និង ចាត់ចែងសេវាបង្រៀនឱ្យមានប្រសិទ្ធភាពអនុលោមសេចក្ដីណែនាំរបស់ក្រសួងអប់រំយុវជន និង កីឡា ដើម្បីចូលរួមលើកកម្ពស់គុណភាពសិក្សាអោយកាន់តែប្រសើរឡើងនៅគ្រប់មូលដ្ឋានទាំងអស់នៅក្នុងខេត្តកំពង់ឆ្នាំង៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *