ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ មានប្រសាសន៍លើកឡើងក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែកញ្ញាឆ្នាំ២០២៣នៅសាលប្រជុំសាលាខេត្ត សូមឱ្យរដ្ឋបាលស្រុក ក្រុង មន្ទីរ អង្គភាពនិងវិស័យឯកជនចូលរួមគាំទ្រទាំងសម្ភារៈ ថវិកា ជាមួយរដ្ឋបាលខេត្ត ដើម្បីរៀបចំពិធីបុណ្យអុំទូកទាំងថ្នាក់ខេត្តនិងថ្នាក់ជាតិជាពិសេសរៀបចំប្រតិភូចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធជួរមុខឱ្យបានមុនបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរនាពេលខាងមុខនេះ។
ឯកឧត្តមបានមានបនរសាសន៍ថា រដ្ឋបាលខេត្តបានរៀបចំពិធីប្រណាំងទូក(ង)ក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបនិងព្រះខែ អកអំបុកសម្រាប់ថ្នាក់ខេត្តនៅថ្ងៃទី៤-៥ ខែវិច្ឆិកា២០២៣ខាងមុខនេះ។
ក្រៅពីប្រកួតនៅថ្នាក់ខេត្ត រដ្ឋបាលខេត្តនឹងបន្តបញ្ជូនទូក(ង)ចំនួន២សម្រាប់ទៅចូលរួមថ្នាក់ជាតិនៅចុងខែវិច្ឆិកាឆ្នាំ ២០២៣ហើយទូក(ង)ចំនួន២ទៀតទៅចូលរួមប្រកួតនៅខេត្តបាត់ដំបងឆាប់ៗនេះ ដើម្បីឱ្យដំណើរការនៃការប្រកួតកីឡាអុំទូកទាំងថ្នាក់ខេត្តនិងថ្នាក់ជាតិឱ្យទទួលបានជោគជ័យសម្រាប់ខេត្តយើងនោះសូមឱ្យគ្រប់ មន្ទីរ អង្គភាព រដ្ឋបាលស្រុក ក្រុងនិងវិស័យឯកជនសហការចូលរួមគាំទ្រឧបត្ថម្ភទាំងសម្ភារៈ ថវិកា ជាការរួមចំណែកបង្កើតកម្មវិធីកម្សាន្តសប្បាយរីករាយនិងលើកកម្ពស់ទំនៀមទម្លាប់ប្រពៃណីដូនតារបស់ខ្មែរា។
ជាមួយគ្នានេះផងដែរសូមឱ្យមន្ទីរ អង្គភាព ស្រុក ក្រុង វត្តអារាមនានា ដែលមានទូក(ង)ត្រូវបណ្តុះបណ្តាលហ្វឹកហាត់ ជូនដល់កីឡាករ កីឡាការនីរបស់ខេត្តយើងដើម្បីទទួលបានជំនាញបច្ចេកទេសពិតប្រាកដ សម្រាប់ចូលរួមប្រកួតទាំងថ្នាក់ខេត្តនិងថ្នាក់ជាតិ។
ក្រៅពីនោះត្រូវតុបតែងលម្អភ្លើង សម្អាតបរិស្ថានទាំងក្នុងទីប្រជុំជន ផ្លូវសាធារណ មន្ទីរ អង្គភាពនិងស្រុកក្រុងចាប់ពីពេលនេះទៅឱ្យបានព្រមៗគ្នា ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពខេត្ត ឯកឧត្តម បានថ្លែងថា គ្រប់កងឯកភាពស្រុក ក្រុង និងមន្ទីរអង្គភាពដែលពាក់ពន្ធ័ជួបបញ្ហាប្រឈមផ្សេងៗដោះស្រាយមិនចេញត្រូវលើកនៅក្នុងកិច្ចប្រជុំថ្ងៃនេះដើម្បីរួមគ្នាធ្វើ រួមគ្នាគិតនិងរួមគ្នាដោះស្រាយអោយបានរាល់បញ្ហាប្រឈមទាំងអស់ទើបសម្រេចបានជោគជ័យ។
ចំពោះគោលដៅដែលត្រូវអនុវត្តបន្ត គឺត្រូវយកចិត្តទុកដាក់ក្នុងការរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យជាតិ អន្តរជាតិនិងបុណ្យប្រពៃណីផ្សេងៗឱ្យបានល្អ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
នៅក្នុងកិច្ចប្រជុំនោះឯកឧត្តម អភិបាលខេត្តពោធិ៍សាត់បានផ្តល់នូវអនុសាសន៍ដល់គ្រប់កងឯកភាពសម្រាប់យកទៅអនុវត្តមានចំនួន៩ចំណុចគឺ ១ -បន្តពង្រឹង កិច្ចសហប្រតិបត្តិការតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ ដោយធ្វើយ៉ាងណាឱ្យប្រជាជនប្រទេសទាំង២ចេញ ចូលច្រកព្រំដែន ២ -ដោះស្រាយនូវរាល់បញ្ហាដែលកើតមាននៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា មានប្រសិទ្ធិភាពនិងឈ្នះ ឈ្នះទាំងអស់គ្នា ៣- យកចិត្តទុកដាក់លើការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន គឺជាអាទិភាពល្អបំផុតសម្រាប់យើងជាមន្ត្រីថ្នាក់ ក្រោមជាតិ ៤ – បន្តផ្សព្វផ្សាយដល់មហាជន ប្រជាជនក្នុងការរួមចំណែកសោភ័ណ្ឌភាពអនាម័យបរិស្ថានគ្រប់ទីកន្លែង ៥- រៀបចំសួនច្បារមានឈ្មោះថា សួនច្បារមរកតតេជោសម្រាប់ដាក់តាំងបង្ហាញ ៦-បង្កើនការយកចិត្តទុកដាក់អំពីបញ្ហាចរាចរណ៍ គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ៧-បង្កាទប់ស្កាត់បទល្មើសធនធានធម្មជាតិ ទាំងព្រៃឈើ ជលផល ៨-ត្រូវឈប់ជាបន្ទាន់ពាក់ព័ន្ធទៅនឹងការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋានលើក្បាលដី ៩-បន្តអនុវត្តដូចភ្លៀងរលឹមអំពីគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព។
សូមបញ្ជាក់ថា កិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពខេត្តប្រចាំខែកញ្ញា ឆ្នាំ២០២៣បានដាក់ចេញរបៀបវារៈ ១-ផ្សព្វផ្សាយ ផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ . ២- សេចក្តីរាយការណ៍សំខាន់ៗពាក់ព័ន្ធការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក គ្រៀងញៀន និងសភាពការណ៍សន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ .៣ – សេចក្តីរាយការណ៍អំពីបញ្ហាប្រឈមមួយចំនួនរបស់រដ្ឋបាលស្រុក ក្រុងនិង មន្ទីរ អង្គភាព។
កិច្ចប្រជុំនេះបានធ្វើនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ខេត្តពោធិ៍សាត់។