កំពង់ឆ្នាំង៖ មន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងនីតិសម្បទាខេត្តកំពង់ឆ្នាំងមានបើកវគ្គបណ្តុះបណ្តាលស្តីពី ការកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គមនិងសិទ្ធជាមូលដ្ធាន ដោយបានធ្វើឡើងនៅមន្ទីរសង្គមកិច្ចក្រោមវត្តមានរបស់លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្តកំពង់ឆ្នាំង និងមានការចូលរួម លោក លោកស្រី ជាអភិបាល ឬអភិបាលរង ប្រធានឬអនុប្រធានការិយាល័យសង្គមកិច្ច និង សុខុមាលភាពសង្គមក្រុងស្រុក ព្រមទាំងមន្ត្រីកាន់កម្មវិធី ឃុំ សង្កាត់ នៅថ្ងៃទី២៧ ខែកញ្ញា២០២៣។
មានប្រសាសន៍នៅក្នុងឱកាសនោះ លោក ឈាង ចន្ធី បានបញ្ជាក់ថា ការបើកវគ្គ បណ្តុះបណ្តាលដែលត្រូវបានធ្វើឡើងនៅពេលនេះគឺមានគោលបំណង អភិវឌ្ឍសមត្ថភាពយល់ដឹងបន្ថែមទៀតលើនីតិវិធីនៃការអនុវត្ត របស់កម្មវិធីកំណត់ អត្តសញ្ញាណកម្មពិការភាព តាមគម្រូសង្គម និងសិទ្ធិជាមូលដ្ឋាន ដល់រដ្ឋបាលឃុំ សង្កាត់ ដែលជាតួអង្គប្រតិបត្តិករ ផ្ទាល់ និងដល់រដ្ឋបាលក្រុងស្រុកទាំង៨ ដែលជាតួអង្គក្នុងការសម្របសម្រួល។
លោកប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងនីតិសម្បទាខេត្តកំពង់ឆ្នាំងបានលើកឡើងបន្តទៀតថា កម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាព តាមគម្រូសង្គម និងសិទ្ធិជាមូលដ្ឋាន ជាកម្មវិធីដែលផ្ដោតសំខាន់ ទៅលើការគ្រប់គ្រងទិន្នន័យអត្តសញ្ញាណកម្មរបស់ជនមានពិការភាព សម្រាប់ជាមូលដ្ឋានក្នុងការកំណត់ក្រុមគោលដៅជនមានពិការភាព ក្នុងការលើកកម្ពស់ជីវភាព ការទទួលបានសេវាសង្គម ការអភិវឌ្ឍដល់ជនមានពិការភាព និង ការប្រើប្រាស់ជាទិន្នន័យសម្រាប់កំណត់ក្រុមគោលដៅរបស់កម្មវិធីជំនួយសង្គម និងរបបសន្តិសុខសង្គម ក្នុងប្រព័ន្ធ គាំពារសង្គមលើសពីនេះទៅទៀត កម្មវិធីនេះក៏ជាមូលដ្ឋានគ្រឹះក្នុងការផ្តល់បណ្ណសម្គាល់ ជនមានពិការភាព ដើម្បី បង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាពក្នុងការទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធគាំពារសង្គម និងសេវាសង្គម ផ្សេងៗទៀត ប្រកបដោយសមធម៌ និងបរិយាបន្ន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងនីតិសម្បទាខេត្តកំពង់ឆ្នាំងបានផ្តោតលើក្តីសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំ ថាវគ្គបណ្តុះបណ្តាលក្នុងថ្ងៃនេះ នឹងជួយបង្កើននូវសមត្ថភាពចំណេះដឹង និងជំនាញយ៉ាងជាក់លាក់ ដើម្បីធ្វើឱ្យការអនុវត្តកម្មវិធីមានតម្លាភាព គណនេយ្យភាព សុចរិតភាព និងប្រសិទ្ធភាពខ្ពស់៕