ពោធិសាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ទុកពេលមួយសប្តាហ៍ឱ្យមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋានបើកផ្លូវទឹកដើម្បីបញ្ជៀសការលិចលង់លំនៅឋាន និងផលដំណាំស្របទៅតាមសំណូមពរ របស់ប្រជាពលរដ្ឋភូមិតាលោ ឃុំ តាលោ ស្រុកតាលោសែនជ័យ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។
ឯកឧត្តម ខូយ រីដា បានដាក់ផែនការបែបនេះនៅពេលអញ្ជើញចុះទៅពិនិត្យស្ថានភាពជាក់ស្តែងដោយមានការចូលរួមមន្ត្រីមន្ទីរធនធានទឹកឧតុនិយមខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត រដ្ឋបាលស្រុកតាលោសែនជ័យនិងអាជ្ញាធរឃុំ បន្ទាប់ពីមានសំណូមពរ របស់ប្រជាពលរដ្ឋជិត៣០គ្រួសារ នៅក្នុងភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យពាក់ព័ន្ធទៅនឹងការលិចលង់លំនៅឋាននិងផ្ទៃដីកសិកម្មប្រមាណ៥០ហិកតាមិនអាចបង្កបង្កើនផលអស់រយៈពេលជាង ៣ ឆ្នាំដោយសារការស្ថាបនាប្រឡាយស្ទាក់ផ្លូវទឹក។
ឯកឧត្តម មានប្រសាសន៍ថាដោយពិនិត្យស្ថានភាពជាក់ស្តែងឃើញថាផ្លូវទឹកតូចទើបធ្វើឱ្យមានលិចលង់លំនៅឋាននិងដីស្រែចំការរបស់ប្រជាពលរដ្ឋហេតុនេះក្នុងនាមរដ្ឋបាលខេត្តសូមឱ្យមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត រួមជាមួយអាជ្ញាធរ ស្រុក ឃុំ ប្រើប្រាស់គ្រប់មធ្យោបាយដោយធ្វើយ៉ាងបើកផ្លូវទឹកឱ្យបានជ្រៅនិងធំទូលាយ ដើម្បីបញ្ជៀសនូវរាល់ការ លិច លង់ ដោយទុកពេលមួយសប្តាហ៍ឱ្យបានរួចរាល់ជាស្ថាពរ។
ជាការពិតណាស់ថា កាលណារដ្ឋបាលថ្នាក់ខេត្ត ស្រុក ឃុំដោះស្រាយទៅតាមសំណូមពរបានទាន់ពេលវេលានោះប្រជាពលរដ្ឋពិតជាសប្បាយចិត្តចំពោះចំណាត់ការដ៏មានប្រសិទ្ធិភាពនិងភាពឈ្លៀសវៃរបស់អាជ្ញាធរ តែបើមិនដូចនោះទេពួកគាត់មិនសប្បាយចិត្តនោះឡើយ។
ចំពោះប្រឡាយមួយខ្សែដែលប្រជាពលរដ្ឋអះអាងថា បានស្ទាក់ផ្លូវទឹកនោះ សូមឱ្យ មន្ទីរជំនាញធ្វើការសិក្សាឡើងវិញកុំឱ្យមានបញ្ហាកើតឡើងទៅថ្ងៃខាងមុខទៀត ត្រូវធ្វើឱ្យចប់និងទទួលបានលទ្ធផលទាំងអស់គ្នា។
តាមរយៈនេះឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលមានការប៉ះពាល់ដីរបស់ខ្លួនមេត្តាចូលរួមសហការបរិច្ចាគដើម្បីឱ្យក្រុមការងារអនុវត្តទៅកាន់ឆាប់រហ័សនិងទាន់ពេលវេលា។
ឯកឧត្តម សង្ឃឹមនិងមានទំនុកចិត្តចំពោះមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត រដ្ឋបាលស្រុកតាលោសែនជ័យ អាជ្ញាធរ ឃុំនិងបងប្អូនប្រជាពលរដ្ឋពិតជាចូលរួមសហការក្នុងការបើកផ្លូវទឹក ក្នុងគោល បំណងបម្រើផលប្រយោជន៍រួមទាំងអស់គ្នា។
ប្រជាពលរដ្ឋដែលរងការលិចលង់ដោយ សារស្ទះផ្លូវទឹកបានសាទរចំពោះចំណាត់ការរបស់ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ដែលបានចុះមកដោះស្រាយបើកផ្លូវទឹកនេះឡើងវិញបន្ទាប់ពីជួបការលំបាកអស់រយៈពេល៣ឆ្នាំ ដោយសារការលិចលង់មិនអាចបង្កបង្កើនផលបាននោះឡើយ៕