អភិបាលខេត្តសៀមរាបស្នើឲ្យ មន្ត្រីរាជការ គ្រូបង្រៀន អាជីវករ បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមរៀបចំទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ និងល្អប្រសើរ ដើម្បីឲ្យខេត្តរបស់យើងស្អាត ទីសាធារណៈមានសោភណ្ឌភាពល្អ

សៀមរាប៖ ការលើកឡើងបែបនេះនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងពិធីសម្អាតបរិស្ថាន ក្នុងក្រុងសៀមរាប ដើម្បីអបអរសាទរទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង” ដោយមានការចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង កងកម្លាំងប្រដាប់អាវុធ សង្កាត់ទាំង១២ ក្រុមហ៊ុនឯកជន លោកគ្រូ អ្នកគ្រូ ប្អូនៗសិស្សានុសិស្ស សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងបងប្អូនប្រជាពលរដ្ឋ ប្រមាណជាង ១៧,១២៦នាក់ ទូទាំងក្រុងសៀមរាប ។

ឯកឧត្តមមានប្រសាសន៍ថាការរៀបចំយុទ្ធនាការសម្អាតបរិស្ថានក្រុងនាថ្ងៃនេះ គឺធ្វើឡើងក្នុងគោលបំណងបំផុសចលនាប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ សិស្ស និស្សិតគ្រប់រូបឱ្យចូលរួមធ្វើអនាម័យ កែលម្អសោភណ្ឌភាពទីក្រុង ទីប្រជុំជន ជនបទ ភូមិដ្ឋាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស និងទីផ្សារ ដូចនេះ ដើម្បីធានាបាននូវគុណភាពបរិស្ថាន សោភណ្ឌភាពទីប្រជុំជន សុខុមាលភាពសាធារណៈ ចាំបាច់ត្រូវយកចិត្តទុកដាក់លើកកម្ពស់ការគ្រប់គ្រងសំណល់ ដោយត្រូវចេះវេចខ្ចប់ និងញែកសំណល់សំរាមគ្រប់ប្រភេទដូចជា សំណល់អាចកែច្នៃបាន សំណល់សរីរាង្គ សំណល់ផ្ទុកសារធាតុគ្រោះថ្នាក់ និងសំណល់ផ្សេងៗ ដើម្បីប្រែក្លាយសំណល់មួយចំនួនឱ្យមានតម្លៃសេដ្ឋកិច្ច និងកាត់បន្ថយបរិមាណសំណល់នៅតាមទីសាធារណៈ ។

ឯកឧត្តមបន្តថា ខ្ញុំសូមឆ្លុះបញ្ចាំងពីកិច្ចសហការគ្នា និង ការយល់ដឹងដូចគ្នា សំដៅលើកកម្ពស់ការគ្រប់គ្រងសំរាម សំណល់រឹងនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយនិរន្តរភាព ដែលយើងត្រូវអនុវត្តជាប្រចាំ ដើម្បីខេត្តយើងទាំងអស់គ្នា ក្រោមទិសស្លោក “សៀមរាបផ្ទះខ្ញុំ” ។ ការបេ្តជ្ញាចិត្តខ្ពស់ក្នុងការគ្រប់គ្រងសំរាម សំណល់រឹង ដែលជាកត្តាលីករដ៏សំខាន់មួយ ដែលចូលរួមក្នុងការលើកកម្ពស់សុខភាពមនុស្សនាពេលបច្ចុប្បន្ន និងសម្រាប់កូនចៅជំនាន់ក្រោយ។ ដូច្នេះ ខ្ញុំសូមឱ្យស្មារតី នៃប្រារព្ធទិវាអូហ្សូនបរិស្ថានអន្តរជាតិ និងទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ នេះ ក្លាយជាកម្លាំងចលករដ៏មុតស្រួច និងជាត្រីវិស័យមួយ ដើម្បីនាំផ្លូវយើងទាំងអស់គ្នាឈានទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *