កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង សំដែងនូវការអបអរសាទរជាមួយ បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិកន្សែង និងភូមិពពេល ឃុំខុនរ៉ង ស្រុកបរិបូណ៍ ដែលទទួលបាននូវ វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ប្រើប្រា ប្រកបដោយ សុវត្ថិភាព និងមានទំនុកចិត្តបន្ថែមទៀតលើកម្មសិទ្ធរបស់ខ្លួន។
ឯកឧត្តមបានសម្តែងអបរសាទរក្នុងឱកាស ដែលឯកឧត្តមអញ្ជើញជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុចំនួន ១៣៩៤ប័ណ្ណ ជូនប្រជាពលរដ្ឋ ក្នុងភូមិកន្សែង និងភូមិពពេល ឃុំខុនរ៉ង ស្រុកបរិបូណ៍ ខេត្តកំពង់់ឆ្នាំងនៅបរិវេណវត្តល្បើក ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោក លី សុភា ប្រធាមមន្ទីររៀបចំដែនដីនគរូបណីយកម្ម និងសំណង់ខេត្ត លោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៍ រួមនិងអាជ្ញាធរមូលដ្ធាននិងបងប្អូនប្រជាពលរដ្ឋទាំង២ភូមិបានចូលរួម នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍បន្តទៀតថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃ រដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធ សាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បី កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបន្តផ្តោតជាសំខាន់លើ “ប្រសិទ្ធភាព សមិទ្ធកម្ម” បន្ថែមពីនេះរាជរដ្ឋាភិបាលបានឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស និងផ្នែកច្បាប់ក្នុងដំណើរការចុះបញ្ជីដីធ្លី ឱ្យមានភាពកាន់តែល្អប្រសើរឡើងបន្ថែមទៀត សម្រាប់ការផ្តល់ប័ណ្ណកម្មសិទ្ធិជូនដល់បងប្អូនប្រជា ពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ដីទាំងឡាយ ដែលបានបំពេញគ្រប់ លក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេសស្របតាមច្បាប់ និង បទដ្ឋានគតិយុត្តជាធរមាន។
ឯកឧត្តមអភិបាលខេត្តបន្ថែមថាមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត រួមជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ គឺដើរតួនាទីយ៉ាងសំខាន់ ក្នុងការចេញ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង) ដល់បងប្អូនប្រជា ពលរដ្ឋ ដូច្នេះគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ ក្នុងការផ្តល់សេវា និងសម្រួលដល់បងប្អូនប្រជាពលរដ្ឋឱ្យឆាប់ទទួល បានវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុ បានទាន់ពេលវេលា ក្នុងគ្រានោះដែរ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ជូន បងប្អូន ប្រជាពលរដ្ឋ ជ្រាបថា ការវាស់វែងដីធ្លី និងចែកប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋគឺដើម្បីអោយបងប្អូនយកទៅ បង្កបង្កើនផល សម្រាប់ទ្រទ្រង់ ជីវភាពគ្រួសារ និងប្រើប្រាស់តាមសេចក្តីត្រូវការរបស់បងប្អូន។
តាមរបាយការណ៍បញ្ជាក់របស់ លោក លី សុភា ប្រធានមន្ទីរសូរិយោដីខេត្តបានអោយដឹងថាតាំងពីចាប់ផ្តើមរហូតពេលនេះអនុវត្តបានចំនួន២៤៥ភូមិ លើ ៥៦៩ ភូមិ ស្មើ៣៥ឃុំ លើ៧១ឃុំ សង្កាត់ក្នងខេត្ត ដោយឡែកសម្រាប់ការចែកបណ្ណ ជូនបងប្អូនទាំង២ភូមិនាពេលនេះមានចំនួន១៣៩៤ប័ណ្ណ ស្មើនិង៤៤៥គ្រួសារ ក្នងនោះភូមិកន្សែង ចំនួន ៥៧៥ ក្បាលដីស្មើនឹង ២២១ គ្រួសារ (ម្ចាស់មិនចូលរួម ១៣ ក្បាលដី)និងភូមិពពេល ចំនួន ៨១៩ ក្បាលដីស្មើនឹង ២២៧ គ្រួសារ (ម្ចាស់មិនចូលរួម ៣ ក្បាលដី) ៕