អត្ថបទ៖ ជា ស្រស់
សៀមរាប៖ ក្រុមអ្នកចូលចិត្តលេងកីឡាវាយសី ចម្រុះជាតិសាសន៍ បានរួមគា្នបង្កើតព្រឹត្តិការណ៍ប្រកួតមិត្តភាពមួយ ក្នុងគោលបំណងបំផុសការលេងកីឡា ដើម្បីសុខភាព ។
កញ្ញា សៀង សុគន្ធារ័ត្ន ម្ចាស់ក្លិបកីឡាវាយសី យូនីគ និងជាតំណាងអ្នករៀបចំការប្រកួតកីឡាវាយសី មិត្តភាពឆ្នាំ២០២៣ បានឲ្យដឹងថា ការប្រកួតកីឡានេះ បានធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៣ និង២៤ខែកញ្ញា ឆ្នាំ២០២៣នេះ ដោយមានកីឡាករជាជនជាតិខ្មែរ វៀតណាម ចិន ជាដើមបានមកចូលរួមប្រកួត។ កញ្ញាបន្តថា ការប្រកួតនេះ ធ្វើឡើងក្នុងគោលបំណងធំ គឺចង់បំផុសការលេងកីឡាឲ្យបានគ្រប់គ្នា ព្រោះថាកីឡា បាននាំមកនូវសុខភាព និងមិត្តភាពល្អ និងភាពសប្បាយរីករាយ។
កញ្ញា សុគន្ធារ័ត្ន ក៏បានបន្ថែមដែរថា កន្លងមកក្លឹបធ្លាប់បានរៀបចំការប្រកួតទ្រង់ទ្រាយធំប្រចាំឆ្នាំបាន២ដង និងការប្រកួតជាលក្ខណៈមិត្តភាពនេះបានជាច្រើនដងរួចមកហើយដែរ ដែលការរៀបចំញឹកញាប់បែបនេះ ក៏ជាផ្នែកមួយជំរុញដល់ការលេងកីឡា ហើយជួយជំរុញដល់ផ្សព្វផ្សាយកញ្ចប់ផលិតផលទេសចរណ៍មួយរបស់ខេត្តសៀមរាបផងដែរ ព្រោះថាក្រៅពីមកកម្សាន្តសប្បាយនៅតាមប្រាសាទ អ្នកទេសចរក៏អាចលេងកីឡាបានថែមទៀតផង។
ចំណែកលោក នូ ប៊ុនរិទ្ធ ដែលជាអ្នកស្រលាញ់កីឡាវាយសីមួយរូប ក៏បានលើឡើងផងដែរថា ការលេងកីឡាជាប្រចាំបាននាំមកនូវសុខភាពល្អ រាងកាយមាំមួនចាកឆ្ងាយពីជំងឺ។ លោកប៊ុនរិទ្ធ តាមរយៈការប្រកួតតូចៗជាលក្ខណៈក្រុមគ្រួសារ មិត្តភក្តិ បងប្អូននេះ ជាកម្លាំងជំរុញមួយដល់ពលរដ្ឋកម្ពុជា ជាពិសេសយុវជនកម្ពុជា នឹងចាប់យកការលេងកីឡាយ៉ាងតិចមួយមុខ មិនថាកីឡាបាល់ទះ បាល់ទាត់ ឬវាយសីនោះទេ ព្រោះគ្រប់ប្រភេទកីឡាសុទ្ធតែនាំមកនូវមិត្តភាព សាមគ្គីភាព សុខភាព និងភាពសប្បាយរីករាយ។
សូមជម្រាបថា ខេត្តសៀមរាប មានក្លឹបវាយសីធំៗចំនួន២ ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងជំរុញប្រភេទកីឡាមួយនេះ ដោយបានអភិវឌ្ឍន៍សមត្ថភាពកីឡាករមួយចំនួនក្លាយជាកីឡាករជម្រើសជាតិ និងបានទទួលមេដាយមាសនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះថែមទៀត៕