វត្តភ្នំព្រះធាតុមានអាយុកាលច្រើនសតវត្ស ជាទីតាំងផ្សព្វផ្សាយព្រះពុទ្ឋសាសនាមុនគេបង្អស់ នៅជ្រោយឥណ្ឌូចិន បានក្លាយជាតំបន់ទេសចរណ៍ សម្រាប់ភ្ញៀវក្នុងថ្ងៃបុណ្យទាននិងថ្ងៃឈប់សម្រាបនាពេលបច្ចុប្បន្ន

កំពង់ឆ្នាំង៖ វត្តភ្នំព្រះធាតុគឺជាវត្តមួយត្រូវបានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានដាក់បញ្ចូលជាតំបន់ទេសចរណ៍ ប្រវត្តិសាស្ត្រ ដោយសារទីតាំង ភូមិសាស្ត្រភ្នំព្រះធាតុបានជាប់ពាក់ព័ន្ឋ និងការកកើតវិស័យព្រះពុទ្ឋ សាសនាមុនគេ នៅជ្រោយឥណ្ឌូចិន តែយ៉ាងនេះក្តី ភ្ញៀវទេសចរណ៍ទៅលេងកំសាន្ត ច្រើនតែនៅថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យទានផ្សេងៗ ប៉ុណ្ណោះ ក្រៅពីថ្ងៃនោះ ហាក់មានសភាពស្ងាត់ជ្រងំ ព្រោះតែទីតាំងភូមិសាស្ត្រវត្តមួយនេះ នៅឆ្ងាយដាច់ស្រយ៉ាល។

នៅថ្ងៃទី២៣កញ្ញា២០២៣នេះលោកតា  ប៉េង វ៉ែន និងលោកតា អៀម  ព្រឿន  ជាគណៈកម្មការវត្តភ្នំព្រះធាតុ បានអោយ ដឹងថា៖  វត្តភ្នំព្រះធាតុស្ថិតនៅក្នុងភូមិច្រកកូវ  ឃុំពាម  ស្រុកសាមគ្គីមានជ័យ វត្តនេះ គឺជាវត្តមួយដែលនៅដាច់ស្រយាលពីគេឯង មានចម្ងាយប្រមាណជាង ៣៥ គីឡូម៉ែត្រពីផ្លូវជាតិលេខ ៥  ត្រង់ចំណុចផ្លូវបំបែកផ្សារត្រាច ស្រុកកំពង់ត្រឡាច។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វត្តមានការរីកចម្រើន គួរកត់សំគាល់ មានការសាងសង់ ជាច្រើន ។

កត្តាដែលធ្វើឱ្យមានការសាងសង់ សមិទ្ឋផលក្នុងវត្តជាច្រើនបែបនេះ ដោយសារតែ បងប្អូនពុទ្ឋបរិស័ទមានជំនឿថា៖ លើវត្តមានបារមីសក្តិសិទ្ឋ  គឺនៅចំណុចថ្មដ៏ធំៗលើភ្នំ ដែលគេមើលពីខាងណាមកក៏ឃើញដែរហើយអ្នកដែលមកបន់ស្រន់នៅទីនេះ ភាគច្រើនបានសម្រេចដូចបំណង ម្លោះហើយ អ្នកទាំងនោះ បានមកលាបំណន់ ដោយខ្លះចូល ជាដែក, ជាស៊ីម៉ងត៍ ម្នាក់១តោន ២តោន និងខ្លះជាបច្ច័យកសាង  ទើបធ្វើឲ្យវត្តនេះ មានការរីកចម្រើនរហូតដល់សព្វថ្ងៃ  ។

ក្នុងនាមគណៈកម្មាធិការវត្ត សូមអំពាវនាវដល់ពុទ្ធបរិស័ទ ជិតឆ្ងាយនិងភ្ញៀវទេសចរណ័ជាតិទាំងអស់អញ្ជើញមកទស្សនាកម្សាន្ត និងធ្វើការបែបបន់ នៅវត្តនេះ  ដើម្បីបានលំហែកំសាន្តផង និងបន់ស្រន់ផង ក៍ដូចជារួមចំណែកកសាងវត្តនេះបន្ថែមទៀត។

លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានបញ្ជាក់ ថាមិនមានឯកសារណាដែលបញ្ជាក់ពីប្រវត្តិនៃវត្តភ្នំព្រះធាតុនេះទេ  ប៉ុន្តែគ្រាន់តែមានការនិទានតៗគ្នាមកថា៖ ទីតាំងវត្តភ្នំព្រះធាតុបានកកើតតាំងពីសម័យបុរាណកាលមកម្លេះ  ព្រោះនៅលើភ្នំនេះមានបន្សល់ទុក្ខគ្រឹះប្រាសាទបុរាណមួយ ដែលអាចបញ្ជាក់បានថាគ្រឹះប្រាសាទបុរាណ បានកកើតមុនសម័យអង្គរ ៤ទៅ៥រយ ឆ្នាំមុន គឺក្នុងសម័យនគរគោកធ្លក ដែលមិនទាន់មានការគោរពបូជា ព្រះពុទ្ធសាសនានោះទេ។

កាលសម័យនោះមាន ព្រះបាទកោណ្ឌញ និងព្រះនាង លីវយី បានគ្រប់គ្រងផែនដី ព្រះអង្គបានចាត់ឱ្យភិក្ខុ ២អង្គ គឺព្រះនាម សោទរៈថេរ និង អុតរៈថេរ យាងមកពីប្រទេសឥណ្ឌា ដើម្បីមកផ្សព្វផ្សាយ សាសនាព្រះពុទ្ធមុនគេបង្អស់នៅជ្រោយឥណ្ឌូចិន  ។

ហើយកាលនោះភិក្ខុទាំង២អង្គបានយាងតាមសំពៅមកចាប់ទីស្នាក់នៅដើម្បីផ្សព្វផ្សាយធម៌សាសនាព្រះពុទ្ធមុនគេគឺនៅលើភ្នំព្រះធាតុនេះ កាលសម័យនោះ ស្រុកយើងមិនសូវមានផ្ទៃដីប៉ុន្មានទេមួយភាគធំគឺសុទ្ធសឹងដោយផ្ទៃទឹក ទើបនៅលើភ្នំនេះមានបន្សល់ស្លាកស្លាមខ្លះៗដូចជា ឈ្មោះភ្នំគោកសំពៅ ដានជើងតាព្រេង ល្អាងអុកគូទនិងហាត់ចំបាប់ជាដើម ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *