កំពង់ឆ្នាំង៖ លោក ឈួន ចាន់ណា អភិបាល នៃគណៈអភិបាលស្រុកសាមគ្គីបានចូលរួមនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីសមិទ្ធផលនានា និងផែនការអភិវឌ្ឍន៍បន្ត នៅវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនសាមគ្គីមានជ័យ ក្នុងកិច្ចប្រជុំនេះ មានការនិមន្ត និងអញ្ជើញចូលរួមពីព្រះគ្រូចៅអធិការ៦វត្ត លោកអភិបាលស្រុក លោកប្រធាការិយាល័យ អ.យ.ក ស្រុក លោក លោកស្រី មេឃុំ មេភូមិ ក្នុងឃុំទាំង៣ មានឃុំធ្លកវៀន ឃុំក្រាំងល្វា និងឃុំខ្នាឆ្មារ លោកនាយប៉ុស្តិ៍នគរបាលទាំង៣ឃុំខាងលើ គណៈកម្មការគ្រប់គ្រងសាលា លោកនាយក នាយករង លោកគ្រូ អ្នកគ្រូបានចូលរួម នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣។
លោកអភិបាលស្រុក បានលើកឡើងថាដោយប្រទេសកម្ពុជាមានសុខសន្តិភាពដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីបានដាក់ចេញនូវ យុទ្ធសាស្ត្រចតុកោណ ហើយមកដល់បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាថ្មីនីតិកាលទី៧ ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដែលក្នុងនោះវិស័យអប់រំនៅតែជាវិស័យអាទិភាព ក្នុងការអភិវឌ្ឍន៍ប្រទេសអោយមានការរីកចំរើន និងកសាងខឿនសេដ្ឋកិច្ចដើម្បីប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូល ហើយបច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានកំពុងធ្វើប្រតិភូកម្មការងារអប់រំមួយចំនួនមានបឋមសិក្សា មតេយ្យសិក្សា និងការអប់រំក្រៅប្រព័ន្ធ មកអោយរដ្ឋបាលក្រុង ស្រុកជាអ្នកគ្រប់គ្រង។
លោកអភិបាលស្រុក បានកោតសសើដល់សហគមន៍ ដែលបានចូលរួមចំណែកក្នុងការកសាងសមិទ្ធផលនានានៅក្នុងវិទ្យាល័យ និងបានថ្លែងអំណរគុណចំពោះ ព្រះអង្គគ្រូចៅអធិការវត្តទាំងអស់ដែលចូលរួមយ៉ាងសកម្មក្នុងការងារដឹកនាំកសាងសមិទ្ធផលនានានៅក្នុងសហគមន៍ ពិសេសនៅវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនសាមគ្គីមានជ័យ។
លោកអភិបាល បានផ្តាំផ្ញើរសូមអោយសាលារៀន និងអាជ្ញាធរភូមិឃុំ ប៉ុស្តិ៍នគរបាលសហការគ្នា ជាមួយមាតាបិតាសិស្ស ក្នុងការងារតាមដាន ការសិក្សារបស់សិស្ស ដើម្បីទប់ស្តាក់ការមិនចូលរៀន ការប្រើប្រាស់គ្រឿងញៀន ការបង្កជំលោះវាយតប់កាប់ចាក់គ្នា ក្មេងទំនើង លេងល្បែង និងបញ្ហាជាច្រើនបន្តទៀត ។
លោកអភិបាលស្រុកសាមគ្គីមានជ័យបានលើកឡើងបញ្ជាក់ថា សមិទ្ធផលដែលសាលាសម្រេចបានក្នុងឆ្នាំ២០២១ដល់ឆ្នាំ២០២៣ មាន: របងថ្មផ្នែកខាងកើតប្រវែង២១៥ម របងថ្មផ្នែក ខាងលិច ប្រវែង៩៥ម របងថ្មផ្នែកខាងជើងប្រវែង២០៥មក្លោងទ្វាធំមុខសាលាផ្សារលក់ចំណីអាហារ ផែនការអភិវឌ្ឍន៍បន្តមានការសាងសង់របងថ្មខាងមុខសាលា សាងសង់ផ្លូវបេតុងចូលសាលា៕