កំពង់ឆ្នាំង៖ មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក វេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលបានចុះធ្វើការផ្សព្វផ្សាយអប់រំណែនាំប្រជាពល រដ្ឋឲ្យយល់ដឹងពីវិធីបង្ការជំងឺគ្រុនឈាម និងបានចុះធ្វើការបាញ់ថ្នាំសម្លាប់មូសនៅតាមសហគមន៍នានាក្នុងមូលដ្ឋានទូទាំ ងខេត្តកំពង់ឆ្នាំង។
លោក ប្រាក់ វ៉ុន បានឲ្យដឹងថា មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បាននិងកំពុងបន្តចុះបាញ់ថ្នាំសម្លាប់សត្វមូសតាម សហគមន៍និងចុះធ្វើការផ្សព្វផ្សាយអំពាវនាវដល់ប្រជាពលរដ្ឋតាមមូលដ្ឋានឲ្យរួមគ្នាទប់ស្កាត់និងបង្ការនូវការកើតមានជម្ងឺគ្រុនឈាមក្នុងមូលដ្ឋានដោយសាររដូវនេះជារដូវវស្សាមានទឹកដក់គ្រប់ទីកន្លែង។
ហើយការអប់រំផ្សព្វផ្សាយដល់ប្រជា ពលរដ្ឋ តាមមូលដ្ឋានខាងលើនេះ គឺដើម្បីធានានូវសុវត្ថិភាពសុខភាពជូនប្រជាពលរដ្ឋ គ្មានជំងឺគ្រុនឈាម ហើយលោកក៏បន្តជំរុញអោយតាមមណ្ឌលសុខភាពមន្ទីរពេទ្យបង្អែក ឲ្យបន្តចុះបាញ់ថ្នាំសម្លាប់សត្វមូស និងដាក់ថ្នាំអាល់ប៊ែត ដើម្បី លុបបំបាត់ជម្រកមូសខ្លាក្នុងសហគមន៍ ជាការរួមចំណែក និងទប់ស្កាត់ការចម្លងជំងឺគ្រុនឈាមជាប្រចាំ។
ដើម្បីធ្វើការទប់ស្កាត់ជំងឺគ្រុនឈាមនេះឲ្យបានជោគជ័យ យុទ្ធនាការនិងធ្វើឡើងជាបន្តបន្ទាប់ទូទាំងស្រុកក្រុង ដើម្បីផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ជ្រួតជ្រាបអោយកាន់តែច្បាស់បន្ថែមទៀតអំពីវិធីសាស្ត្រការការពារខ្លួនកុំឲ្យឆ្លងជំងឺ គ្រុនឈាម។ ម្យ៉ាងទៀតយុទ្ធនាការនេះដែរក៏មានការដាក់ថ្នាំអាល់ប៊ែតតាមផ្ទះប្រជាពលរដ្ឋ និងមានការបាញ់ថ្នាំសម្លាប់សត្វមូសខ្លានៅតាមទីសាធារណៈ ដើម្បីចូលរួមទប់ ស្កាត់ការពារជំងឺមួយនេះកុំឲ្យកើតមានឡើងជាបន្តទៀត។
ជាមួយគ្នានេះដែរក្រសួងសុខាភិបាលសូម ជម្រាបជូនសាធារណៈជនទាំងអស់ឲ្យបានជ្រាបថាចាប់ពីខែមករា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ មានការកើន ឡើងករណីជម្ងឺគ្រុនឈាមគួរឲ្យកត់សម្គាល់តាមរយៈបទពិសោធន៍ការសិក្សាស្រាវជ្រាវ និងការតាមដានជំងឺរបស់កម្មវិធីជាតិប្រយុទ្ធនិងជំងឺគ្រុនឈាមនាពេលកន្លងមកបានបង្ហាញថា ស្ថានភាពជំងឺគ្រុនឈាមតែងតែមានបន្ត និងកើនឡើងខ្ពស់ខុសប្រក្រតីនៅរៀងរាល់៥ ទៅ៦ឆ្នាំម្ដង។
គួរកត់សម្គាល់ថា ជំងឺគ្រុនឈាមអាចកើតមានលើមនុស្សគ្រប់វ័យ ទាំងវ័យក្មេង និងមនុស្សចាស់ដែលបង្កឡើងដោយវីរុសគ្រុនឈាមតាមរយៈការខាំចម្លងដោយសត្វមូសខ្លាញីដែលចូលចិត្តពងកកើតជាដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់រងថ្លា គ្មានក្លិនដូចជាពាង អាង ធុងដាក់ទឹកប្រើប្រាស់ ទឹកថូផ្កា ចានទ្រជើងតុ ទូ ក្រឡ ពែងបោះចោល ពិសេសសំបកកង់ឡាន ម៉ូតូ កំប៉ុងជាដើម ដែលទុកឬបោះចោលពាសវាលពាសកាល វាអាចបង្កើតជាប្រភពដក់ទឹកនិងជាជម្រកសត្វមូស។
សូមបងប្អូនប្រជាពលរដ្ឋគ្រប់រូបដែលមានរោគសញ្ញាគ្រុន ក្តៅខ្លួនខ្លាំងភ្លាមៗចាប់ពី៣៩ ទៅ៤០ អង្សាសេ ឬមានស មាជិកគ្រួសារដែលមានរោគសញ្ញាដូចការរៀបរាប់សូមស្វែងរកការពិគ្រោះយោបល់និងពិនិត្យព្យាបាលនៅតាមមន្ទីរ ពេទ្យឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕