ថ្នាក់ដឹកនាំសាសនិកឥស្លាមខេត្តសៀមរាប ធ្វើពិធីដើម្បីអបអរសាទរការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក

សៀមរាប៖ ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានសាសនាឥស្លាមខេត្តសៀមរាប បានដឹកនាំសាសនិកឥស្លាមជាច្រើននាក់ធ្វើពីធីអបអរសាទរការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក ស្របតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល ។ សូមបញ្ជាក់ថា ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ បានណែនាំដល់គ្រប់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមមាន៖ គ្រប់រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងគ្រប់ឃុំ-សង្កាត់ ព្រមទាំងអំពាវនាវដល់ដល់ជនរួមជាតិកម្ពុជាគ្រប់រូប រួមគ្នារៀបចំការវាយគង ទូងស្គរ ទះប៉ោត និងគោះ ត្រដោកតាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ រួមមាន ទីស្ដីការក្រសួង-ស្ថាប័ន និងអង្គភាព គ្រប់សាលារាជធានី-ខេត្ត គ្រប់សាលាក្រុង-ស្រុក-ខណ្ឌ គ្រប់សាលាឃុំ-សង្កាត់ គ្រប់វត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំជនសហគមន៍នៅតាមភូមិឱ្យបានកុះករ ខ្ញៀវខ្ញារ ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយចំពោះព្រឹត្តិការជាប្រវត្តិសាស្ត្រនេះ។ ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានសាសនាឥស្លាមខេត្តសៀមរាប បានមានប្រសាសន៍ថា ការចុះឈ្មោះប្រាសាទកោះកេរ ចូលក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ ជាមោទកភាពរបស់ខ្មែរ គ្រប់និន្នាការនយោបាយ គ្រប់សាសនាទាំងអស់។ ឯកឧត្តម បន្តទៀតថាក្នុងនាមជាកូនខ្មែរពិតជាមានក្ដីរីករាយ ព្រោះការដែលបានចុះទៅក្នុងបេតិកភណ្ឌពិភពលោក វាធ្វើឲ្យពិភពលោក កាន់តែស្គាល់ប្រទេសកម្ពុជា និង បានស្គាល់នូវប្រាសាទកោះកេរជារបស់ខ្មែរ ដែលជាអតីតរាជធានីកាលជាង១ពាន់ឆ្នាំមុន ។ ឯកឧត្តម បានមានប្រសាសន៍បន្ថែមទៀតថា អ្វីៗទាំងអស់មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែវាបានកើតឡើងពីការខិតខំប្រឹងប្រែងរបស់ថ្នាក់នាំប្រទេសកម្ពុជា ជាពិសេសសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រីកម្ពុជា។ ឯកឧត្តម អែល សៀត ក៍បានអំពាវនាវ ដល់សាសនិឥស្លាម និង ពលរដ្ឋកម្ពុជាទាំងអស់ត្រូវចូលរួមការពារសម្បត្តិបេតិកភណ្ឌទាំងអស់នេះ ដើម្បីឲ្យបានស្ថិតស្ថេរជាយូរអង្វែង។ រមណីយដ្ឋានប្រាសាទកោះកេរ ស្ថិតនៅឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ មានចំង៉ាយជាង១០០គម ពីក្រុងសៀមរាប ជារាជធានីរបស់ព្រះបាទជ័យវម្មទេវទី៤ដែលព្រះអង្គចាកចេញពីក្រុងអង្គរនាឆ្នាំ៩២១។តំបន់រណីយដ្ឋាន មានបុរាណដ្ឋានប្រមាណ១៦៩ ក្នុងនោះមានប្រាសាទ ចំនួន៧៦ មានប្រព័ន្ធផ្លូវថ្នល់ ប្រព័ន្ធធារាសាស្រ្ត រហាល ត្រពាំង និងទំនប់ជាដើមក្នុងវិសាលភាព ផ្ទៃដីទំហំជាង ៨,៧០០ហិកតា គ្របដណ្តប់ភូមិ៣ គឺភូមិរំចេក ភូមិកោះកេរ និង ភូមិស្រយង់ជើង និងជាសិល្បៈអស្ចារ្យលើស្ថាបត្យកម្ម និងបដិមាធំៗ ដូចជាព្រះឥសូររាំ សិវលិង្គ ព្រះនារាយណ៍ ព្រះព្រហ្ម និងបដិមាទេពផ្សេងៗទៀតដែលប្រកបដោយ សោភណ្ឌភាព និងរស់រវើក៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *