កំពង់ធំ÷ ក្រោយពីមានបទបញ្ជា ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ វរៈសេនីយ៍ទោ ជឹម រីណា អធិការ(ស្តីទី)នគរបាលស្រុកស្ទោង បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ទ្រា និងប៉ុស្តិ៍កំពង់ចិនជើង រួមទាំងកម្លាំងប្រជាការពារ បង្រ្កាបឃាត់ខ្លួនបានជនសង្ស័យម្នាក់ ពីបទករណីហិង្សាដោយចេតនា។
គួររំលឹកផងដែរនៅម៉ោងប្រមាណ ២៣:៥៥នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចវត្តស្ពឺជើង ស្ថិតនៅភូមិម្សាក្រងជើង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីអំពើហិង្សាមួយបង្កឡើងដោយជនសង្ស័យឈ្មោះ មី ម៉ៃ ភេទប្រុស មានមុខរបរជាកូនសិស្សលោក អាយុ២០ឆ្នាំ ស្នាក់ក្នុងវត្តស្ពឺជើង ក្នុងភូមិម្សាក្រងជើង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ស្រុកកំណើតនៅភូមិដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ បានយកកាំបិតកាប់ទៅលើជនរងគ្រោះឈ្មោះ ផាន សុភាក់ ភេទប្រុស អាយុ៣២ឆ្នាំ ជាព្រះសង្ឃគង់នៅក្នុងវត្តស្ពឺជើង ស្ថិតនៅក្នុងទីតាំងភូមិ/ឃុំ ខាងលើ។
តាមរបាយការណ៍ វរៈសេនីយ៍ទោ ជឹម រីណា អធិការ(ស្តីទី)នគរបាលស្រុកស្ទោង បានបញ្ជាក់ដឹងថា៖ មូលហេតុជនសង្ស័យមានទំនាស់ពាក្យសំដីជាមួយជនរងគ្រោះទើបបណ្តាលឱ្យកើតហិង្សាតែម្តង។ ករណីនេះសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុពិនិត្យ ជាក់ស្តែងក្នុងនោះជនរងគ្រោះរបួសធ្ងន់ធ្ងរ ០៤កន្លែង និងបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់។
លុះដល់ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង៧.៥១នាទី ទើបឈានដល់ការបង្រ្កាបឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិស្លា ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី ៕