បញ្ជូនមនុស្សបីនាក់ទៅតុលាការករណី ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង

សៀមរាប៖ បទល្មើសព្រហ្មទណ្ឌ ករណី“ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង” នៅវេលាម៉ោង ១០:៣០ នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ឈ្មោះ ស៊ុំ ភីរុំ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនបញ្ចាំ CASH-U-UP ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប បាននាំអតិថិជនឈ្មោះ ញាណ សុខា ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិអូររលុះ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មកប្រគល់ជូន ការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តសៀមរាប និងបានប្តឹងចោទប្រកាន់ឈ្មោះ ញាណ សុខា ពីករណី “ក្លែងបន្លំឯកសារសាធារណៈ និង ប្រើប្រាស់ឯកសារសាធារណៈក្លែង” ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុច ក្រុមហ៊ុនបញ្ចាំ CASH-U-UP ដែលមានទីតាំងស្ថិតនៅ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
អង្គហេតុ៖ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ឈ្មោះ ញាណ សុខា ភេទប្រុស និងឈ្មោះ ស្រី ឡែម ភេទស្រី បានយករថយន្តរបស់ពួកគាត់ម៉ាក LEXUS RX330 ពណ៌ទឹកមាស ផលិតឆ្នាំ២០០៤ ពាក់ផ្លាកលេខ ភ្នំពេញ 2AV-4661 ទៅដាក់បញ្ចាំជាមួយក្រុមហ៊ុន CASH-U-UP ក្នុងតម្លៃ ១២,០០០$ (មួយម៉ឺនពីរពាន់ដុល្លារសហរដ្ឋអាមេរិក) ដោយដាក់បញ្ចាំរយៈពេល ០៣ខែ អត្រាការប្រាក់ ១.៩% ក្នុងមួយខែ ។ បន្ទាប់ពីដាក់បញ្ចាំរួចហើយឈ្មោះ ញាណ សុខា និងឈ្មោះ ស្រី ឡែម មិនបានបង់ការប្រាក់មកឲ្យក្រុមហ៊ុនឡើយ ហើយនៅពេលដែលក្រុមហ៊ុនទាក់ទងទៅពួកគាត់ ឲ្យមកបង់ការប្រាក់ ពួកគាត់ចេះតែគេចវេសរហូត ។ ដោយមានការសង្ស័យលើកាតគ្រី និង រថយន្តខាងលើ ទើបក្រុមហ៊ុនយកកាតគ្រីទៅឲ្យមន្ត្រីជំនាញសាធារណៈការ និងដឹកជញ្ជូនខេត្តសៀមរាបត្រួតពិនិត្យ ទើបដឹងថាកាតគ្រីនេះក្លែងក្លាយ ។ រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុនបានអញ្ជើញឈ្មោះ ញាណ សុខា មកនិយាយគ្នាអំពីរឿងខាងលើនៅចំណុចក្រុមហ៊ុនបញ្ចាំខាងលើ ហើយឈ្មោះ ញាណ សុខ និយាយប្រាប់ថា កាតគ្រី និងឯកសារមួយចំនួន ជាឯកសារក្លែងក្លាយ ។
-ក្រោយពីស្តាប់ចម្លើយជនសង្ស័យឈ្មោះ ញាណ សុខា រូបគាត់បានសារភាពថា កាតគ្រី ឯកសារលក់ទិញរថយន្ត និងឯកសារមួយចំនួនទៀត ជាឯកសារក្លែង ដែលរូបគាត់ និងបក្ខពួក យកទៅដាក់បញ្ចាំ ជាមួយក្រុមហ៊ុន CASH-U-UP ។
-ដោយមានការសម្របសម្រួលពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានបញ្ជាឲ្យការិយាល័យជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ញាណ សុខា ដើម្បីបន្តនីតិវិធី ។
កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្តសៀមរាប ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *