ពោធិសាត់៖ ប្រតិភូសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដឹកនាំដោយលោក វ៉ាន់ ហ៊ាង នាយកប្រតិបត្តិសាខា តំណាងឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការសាខា បាននាំយកថវិកាចំនួន៥លានរៀល អង្ករ៥០គីឡូក្រាម ទឹកក្រូច២កេសចូលរួមបុណ្យសពឧបាសិកា ហ៊ិន ដាន ដែលបានទទួលមរណៈភាពកាលពីថ្ងៃព្រហស្បតិ៍ទី៧ខែកញ្ញា ឆ្នាំ២០២៣ក្នុងជន្មាយុ៦១ឆ្នាំដោយរោគាពាធ ដែលមានគុណបំណាច់យ៉ាងធំធេងលើការងារមនុស្សធម៌ហើយបាននឹងកំពុងប្រារព្ធពិធីបុណ្យគម្រប់៧ថ្ងៃនៅគេហដ្ឋាននៃសពស្ថិតនៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។
លោក វ៉ាន់ ហ៊ាង នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត បានថ្លែងថា ក្រោយពីទទួលដំណឹងអំពីមរណៈភាពរបស់ឧបាសិកា ហ៊ិន ដាន គឺជាសកម្មជននិងតែងតែចូលរួមសកម្មភាពលើការងារមនុស្សធម៌នោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានចូលរួមថវិកា ៥លានរៀល ដោយឡែកសាខាកាកបាទក្រហមកម្ពុជាខេត្ត អង្ករ៥០ គីឡូក្រាម និងទឹកក្រូច២កេស មកចូលរួមជាមួយគ្រួសារសពដល់គេហដ្ឋានដែលកំពុងប្រារព្ធធ្វើបុណ្យគម្រប់៧ថ្ងៃជាការតបស្នងនៃគុណបំណាច់។
តាមរយៈនេះលោកសូមនាំមកនូវសួរសុខទុក្ខ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា និង ឯកឧត្តម ខូយ រីដា ជូនចំពោះក្រុមគ្រួសារនៃសព និងសម្តែងក្តីក្រៀមក្រំដោយ បានចាត់ទុកថា ការទទួលមរណៈភាពលោកឧបាសិកា ហ៊ិន ដាន គឺជាការបាត់បង់ ម្តាយ ម្តាយក្មេក យាយ ជាបងនិងជាប្អូនជាទីគោរពស្រឡាញ់និងពោរពេញទៅដោយព្រហ្មវិហារធម៌និងជាមេគ្រួសារយ៉ាងសំខាន់១រូបដែលបានគ្រប់គ្រង ថែរក្សា និងចិញ្ចឹមកូនៗនាពេលកន្លងមក។
លោកបានបញ្ជាក់ថា ជានិច្ចកាល កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន និងឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តែងតែយកចិត្តទុកដាក់គិតគូរជានិច្ច អំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋទូទៅមិនប្រកាន់អំពីនិន្នាការអ្វីឡើយ។ នាឱកាសនោះ លោកនាយកប្រតិបត្តិសាខា ក៏បានលើកទឹកចិត្ត ដល់ក្រុមគ្រួសារសព សូមកុំអស់សង្ឃឹម ត្រូវខិតខំកាត់ចិត្ត និងត្រូវបន្តខិតខំបំពេញការងារ ដើម្បីជីវភាពគ្រួសារ នឹងត្រូវគិតគូអំពីអនាគតខ្លួនបន្តទៅទៀត។
តំណាងក្រុមគ្រួសាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចកិត្តិព្រឹទ្ធិបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជានិងឯកឧត្តម ខូយ រីដា ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលបាននាំយកថវិកាមកចូលរួមបុណ្យសពនាពេលនេះបញ្ចាក់ឲ្យឃើញអំពីកិច្ចការមនុស្សធម៌ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយប្រការផ្សេងៗ។
សូមឲ្យសម្តេចនិងឯកឧត្តមព្រមទាំងក្រុមគ្រួសារមានសុខភាពល្អនិងសម្រេចរាល់ភារកិច្ចលើការងារមនុស្សធម៌ជូនជនរួមជាតិនិងមាតុភូមិ៕