លោកស្រីនាយិការអង្គការ(USAID)ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋបាលខេត្តពោធិ៍សាត់

ពោធិសាត់៖ លោកស្រី ឃែរី ភែលស៍មេន នាយិកាបេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ(USAID) ប្រចាំកម្ពុជា បានដឹកនាំប្រតិភូចូលជួបនិងសម្តែងការគួរសមនិងពិភាក្សាការងារជាមួយលោក ហៀម ឃួន អភិបាលរងខេត្ត តំណាង ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់នៅសាលប្រជុំសាលាខេត្តដោយមានការចូលរួមពី ឯកឧត្តម ខូយ ឌី ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តនិងនាយករងសាលាខេត្ត នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៣។

ក្នុងជំនួបនាឱកាសនោះលោកស្រី ឃែរី ភែលស៍មេន បានជម្រាបជូនលោកអភិបាលរងខេត្តនិងស្ថាប័នពាក់ព័ន្ធថា ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID)បានសហការជាមួយដៃគូ អនុវត្តកម្មវិធីផ្សេងៗជាច្រើនដែលបម្រើផលប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំង២៥រាជធានីខេត្ត។

លោកស្រី បានបន្ថែមថា គោលដៅចម្បងនិងផ្តោតការយកចិត្តទុកដាក់នោះលើការងារពង្រឹងសិទ្ធិ មនុស្ស អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ លើកកម្ពស់ផ្នែកសុខភាព គាំទ្រវិស័យអប់រំ ការអភិវឌ្ឍន៍កុមារ បង្កើនផលិតកម្ម កសិកម្ម សន្តិសុខស្បៀង អភិរក្សធនធានព្រៃឈើព្រមទាំងជួយកសិករនិងក្រុមគ្រួសារក្នុងការបន្ស៊ាំនិងកាត់បន្ថយនូវឥទ្ធិពលនៃគ្រោះធម្មជាតិ។

លោកស្រី ក៏បានផ្តល់ជាគំនិតថាតើនៅក្នុងខេត្តពោធិ៍សាត់មានត្រូវការអ្វីខ្លះ?ដើម្បីរៀបចំផែនការជាក់លាក់ និងច្បាស់លាស់ឱ្យស្របទៅនឹងគោលការយុទ្ធសាស្ត្ររបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិចូលរួមសហការ ឱ្យមានតម្លាភាពនិងមានភាពជឿជាក់។

ជាការឆ្លើយតប លោក ហៀម ឃួន អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត មានប្រសាសន៍កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ អនុវត្តនៅក្នុងប្រទេសកម្ពុជាក៏ដូចនៅក្នុងខេត្តពោធិ៍សាត់នាពេលកន្លងមកទៅលើវិស័យសុខាភិបាល វិស័យអប់រំ ធនធានធម្មជាតិតែងតែចូលរួមយ៉ាងសកម្ម។

ជាមួយគ្នានោះក្នុងនាមរដ្ឋបាលខេត្តក៏ដូចមន្ទីរជំនាញបានសំណូមពរដល់អង្គការ(USAID)ពិចារណានិងបន្តគាំទ្រទាំងសម្ភារៈ ថវិកាបន្ថែមទៀតសម្រាប់ខេត្តពោធិ៍សាត់មានតម្រូវការចាំបាច់នូវហេដ្ឋារចនាសម្ព័ន្ធវិស័យសុខាភិបាល វិស័យអប់រំនិង វិស័យកសិកម្ម ដែលជាវិស័យមុខព្រួញយ៉ាងសំខាន់ត្រូវតែពង្រីកវិសាលភាពកាន់តែទំនើបនិងទាន់សម័យ។

ជាមួយគ្នានោះលោកបានថ្លែងអំណរគុណដល់អង្គការ (USAID) ដែលជានិច្ចកាលតែងតែសហការគាំទ្រក្នុងការអនុវត្តផែនការយុទ្ធសាស្ត្ររបស់ខេត្តព្រមទាំងបានចែករំលែកនិងផ្លាស់ប្តូរនូវ បទពិសោធន៍ក៏ដូចការអនុវត្តសកម្មភាពសហប្រតិបត្តិការនៅក្នុងវិស័យជំនាញ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *