សៀមរាប៖ ប្រជាពលរដ្ឋដែលមានក្បាលដីចំនួន២៤៦១ក្បាលដី ស្ថិតនៅក្នុងតំបន់វិនិច្ឆ័យ ក្នុង ភូមិរការធំ ភូមិព្រៃ និងភូមិចន្លោង នៃសង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ដែលក្រុមការងារចុះបញ្ជីដីបានធ្វើការវាស់វែង និងប្រមូលទិន្នន័យកន្លងមក ត្រូវបានគណៈកម្មការរដ្ឋបាលខេត្តធ្វើការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ រួមមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី នៅព្រឹកថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២៣នៅក្នុងបរិវេណវត្តព្រៃធំ សង្កាត់ស្រង៉ែក្រុងសៀមរាប ខេត្តសៀមរាប ដែលមានរយៈពេលសរុបចំនួន១៥ថ្ងៃដោយគិតរួមទាំងថ្ងៃបុណ្យនឹងថ្ងៃឈប់សំរាក។
លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបានមានប្រសាសន៍ថាខេត្តសៀមរាប គឺជាខេត្តមួយក្នុងចំណោមខេត្តអទិភាពទាំង ២៥ រាជធានី-ខេត្ត ដែលត្រូវបានអនុវត្តន៍ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ របស់កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ដែលគាំទ្រថវិកាដោយរាជរដ្ឋាភិបាលកម្ពុជា ដែលស្ថិតក្រោមការដឹកនាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអនុវត្តន៍ការងារដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប ព្រមជាមួយកិច្ចសហការពីអាជ្ញាធរដែនដី ជាពិសេសតាមការចង្អុលបង្ហាញ របស់ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។
លោក ហ៊ី សាយ ក៍បានថ្លែងទៀតថា ក្រុមការងារជំនាញក្រោយពីធ្វើការវាស់វែងបានបញ្ចប់ ហើយបានធ្វើការប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការចុះបញ្ជីដីធ្លី មានប្រភេទដីលំនៅដ្ឋាន ដែលបានកំណត់វិនិច្ឆ័យ ព្រុំ.និងបានបញ្ចូលទិន្នន័យចំនួន ២.៤៦១ ក្បាលដី ហើយក្នុងការបិទផ្សាយជាសាធារណះ នូវឯកសារនៃការវិនិច្ឆ័យ ការចុះបញ្ជីដីធ្លីលក្ខណះជាប្រព័ន្ធនេះស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បី បញ្ជៀសការកើតមានទំនាស់ដីធ្លី។លោកក៍បានបន្ថែមទៀតថា ក្នុងរយៈ ពេលនេះគឺបងប្អូនប្រជាពលរដ្ឋអាចប្តឹង ឬជំទាស់តវ៉ាមកក្រុមមន្ត្រីជំនាញ ដែលនៅប្រចាំការជាប្រចាំដោយមិនគិតពីថ្ងៃឈប់សម្រាក ប្រសិនបើក្នុងករណីរកឃើញថាមានកំហុសណាមួយលើទិន្ន័យក្បាលដីរបស់ខ្លួន សូមរាយការណ៍មកមន្ត្រីជំនាញដើម្បីធ្វើការកែសម្រួលអោយបានត្រឹមត្រូវឡើងវិញ ។ លោក ហាយ យង់ អភិបាលរងក្រុងសៀមរាបក៍បានមានប្រសាសន៍ថាការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យក្នុងការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងដំណើរនៃការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានត្រឹមត្រូវ និង ដើម្បីអោយម្ចាស់ដី និង អ្នកកាន់កាប់ដីទាំងអស់មកចូលរួមពិនិត្យផ្ទៀងផ្ទាត់ និងធ្វើការកែតម្រូវក្នុងករណីពិនិត្យទៅឃើញថាមានកំហុសឆ្គងត្រូវ ដាក់ពាក្យចូលមកគណៈកម្មការរដ្ឋបាល បើពិនិត្យឃើញថា មានកំហុសឆ្គងឬមានបណ្តឹងតវ៉ា ក្នុងករណី ដែលក្បាលដីណាមានវិវាទផងដែរ ។ លោក អភិបាលរងក្រុងក៍បានមានប្រសាសន៍បន្ថែមទៀតថា នេះជាលទ្ធផល និង សក្ខីភាពដែលបញ្ជាក់ប្រាប់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាថាការចុះបញ្ជីដីមានលក្ខណះជា ប្រព័ន្ធកាត់បន្ថយទំនាស់និងភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ មិនត្រឹមតែប៉ុណ្ណោះការចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធ នេះគឺឈានទៅដល់ការផ្តល់ប័ណ្ណកម្មសិទ្ធិដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ ហើយក៏គ្មានបុគ្គល ណាមួយត្រូវបានគេដកហូតកម្មសិទ្ធិរបស់ខ្លួនបានទេ ប្រសិនបើការដកហូតនេះមិនមែនដើម្បីប្រយោជន៍សាធារណៈ។ ការដកហូតត្រូវធ្វើទៅតាមទម្រង់ និង នីតិវិធីបញ្ញត្តិដោយច្បាប់ និងបទបញ្ជា បន្ទាប់ពីបានផ្តល់សំណងជាមុនដោយ សមរម្យ និងយុត្តិធម៌។លោក ហាយ យង់ ក៍បានធ្វើការអំពាវនាវ ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់និងស្ថាប័នពាក់ព័ន្ធ រួមទាំងបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមនាពេលនេះពេលត្រឡប់ទៅមូលដ្ឋានវិញសូមបន្តធ្វើការផ្សព្វផ្សាយប្រជាពលរដ្ឋ ពីពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឲ្យបានដឹង នឹងមកពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យដែលក្រុមការងារចុះបញ្ជីដីធ្លីមាន មានលក្ខណៈជាប្រព័ន្ធរបស់មន្ទីរដែលបានអនុវត្តតាមនីតិវិធីអោយបានគ្រប់ៗគ្នា។ សូមបញ្ជាក់ថា៖ ការបិទផ្សាយរយៈពេល ១៥ថ្ងៃគឺចាប់ពីថ្ងៃទី១៤ខែកញ្ញា ដល់ថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ២០២៣ ជាកំហិតហើយទីតាំងបិទផ្សាយគឺស្ថិតនៅបរិវេណវត្តព្រៃធំក្នុងសង្កាត់ស្រង៉ែ ។ នៅក្នុងឱកាសនោះផងដែរ លោក វិញ បូរ៉ា អនុប្រធានការិយាល័យនៃសាខាពន្ធដារខេត្តសៀមរាប ក៍បានធ្វើការផ្សព្វផ្សាយអំពីកាតព្វកិច្ចពន្ធលើវិស័យអចលនទ្រព្យ ជូន ដល់បងប្អូនប្រជាពលរដ្ឋដែលបានមកពិនិត្យក្បាលដី នាពេលនោះទីនេះ។ លោក វិញ បូរ៉ា បានឱ្យដឹងថា ចំណូលពន្ធគឺជា ចំណូលថវិការដ្ឋ ដ៍សំខាន់បំផុត សម្រាប់ការអភិវឌ្ឍប្រទេស។ ថវិកាពីការបង់ពន្ធនេះ គឺជាការចូលរួមរបស់បងប្អូនរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ក្នុងនាមជាប្រជាពលរដ្ឋ។ លោកបានថ្លែងអំណរគុណ នៅការចូលរួមបង់ពន្ធរបស់ប្រជាពលរដ្ឋ និងអំពាវនាវអោយប្រជាពលរដ្ឋអញ្ជើញទៅប្រកាស និងបង់ពន្ធ តាមពេលវេលាកំណត់ ដែលជាការចូលរួមលើកកម្ពស់វប្បធ៌មនៃការបង់ពន្ធ។ នៅក្នុងការផ្សព្វផ្សាយអំពីកាតព្វកិច្ចពន្ធលើវិស័យអចលនទ្រព្យ នាពេលនោះដែរ លោក វិញ បូរ៉ា មន្ត្រីសាខាពន្ធដារខេត្តសៀមរាបក៍បានលើកយក៣ចំណុចសំខាន់ៗមកផ្សព្វផ្សាយគឺទី១/ ពន្ធលើអចលនព្យ ទី២/ ពន្ធលើដីទំនេរមិនប្រើប្រាស់ និងទី៣គឺ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ។ ក្នុងនោះ លោកក៏បានរំលឹកដល់ប្រជាពលរដ្ឋ ដែលមិនទាន់បង់ពន្ធលើអចលនទ្រព្យ និង ឬ ពន្ធលើដីទំនេរមិនប្រើប្រាស់ អញ្ជើញរួសរាន់ ទៅបង់ពន្ធ ដោយការិយនៃការបង់ពន្ធនេះ ប្រចាំឆ្នាំ២០២៣នឹងត្រូវផុតកំណត់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះផងដែរ ៕