លោក ​ហៀម ឃួន ប្រជុំពិភាក្សាជាមួយក្រុមប្រតិភូវិទ្យាស្ថានអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈការងារខេត្តត្រាត

ពោធិសាត់៖ លោក ហៀម ឃួន អភិបាលរង ខេត្តតំណាងឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជួបប្រជុំពិភាក្សាការងារជាមួយលោកស្រី ផ្រមមង្គល វង្សបុនហ្វូ នាយិកាវិទ្យាស្ថានអភិវឌ្ឍន៍ ជំនាញវិជ្ជាជីវៈការងារខេត្តត្រាតនៃព្រះរាជាណាចក្រថៃ និងសហការី ដើម្បីកំណត់កម្មវិធីសិក្សាសម្រាប់តម្រូវការ បណ្តុះបណ្តាល បង្កើនជំនាញនិង​ចំណេះដឹងដល់កម្មករនិយោជិកក្នុងខេត្តពោធិ៍សាត់ នៅថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំ អាគាររដ្ឋបាលសាលាខេត្ត។

លោក ហៀម ឃួន អភិបាលរងខេត្តតំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បានជម្រាបជូនប្រតិភូថា ខេត្តពោធិ៍សាត់ មានសហគ្រាស គ្រឹះស្ថានចំនួន១០កន្លែង កម្មករនិយោជិតជាង៦ពាន់នាក់ ។

ដោយឡែកវិទ្យាស្ថានពហុបច្ចេក ទេស គឺជាគ្រឹះស្ថានរដ្ឋ ស្ថិតនៅក្រោមឱវាទក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈការបង្កើតឱ្យមានវិទ្យាស្ថាននេះឡើងក្នុង គោលបំណងផ្តល់ជំនាញជូនដល់ប្រជាពលរដ្ឋក្រីក្រ ក្មេងកំព្រា ស្ត្រីម៉េម៉ាយ ជនមានពិការភាព យោធិនរំសាយ ជនជាតិដើមភាគតិច ជនងាយរងគ្រោះជាពិសេសយុវជនដែលបោះបង់ការសិក្សាចោលនិងគ្មានការងារធ្វើ។

វិទ្យាស្ថានពហុបច្ចេកទេសខេត្ត ក្រោមកិច្ចសហប្រតិបត្តិការ រវាងខេត្តពោធិ៍សាត់នៃព្រះរាជាណាចក្រកម្ពុជា និង ខេត្តត្រាតនៃព្រះរាជាណាចក្រថៃ បានបើកវគ្គបណ្តុះបណ្តាលបានចំនួន៤លើកមាន៦ជំនាញមានសិក្ខាកាម១៩០នាក់ ស្ត្រី៣៣នាក់ រួមមានជំនាញផ្សារដែក ជុសជុលកុំព្យួទ័រ តបណ្តាញអគ្គិសនី ជុសជុលទូរសព្ទដៃ ជុសជុលម៉ាស៊ីនត្រជាក់និងជុសជុលគ្រឿងយន្តកសិកម្មជាដើម។

ក្នុងនាមរដ្ឋបាលខេត្តសូមស្នើឱ្យប្រតិភូដែល មានលោកស្រី ផ្រមមង្គល វង្សបុនហ្វូ​ នាយិកាវិទ្យាស្ថានអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈការងារខេត្តត្រាតនៃព្រះរាជាណាចក្រថៃ បន្តកិច្ចសហប្រតិបត្តិការចុះសិក្សាស្ទង់មតិទិន្នន័យដើម្បីកំណត់កម្មវិធីសិក្សាសម្រាប់តម្រូវការបណ្តុះបណ្តាលការងារ បង្កើនចំនាញនិង ចំណេះដឹងដល់កម្មករនិយោជិកនៅក្នុងខេត្តឱ្យស្របទៅនឹងពលកម្មទីផ្សារក្នុងនិងក្រៅប្រទេស។

លោក ស្រី ផ្រមមង្គល វង្សបុនហ្វូ នាយិកាវិទ្យាស្ថានអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈការងារខេត្តត្រាត បានមានប្រសាសន៍លើកឡើងថា ប្រតិភូដែលបានមកទស្សនកិច្ចនៅខេត្តពោធិ៍សាត់នាពេលនេះក្នុងគោលបំណងចុះសិក្សាស្ទង់មតិទិន្នន័យអំពីការអភិវឌ្ឍន៍ជំនាញ ដើម្បី ក្រុមការងារកំណត់កម្មវិធីសិក្សាបណ្តុះបណ្តាលបង្កើនជំនាញនិងចំណេះដឹងដល់កម្មករនិងនិយោជិកក្នុងខេត្តពោធិ៍សាត់។

លោកស្រីបានមានប្រសាសន៍បញ្ជាក់ថា វិទ្យាស្ថានអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈខេត្តត្រាត បានសហការជាមួយវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ បានដំណើរបើកវគ្គបណ្តុះបណ្តាលចំនួន៤លើកមាន៦ជំនាញប៉ុន្តែត្រូវបានអាកខានទៅវិញដោយសារវិបត្តិជំងឺកូវីដ១៩។ ដើម្បីឱ្យ កិច្ចសហប្រតិបត្តិការខេត្តទាំង២ចាប់ផ្តើមឡើងវិញទៅលើការងារបណ្តុះបណ្តាលធនធានមនុស្សឱ្យមានជំនាញនិងចំណេះដឹងជាក់លាក់ច្បាស់លាស់។

ចំពោះការស្នើឡើងរបស់រដ្ឋបាលខេត្តពាក់ព័ន្ធទៅនឹងការងារបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនោះលោកស្រីទទួលយកហើយសូមឱ្យរដ្ឋបាលខេត្តពោធិ៍សាត់កំណត់ពេលវេលាដើម្បីរៀបចំផែនការនិងគោលដៅចំពោះមុខរបស់វិទ្យាស្ថាន ខេត្តត្រាតធ្វើការបណ្តុះបណ្តាលសិស្ស និសិ្សត លោកគ្រូ អ្នកគ្រូនិងអ្នកអត់ការងារធ្វើទាំងនៅក្នុងវិទ្យាស្ថាននិងនៅជុំវិញខ្លួនយើងសំដៅ ធ្វើយ៉ាងណាឱ្យពួកគេមានជំនាញ និងចំណេះដឹងមួយពិតប្រាកដដើម្បីបង្កើនជីវភាពកាត់បន្ថយភាពក្រីក្រគឺជាគោលបំណង របស់ភាគីខេត្តត្រាតនៃព្រះរាជាណាចក្រថៃ ។

លោកស្រីបានអះអាងថា នៅចំពោះមុខ វិទ្យាស្ថានអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈការងារខេត្តត្រាត មិនត្រឹមតែបណ្តុះបណ្តាលសិស្ស និសិ្សតប៉ុណ្ណោះទេសូម្បីតែអាជ្ញាធរមន្ត្រីរាជការនិងប្រជាជនក៏អាចរៀនជំនាញទាំងនោះប៉ុន្តែត្រូវ ធ្វើផែនការច្បាស់លាស់ជាមុនដើម្បីស្នើទៅក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃសុំគោលការណ៍ជាមុនទើបដំណើរការនិងអនុវត្តតាមផែនការនិងដំណាក់កាលនៃឆ្នាំនិមួយៗ។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *