អំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋទីទ័លក្រ ជនចាស់ជរា និងជនពិការភាព ៣០គ្រួសារនៅឃុំកំពង់ហ្លួង

ពោធិសាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានចាត់ឲ្យក្រុមការងារដឹកនាំដោយលោក កាង ប៉េងហាក់ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការ និងលោក វ៉ាន់ ហ៊ាង នាយកប្រតិបត្តិបាននាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជា ខេត្តចែកជូនចាស់ជរា ជនពិការភាព និងទីទ័លក្រនៅឃុំកំពង់ហ្លួង ស្រុកក្រគរចំនួន៣០គ្រួសារដោយក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរនៅសាលាឃុំកំពងហ្លួង។

លោក កាង ប៉េងហាក់ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បាននាំមកនូវការផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម កែវ រតនៈ ប្រធានកិត្តិយស និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តនិងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តដែលជានិច្ចកាលសម្តេច និង ​ឯកឧត្តម តែងតែគិតគូរជានិច្ចអំពីសុខទុក្ខប្រជាពលរដ្ឋទាំងអស់ដោយមិនប្រកាន់ពូជសាសន៍ សាសនាឬនិន្នាការនយោបាយអ្វីឡើយ។

នេះគឺជាសក្ខីភាពបញ្ជាក់ឱ្យឃើញបេះដូងសប្បុរសធម៌និងសេចក្តីគោរព ចែករំលែកនិងជួយសម្រួលជីវភាពប្រជាពលរដ្ឋក្នុងគ្រាលំបាកនិងខ្វះខាតជាក់ស្តែងដូចជាពេលនេះក្រុមការងារបាននាំយកអំណោយមនុស្សធម៌មកចែកជូនដល់ជនចាស់ជរា ជនពិកា និងគ្រួសារទីទ័លក្រ នៅក្នុងឃុំកំពង់ហ្លួងចំនួន៣០គ្រួសារ ដើម្បីជួយសម្រួលនិងដោះស្រាយជីវភាពបានមួយរយៈពេល គឺជាកាយវិការដ៏ល្អប្រពៃប្រកបដោយមនុស្សធម៌ ។

ជាការពិតណាស់ថា ឃុំកំពង់ហ្លួង គឺជាឃុំមួយស្ថិតនៅលើផ្ទៃទឹកបឹងទន្លេសាប ប្រជាពលរដ្ឋពឹងផ្អែកទាំងស្រុងលើមុខរបរប្រជានេសាទ តែពេលនេះគឺជារដូវបិទនេសាទជាហេតុធ្វើឱ្យប្រជាពលរដ្ឋជួបកង្វះខាតជីវភាព ជាពិសេសជនចាស់ ជនពិការភាព ស្ត្រីម៉េម៉ាយមានកូនច្រើនត្រូវតែមានការជួយទំនុកបម្រុងទៅតាម ស្ថានភាពជាក់ស្តែងមិនត្រូវមើលរំលងឡើយ។

លោក កាង ប៉េងហាក់ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅលើផ្ទៃទឹកបឹងទន្លេសាប តាមដងប្រឡាយ ព្រែក អូរ ស្ទឹង សូមទុកដាក់សំរាមឱ្យបានត្រឹមត្រូវដើម្បីប្រែក្លាយផ្ទៃទន្លេ ព្រែក អូរ ប្រឡាយ ស្ទឹងទាំងនោះកាន់តែស្អាតមានសោភណ្ឌភាពបរិស្ថានល្អក្នុងការទាក់ទាញភ្ញៀវជាតិ អន្តរជាតិមកលេងកំសាន្ត។

កត្តាដែលសំខាន់ជាងនេះទៅទៀតនោះសូមឱ្យបងប្អូនចូលរួមថែរក្សាសុខភាព ព្រោះថានេះគឺជារដូវវស្សា តែងតែឧស្សាហ៍កើតជំងឺគ្រុនឈាម គ្រុនចាញ់និងជំងឺគ្រុនឈិក ភាគច្រើនមកលើកុមារ ដូច្នេះត្រូវចូលរួមកំចាត់ដង្កូវទឹក នៅក្នុងបរិវេណផ្ទះសម្បែង ភូមិឋានឱ្យបានព្រមៗគ្នានិងចូលរួមអនុវត្តភូមិឃុំ សង្កាត់មានសុវត្ថិភាព គោរពច្បាប់ចរាចរណ៍ទាំងផ្លូវទឹក និងផ្លូវគោកទាំងអស់គ្នាដើម្បីរួមចំណែកកាត់បន្ថយ អត្រាគ្រោះថ្នាក់ដល់អាយុជីវិតនិងខូចខាតទ្រព្យសម្បតិ្តជាដើម។

លោក លីវ សេងហ៊ីម អភិបាលនៃគណៈអភិបាលស្រុកនិងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រកម្ពុជា ស្រុកក្រគរ បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានគណៈកម្មាធិការសាខានិងប្រតិភូដែលបាននាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាខេត្តមកចែកជូនជនចាស់ជរា ជនពិការភាព និងប្រជាពលរដ្ឋទីទ័លក្រទាំង៣០គ្រួសារនៅក្នុងឃុំកំពង់ហ្លួងបានទាន់ពេល វេលា។ ក្នុងនាមរដ្ឋបាលស្រុកលោកក៏បានថ្លែងទៅកាន់ប្រជាពលរដ្ឋត្រូវថែរក្សាសុខភាពឱ្យបានល្អ គឺហូបស្អាត ផឹកស្អាតនិងរស់នៅ ស្អាតកុំធ្វេសប្រហេសត្រូវមានអនាម័យជាប់ជាប្រចាំទើបធ្វើឱ្យក្រុមគ្រួសារទទួលបាននូវភាពកក់ក្តៅ រីករាយនិងមានសុភមង្គល៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *