ឯកឧត្តម ម៉ម ឈឿម បានថ្លែងនូវការកោតសរសើរដល់ថ្នាក់នាំមន្ទីរ ថ្នាក់នាំការិយាល័យ មន្រ្តីរាជការ ដែលបានសហការបំពេញបានតាមតួនាទីនិងភារកិច្ចសម្រេចបាននូវសមិទ្ធកម្មលើវិស័យព័ត៌មាននៅខេត្តកំពង់ឆ្នាំងប្រកបដោយប្រសិទ្ធភាពខ្ពស់

កំពង់ឆ្នាំង៖ ឯកឧត្តម ម៉ម ឈឿម ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានថ្លែងនូវការកោតសរសើរ ដល់ថ្នាក់នាំមន្ទីរ ថ្នាក់នាំការិយាល័យ មន្រ្តីរាជការ ដែលបានសហការ  សាមគ្គី បំពេញបានតាមតួនាទីនិងភារកិច្ចសម្រេចបាន នូវសមិទ្ធកម្មលើវិស័យព័ត៌មាន នៅខេត្តកំពង់ឆ្នាំងប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

ឯកឧត្តម បានថ្លែងនូវការកោតសរសើរបែបនេះក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារសម្រេចបានក្នុងខែសីហា និងលើទិសដៅអនុវត្តបន្ត នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរ និង ប្រធានការិយាល័យទាំង៥ចូល
រួម។

ឯកឧត្តម ម៉ម ឈឿម បានបញ្ជាក់ថាៈ ចង់សម្រេចបានគោលដៅសមិទ្ធកម្ម លើវិស័យព័ត៌មាន គ្រប់ការិយាល័យទាំងអស់ត្រូវតែមានទិសដៅច្បាស់លាស់ មន្រ្តីទាំងអស់ត្រូវសហការសាមគ្គីគ្នា គោរពបានតាមតួនាទី និង ភារកិច្ច ដែលមន្ទីរបានប្រគល់អោយ ដែលជារចនាសម្ព័ន្ធ កំណត់អោយមន្រ្តីទាំងអស់ប្រតិបត្តិ ដោយភាពទទួលខុសត្រូវ ស្របតាមប្រកាសរបស់ក្រសួងស្តីពីការប្រព្រឹត្តទៅរបស់មន្ទីររាជធានីខេត្ត ជាពិសេសគឺអនុវត្តបានត្រឹមត្រូវតាមច្បាប់សហលក្ខន្តិកៈ មន្រ្តីរាជការស៊ីវិល ។

ឯកឧត្តម ក៏បានជម្រុញអោយគណៈកម្មការវាយតម្លៃរបស់មន្ទីរ និង ថ្នាក់ដឹកនាំការិយាល័យទាំង៥ ធ្វើយ៉ាងណាត្រូវមានគុណធម៌ សុជីវធម៌ តម្លាភាព ក្នុងការលើកទឹកចិត្តដល់មន្រ្តីដែលសកម្ម ធ្វើអោយវិស័យព័ត៌មាន
នៅខេត្តកំពង់ឆ្នាំងមានការរីកចម្រើនជាលំដាប់។

ជាពិសេសគ្រប់ប្រព័ន្ធផ្សព្វផ្សាយរបស់មន្ទីរមុននិងផ្សាយព័ត៌មានត្រូវពិនិត្យអោយបានគ្រប់ជ្រុងជ្រោយ ប្រកបដោយវិជ្ជាជីវៈនិងក្របសីលធម៌ ស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *