រដ្ឋបាលខេត្តកំពង់ឆ្នាំងបើកយុទ្ធនាការកំណត់អត្តសញ្ញាណ សម្ភាសន៍ផ្តល់ប័ណ្ណសមធម៌ ជូនបុគ្គល ឬគ្រួសារ មានសមាជិកបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅសង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំង និងខេត្តកំពង់ឆ្នាំង

តកំពង់ឆ្នាំង៖ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំងបានដឹកនាំក្រុមការងារបើកយុទ្ធនាការកំណត់អត្តសញ្ញាណ សម្ភាសន៍ផ្តល់ប័ណ្ណសមធម៌ ជូនបុគ្គល ឬគ្រួសារ មានសមាជិកបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅសង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។

លោក ឌឹម ឌន ប្រធានមន្ទីរផែនការខេត្តកំពង់ឆ្នាំង បានបញ្ជាក់អោយដឹងថាៈគ្រួសារក្រីក្រចំនួន ២៧ ៧៨៣
គ្រួសារ បានទទួលការបើកផ្តល់សាច់ប្រាក់ពីរាជរដ្ឋាភិបាល ទន្ទឹមនឹងនោះរាជរដ្ឋាភិបាលបានលើកកម្ពស់​សុខុមាលភាពមាតា និង​ទារក ព្រមទាំង​រួម​ចំណែក​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​របស់​កុមារ ​ក្នុង​គ្រួសារ​ក្រីក្រចាប់តាំងពីកូន​ក្នុងផ្ទៃ​រហូត​ដល់​អាយុ២ឆ្នាំ ​ជំរុញ​ដល់ការលូតលាស់​ទាំង​កាយសម្បទា ទាំងបញ្ញាស្មា​រតីចាប់ពីខែមិថុនា ឆ្នាំ២០១៩មក រាជរដ្ឋាភិបាល បានអនុវត្តនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ នៃគ្រួសារក្រីក្រដែលមានប័ណ្ណសមធម៌ ឬ ប័ណ្ណអាទិភាព ដែលនៅខេត្តកំពង់ឆ្នាំងបានគិតត្រឹមថ្ងៃទី២២ ខែសីហា  ឆ្នាំ២០២៣ បានឧបត្ថម្ភ​សាច់ប្រាក់​ជូនស្រី្ត​មានផ្ទៃពោះ ចំនួន ៦ ០៨០ នាក់ កុមារអាយុក្រោម២ឆ្នាំ ចំនួន ១ ៩២២នាក់ ។

លោក អម សុភា បានមានប្រសាសន៍បញ្ជាក់ថាៈដើម្បី​អភិវឌ្ឍ​​សេដ្ឋកិច្ច-សង្គមឲ្យកាន់តែមានការរីកចម្រើនរាជរដ្ឋាភិ
បាល​បាន​អនុម័ត​ក្របខ័ណបណ្តាគោលនយោបាយ​ជាតិ​គាំពារ​សង្គម ២០១៦-២០២៥ បាន​ផ្តោតលើ​សសរ​ស្តម្ភ​ពីរ​គឺ ប្រព័ន្ធ​ជំនួយ​សង្គម និងប្រព័ន្ធ​សន្តិសុខ​សង្គម ដែលមាន​គោល
បំណង​ដើម្បីធានា​ឱ្យបាន​នូវ​សន្តិសុខ​ប្រាក់ចំណូល និង​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​ប្រជាជន សំដៅ​លើកកម្ពស់​សុខុមាល​ភាព​និង​សាមគ្គីភាព​សង្គម ព្រមទាំង​កាត់បន្ថយភាពក្រីក្រ​របស់ប្រជាជន។

ជាពិសេសកន្លងទៅគ្រួសារក្រីក្រ និងគ្រួសារដែលងាយរងហានិភ័យដោយគ្រោះទឹកជំនន់ និងគ្រួសារងាយរងហានិ
ភ័យ ដោយសម្ពាធអតិផរណា បានទទួលការបើកផ្តល់សាច់ប្រាក់នៃគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល​​ ។

ក្នុងនោះរាជរដ្ឋាភិបាលក៏បានអនុវត្តកម្មវិធីប្រព័ន្ធមូលនិធិសមធម៌សុខាភិបាលចំពោះក្រុមគោលដៅនៃជនងាយរងគ្រោះ ដូចជាអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍  ជនមានពិការភាព អតីតយុទ្ធជន និងក្រុមគោលដៅនៃជនងាយរងគ្រោះផ្សេងៗទៀត ដើម្បីឲ្យពួកគាត់បានទទួលសេវាសុខាភិបាលក្នុងការពិនិត្យសុខភាព ការព្យាបាលជំងឺ ដោយពុំមានបង់ថ្លៃសេវានៅតាមមូលដ្ឋានសុខាភិបាលសាធារណៈរបស់រដ្ឋ និងមូលដ្ឋានសុខាភិបាលឯកជនដែលមានចុះកិច្ចសន្យាជាមួយបេឡាជាតិសន្តិសុខសង្គម(ប.ស.ស)។

ជាពិសេសថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការប្តេជ្ញា និងធានាអនុវត្តឱ្យបានសម្រេចជោគជ័យនូវ «កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល» ​ និងផ្តោតការយកចិត្តទុកដាក់លើ កម្មវិធីគោលនយោ​បាយ​ជាអាទិភាពទាំង ៦ ដែលនឹងត្រូវបានដាក់ឱ្យចាប់ផ្តើមអនុវត្តភ្លាមនៅក្នុងឆ្នាំ ២០២៣ នេះ រួមមាន ៖
(១). ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល;
(២). ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស ជូនដល់យុវជនមកពី គ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស
(៣). ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជន ងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន
(៤). ការដាក់ចេញ និងការជំរុញ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធ គាំពារសង្គមផ្លូវការ
(៥). ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើក ស្ទួយផលិតកម្ម, រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ។
(៦). ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមាន សកម្មភាពកសិកម្ម នៅទូទាំងប្រទេស និង ការរៀបចំឱ្យមានសមាគមកសិករនៅតាមទី ជនបទ ។

ករណីមូលនិធិ​ជាតិ​ជំនួយសង្គមក៏មានឆន្ទៈក្នុងការពង្រីកវិសាលភាពកម្មវិធីជំនួយសង្គម សំដៅ គ្របដណ្តប់​លើ​មនុស្សគ្រប់វ័យ ជាក់ស្តែង​គឺបាននឹង​កំពុងរៀបចំ «កម្មវិធីជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» ដែលត្រូវធ្វើ​សមាហរណកម្ម​​​កម្មវិធី​ជំនួយ​សង្គមបញ្ចូលគ្នា ក្នុងកញ្ចប់តែមួយ រួមមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់​ជូនស្រ្តី​មានផ្ទៃពោះ និងកុមារអាយុ​ក្រោម២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព កម្មវិធីឧបត្ថម្ភសាច់ប្រាក់​ដល់សិស្សក្រីក្រ​នៅបឋមសិក្សា និងមធ្យមសិក្សា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនមនុស្សវ័យចាស់​អាយុ៦០ឆ្នាំឡើង និងកម្មវិធីឧបត្ថម្ភ​សាច់ប្រាក់​ជូន​អ្នកផ្ទុកមេរោគអេដស៏និងជំងឺអេដស៏ ហើយគ្រោងដាក់ឱ្យដំណើរការ​នៅដើម​ឆ្នាំ២០២៤​ខាងមុខនេះ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *