អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា អមដំណើរដោយលោកអភិបាលរងខេត្ត មន្ត្រីសាលាខេត្ត និងមន្ទីរមួយចំនួនបានអញ្ជើញចុះសួរសុខទុក្ខជនរងគ្រោះក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍

ខេត្តពោធិ៍សាត់៖ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា អមដំណើរដោយលោកអភិបាលរងខេត្តមន្ត្រីសាលាខេត្តនិងមន្ទីរមួយចំនួនបានអញ្ជើញចុះសួរសុខទុក្ខជនរងគ្រោះក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍
និងបន្តសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ខេត្តពោធិ៍សាត់ នៅល្ងាចថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣នេះ។
 មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម ខូយ រីដា បានចូលរួមសម្តែងការសោកស្តាយ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើងលើកំណាត់ផ្លូវជាតិលេខ ៥ ចន្លោះគីឡូលេខ១៥០ – ១៥១ត្រង់ចំណុច ផ្លូវកោងស្ថិតក្នុងភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ កាលពីថ្ងៃទី១ខែកញ្ញាឆ្នាំ២០២៣ បើកបរក្នុងល្បឿនលឿនស្របពេលកំពុងភ្លៀងរអិលរថយន្ត ទៅបោកនឹងបង្គោលភ្លើងបណ្តាលឲ្យមនុស្សស្លាប់ម្នាក់បន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យខេត្តនិងរបួសធ្ងន់ ស្រាលចំនួន៧នាក់។

ឯកឧត្តមសូមឲ្យជនរងគ្រោះថ្នាក់ចរាចរណ៍ក៏ដូចគ្រោះថ្នាក់ផ្សេងៗដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យទាំងអស់បន្តសម្រាកពិនិត្យនិងព្យាលនៅក្នុងមន្ទីរពេទ្យ ព្រោះថាអាជ្ញាធរខេត្តនិងមន្ត្រីមន្ទីរពេទ្យខេត្តខិតខំគាំពារ ពិនិត្យនិងព្យាបាលជំងឺជូនបងប្អូនអស់ពីចិត្តពីថ្លើម សំដៅធ្វើយ៉ាងណាឲ្យពួកគាត់បានធូរស្រាលនិងជាសៈស្បើយ ដើម្បីឆាប់វិលត្រឡប់ទៅជួបជុំក្រុមគ្រួសារ សាច់ញាតិវិញ។

តាមរយៈនេះឯកឧត្តម អភិបាលខេត្តបានអំពាវនាវដល់អ្នកបើកបរទោចក្រយានយន្តក្តី រថយន្តក្តីត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក បង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នាកុំឲ្យកើតមានដូច ករណីថ្មីៗទៀត។

ក្នុងឱកាសចុះសួរសុខទុក្ខនោះឯកឧត្តម អភិបាលខេត្តបានចូលរួមឧបត្ថម្ភថវិកាដល់ស្រ្តីរងគ្រោះធ្ងន់ក្នុងឧប្បត្តិហេតុដែល កំពុងសម្រាកព្យាបាលជាក់ស្តែងចំនួន២នាក់ក្នុងម្នាក់ៗចំនួន៤០ម៉ឺនរៀល និងបន្តចុះសួរសុខទុក្ខរបួសដោយប្រការផ្សេងៗនិងជំងឺដោយការវះកាត់ចំនួន៤៤នាក់ក្នុងម្នាក់ៗថវិកា៤ម៉ឺនរៀលផងដែរ។

 សូមរំលឹកថា ក្រោយពីករណីគ្រោះថ្នាក់ចរាចរណ៍នោះភ្លាមឯកឧត្តម ខូយ រីដា រួមជាមួយ មន្ត្រីជំនាញបានទៅដល់កន្លែងកើតហេតុនិងជួយសង្គ្រោះភ្លាមៗដោយអ្នករងបួសស្រាលបញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រគរដោយឡែកអ្នករបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ចំពោះអ្នកបើកបរ រថយន្តបង្កគ្រោះថ្នាក់ត្រូវបានរត់គេចខ្លួន បាត់ស្រមោល។

ករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ឈ្មោះអ៊ុល វាសនា ភេទប្រុស អាយុ៤០ឆ្នាំនិងអ្នករបួសធ្ងន់ ស្រាលរួមមាន ១-ឈ្មោះ លីវ ឆេងអ៊ួ ភេទប្រុសអាយុ៦០ឆ្នាំ រស់នៅភូមិតារាងបាល់ ឃុំកំពង់ស្វាយ ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ (របួសធ្ងន់) ២-ឈ្មោះ ខៀវ ផល្លី ភេទប្រុស អាយុ៣០ឆ្នាំរស់នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ (របួសធ្ងន់) ៣- ឈ្មោះ ទី វីណា ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅសង្កាត់អូរឬស្សីទី៣ ខ័ណ្ឌ៧មករា រាជធានីភ្នំពេញ (របួសធ្ងន់) ៤- ឈ្មោះ គឹម ផាត់ ភេទស្រីអាយុ២៨ឆ្នាំរស់នៅភូមិជ្រៃកោង ឃុំស្លាកែតក្រុងបាត់ដំបង(របួសធ្ងន់) ៥-ឈ្មោះនឿន ស្រីណាក់ ភេទស្រី អាយុ ២៩ឆ្នាំរស់នៅភូមិបឹងព្រីង ឃុំស្នួលកោង ស្រុកថ្មគោល ខេត្តបាត់ដំបង(របួសធ្ងន់) ៦-ឈ្មោះសាវន ឆវន ភេទ ប្រុស អាយុ២១ឆ្នាំរស់នៅភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ(របួសស្រាល)និង៧-ឈ្មោះយាត សំអាត ភេទ ប្រុសអាយុ៤២ឆ្នាំរស់នៅភូមិអូរចារ ឃុំអូរចារ ក្រុងបាត់ដំបង(របួសស្រាល) ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *