សមាគមនារីខេត្តពោធិ៍សាត់ផ្តល់ជូនតុ៦០ និងកៅអី៣០ ដល់សាលាមត្តេយ្យ សហគមន៍ចំនួន២ នៅស្រុកភ្នំក្រវ៉ាញ

តពោធិសាត់៖ លោកជំទាវ អាំង សុជាតា ខូយ រីដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា​ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ បាននាំលោកជំទាវ និងលោកស្រី អនុប្រធានកិត្តិយស ប្រធានសមាគមនិងសមាជិការខេត្ត ស្រុក ដោយនាំយកតុចំនួន៦០និងកៅអី៣០ទៅ ផ្តល់ជូនសាលាមត្តេយ្យសហគមន៍ចំនួន២ គឺសាលាមត្តេយ្យសហគមភូមិវាលវង់ ឃុំសំរោង និងសាលាមត្តេយ្យ សហគមន៍ភូមិរកាត ឃុំរកាត ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់នាថ្ងៃទី០១​ខែកញ្ញាឆ្នាំ២០២៣ ដែលជាសាលាមួយនៅចុងកាត់មាត់ញកនិងតំបន់ព្រៃភ្នំជួបកង្វះខាតសម្ភារៈប្រើប្រាស់។

លោកជំទាវ អាំង សុជាតា ខូយ រីដា បានលើកឡើងថា ដោយមើលឃើញអំពីកង្វះខាតសង្ហារឹមក្នុងការរៀននឹងបង្រៀនសាលាមត្តេយ្យសហគមន៍ទាំងនេះ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តបានគៀងគរថវិកាដើម្បីទិញតុនិកៅអី សម្រាប់ឲ្យកូនៗមានកន្លែងរៀនល្អ សមរម្យ ព្រោះថាសាលាមត្តេយ្យសហគមន៍ទាំង២នេះស្ថិតតំបន់ព្រៃភ្នំនិងនៅចុងកាត់មាត់ញកថែមទៀតផង។

ទោះជាយ៉ាងនេះក៏ដោយ ក៏អាជ្ញាធរគ្រប់លំដាប់ថ្នាក់ជាពិសេសឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងអភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញនិងមន្ទីរជំនាញនៅតែបន្តជួយដោះស្រាយគ្រប់ពេលវេលាមិនទុកឲ្យចៅឯកោឡើយ។

លោកជំទាវសូមឲ្យអ្នកគ្រូ ព្រមទាំងចៅៗទាំងអស់ខិតខំបង្រៀននិងរៀនសំដៅធ្វើយ៉ាងឲ្យចៅៗចេះដឹង។

សាលាទាំង២នេះក្លាយជាសាលាមតេយ្យ ឈានមុខទាំងគុណភាពនិង បរិមាណព្រោះថាការសិក្សាថ្នាក់មត្តេយ្យគឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ត្រូវតែយកចិត្តទុកដាក់ក្នុងបណ្តុះនូវចំណេះដឹងដំបូងដោយមិនអាចខ្វះបាន។ លោកជំទាវសូមឲ្យអ្នកគ្រូនិងចៅៗទាំងអស់ចូលរួមជួយថែរក្សានូវសម្ភារៈទាំងអស់នេះឲ្យបានគង់វង្សល្អ យូរអង្វែង ហើយកត្តាដែលសំខាន់នោះចង់ឲ្យចៅៗនៅក្នុងតំបន់នេះរៀនបានពូកែ មានអនាគតល្អជាការតបស្នងសងគុណដល់មាតា បិតា អាណាព្យាបាលក៏ដូចក្រុមការងារនិងអាជ្ញាធរដែនដីជាដើម។

លោក ហេង សុភាណា អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ អាំង សុជាតា ប្រធានកិត្តិយស ព្រមទាំងលោកជំទាវអនុប្រធានកិត្តិយស និងលោកស្រីសមាជិកាសមាគមនារីកម្ពុជា ដើម្បី សន្តិភាពនិងអភិវឌ្ឍន៍ទាំងថ្នាក់ ស្រុកដែលបានអញ្ជើញចុះសួរសុខទុក្ខនិងផ្តល់ជូនតុ កៅអីដល់សាលាមត្តេយ្យ សហគមន៍ទាំង២។

ទង្វើដ៏ល្អប្រពៃរបស់លោកជំទាវនិងលោកស្រីទាំងនេះបញ្ជាក់ឲ្យឃើញកាន់តែច្បាស់អំពីទឹកចិត្តសប្បុរសធម៌និងគិតគូរទៅដល់អនាគតកូនៗចៅៗដែលរស់នៅចុងកាត់មាត់ញកនិងតំបន់ព្រៃភ្នំមានសាលានិងសម្ភារៈគ្រប់គ្រាន់និងស្អាតល្អដូចសាលាមត្តេយ្យនៅក្នុងទីប្រជុំជនខេត្ត ស្រុក ក្រុង។

លោកអភិបាលស្រុកបានឲ្យដឹងថា សាលាមត្តេយ្យភូមិវាលវង់ ឃុំសំរោងកសាងឡើងដោយអង្គការ បណ្តុះកុមារមានបណ្តោយ៨ម៉ែត្រនិងទទឹង៦ម៉ែត្រដោយចំណាយថវិកាអស់ជាង៤ពាន់ដុល្លារនិងមានសិស្សមត្តេយ្យចំនួន២៧នាក់និងអ្នកគ្រូបង្រៀនម្នាក់សាលាមត្តេយ្យសហគមន៍ភូមិរកាតគឺជាអគាធ្វើអំពីឈើកសាងដោយប្រជាពលរដ្ឋដែលបច្ចុប្បនេះ មានសិស្សមត្តេយ្យចំនួន៣០នាក់និងអ្នកគ្រូបង្រៀន២នាក់។

សូមបញ្ជាក់ថា នៅក្នុងពិធីនោះលោកជំទាវក៏បានចែកជូនថវិកាមួយចំនួនដល់ចៅៗសិស្សមត្តេយ្យទាំង២ក្នុងឱកាសអបអរសាទរខួបកំណើតលោកជំទាវផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *