ខេត្តពោធិ៍សាត់
សិស្សានុសិស្សវិទ្យាល័យកោះស្វាយ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យចំនួន៥២នាក់ស្រី៣០នាក់ ត្រូវបានសាខាកាកបាទក្រហម កម្ពុជា ខេត្តពោធិ៍សាត់ បានរៀបចំពិធីបំពាក់កន្សែងបន្ទាប់ពីទទួលបានការបណ្តុះបណ្តាលស្តីពីចលនាកាកបាទក្រហមនិងអឌ្ឍចន្ទ ក្រហមពេញមួយថ្ងៃ ដែលបានប្រារព្ធធ្វើនៅសាលាស្រុកតាលោសែនជ័យ នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះ។
មានប្រសាសន៍នាឱកាសនោះ តាងនាម ឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ លោក សំ ណារិទ្ធ អភិបាលនៃគណៈអភិបាលស្រុកតាលោសែនជ័យនិងជាប្រធានកិត្តិយសអនុសាខា និងលោក វ៉ាន់ ហ៊ាង នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត បានលើកឡើងថា ដើម្បីបំពេញបន្ថែមសមាជិកយុវជនដែលបានប្រឡងចេញនោះ សាខាត្រូវបន្តជ្រើសរើសនិងធ្វើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនថ្មី សម្រាប់បំពេញសកម្មភាពមនុស្សធម៌នៅក្នុងមូលដ្ឋាន ដោយបានបញ្ជាក់ថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចាត់ទុកយុវជនជាធនធានគន្លឹះ និងមានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និងការរក្សាសន្តិភាព ។
ជាការពិតណាស់ថា នៅគ្រប់សម័យកាល គ្រប់សង្គម យុវជនជាកម្លាំងស្រួចដែលមានកម្លាំងកាយចិត្តមាំមួន មានស្មារតីភ្លឺស្វាង មានទឹកចិត្តក្លាហាន ពុះពារគ្រប់ឧបសគ្គហើយជាទូទៅយុវជនគឺជាសសរទ្រូងរបស់ប្រទេសជាតិទាំងនៅពេលបច្ចុប្បន្ននិងទៅអនាគត។
ជា មួយគ្នានេះដែរកាកបាទ ក្រហមកម្ពុជា បានទទួលស្គាល់ថា យុវជនកាកបាទក្រហមកម្ពុជា គឺជាអ្នកស្ម័គ្រចិត្តវ័យក្មេង ជាកម្លាំងស្នូលមួយដ៏មានសារៈសំខាន់ និងសកម្មបំផុត ក្នុងការផ្ដល់នូវសេវាកម្មមនុស្សធម៌ ប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ និងការលះបង់ឥតងាករេ ស្របតាមប្រធានបទ “យុវជនកំពុងនាំគ្នាធ្វើកម្មភាព យុវជនជាភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបថក្នុងសង្គម”។
តាមរយៈនេះលោក ក៏បានផ្តាំផ្ញើនិងប្រគល់ជូននូវតួនាទីភារកិច្ចដល់ប្អូនៗដែលទើបបំពាក់កន្សែងថ្មីនាពេលនេះគប្បី គោរពវិន័យ ខិតខំរៀនសូត្រឱ្យបានពូកែ ធ្វើជាគំរូល្អគ្រប់សកម្មភាពក្នុងស្រទាប់យុវវ័យ បន្តជម្រុញផ្សព្វផ្សាយពីគោលការណ៍គ្រឹះនៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម និងពីសកម្មភាពកាកបាទក្រហមកម្ពុជា នៅក្នុងវិទ្យាល័យ និងនៅក្នុងសហគមន៍។
ចូលរួមសកម្មភាពមនុស្សធម៌ទាំងក្នុងនិងក្រៅសាលាជាពិសេសជួយដល់យុវសិស្សក្រីក្រ រៀនខ្សោយ និងលើកទឹកចិត្តដល់យុវសិស្សពិការភាព។
ត្រូវមានទំនាក់ទំនងស្មើភាពក្នុងជួរយុវជនដោយសហការល្អនិងចែករំលែកបទពិសោធន៍ជាមួយយុវកាយរិទ្ធិជាតិកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរមូលដ្ឋានគ្រប់ពេលវេលា ធ្វើជាគំរូល្អក្នុង ការគោរពច្បាប់ចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ និងពិការភាពដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងសង្គម។
ចូលរួមប្រជុំក្លឹបយុវជន និងរាយការណ៍ទៀងទាត់ពី សកម្មភាពយុវជនកាកបាទក្រហមកម្ពុជា ជូនលោកគ្រូ អ្នកគ្រូជាទីប្រឹក្សាយុវជន និងលោកនាយក ដែលជាប្រធានកិត្តិយសក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាល័យ ឱ្យលោកបានជ្រាបដើម្បីបន្តជួយសម្រួលការងារយុវជន។
ឆ្លើយតបនឹងប្រសាសន៍ផ្ដាំផ្ញើនិងការប្រគល់ភារកិច្ច របស់លោកនាយកប្រតិបត្តិក៏ដូចលោកនាយកវិទ្យាល័យនោះ តំណាងយុវជនកាកបាទក្រហមកម្ពុជាវិទ្យាល័យកោះស្វាយ បានសំដែងនូវអំណរគុណចំពោះថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា និងប្ដេជ្ញាចិត្តខិតខំ រៀនសូត្រឱ្យបានពូកែ គោរពវិន័យ សីលធម៌ ឱ្យក្លាយជាសិស្សល្អ កូនល្អ និងមិត្តល្អ ប្រតិបតិ្តតាមគោលការណ៏គ្រឹះទាំង៧ របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម។
បន្តខិតខំបំពេញតួនាទី ភារកិច្ច គាំទ្រ និង ចូលរួមសកម្មភាពមនុស្សធម៌ឱ្យបានកាន់តែច្រើនទាំងក្នុងនិងក្រៅសាលា ព្រមទាំង អភិវឌ្ឍសមត្ថភាពរបស់ខ្លួន ឱ្យក្លាយជាពលរដ្ឋល្អទៅថ្ងៃអនាគត៕