កំពង់ឆ្នាំង៖ សាលាដំបូងខេត្តកំពង់ឆ្នាំង បានសម្រេចឃុំខ្លួនជនសង្ស័យចំនួន ៤ នាក់ ក្នុងនោះម្នាក់ជាជនដៃដល់ក្នុងបទល្មើសលួចម៉ូតូ និង៣នាក់ទៀតជាអ្នកទទួលផលចោរកម្ម ដែលបានប្រព្រឹត្តឡើងនៅក្នុងក្រុងកំពង់ឆ្នាំង។
បើយោងតាមរបាយការណ៍បាយរបស់នគបាលខេត្តបានឲ្យដឹងថា មុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៤ នាក់ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាជនដៃដល់លួចម៉ូតូ ឈ្មោះ ឈឿន វណ្ណៈអាយុ ១៦ឆ្នាំ បានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខកំពង់ឆ្នាំង1E. 55 56 របស់ឈ្មោះ ខាត់ ចក់ អាយុ៤២ ឆ្នាំ នៅត្រពាំបី សង្កាត់ផ្សារឆ្នាំង ។
ក្រោយការចាប់ខ្លួនសមត្ថកិច្ចបានធ្វើការសាកសួរ និងឈានដល់ការឃាត់ខ្លួនអ្នកទទួលផលចោរកម្ម ជាបន្តបន្ទាប់ចំនួន ៣ នាក់ទៀត ក្នុងនោះម្នាក់ជាអាជីវករ ទិញលក់ម៉ូតូ ជាមួយនឹងការឃាត់ខ្លួន សមត្ថកិច្ចបាន ដករហូតនៅម៉ូតូសង្ស័យគ្មានឯកសារ ចំនួន២៥ គ្រឿងបន្ថែមទៀត។
សមត្ថកិច្ចប្រាប់ថា ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានឃាត់ខ្លួនពីបទទទួលផលចោរកម្មមាន៖ ១ យឹម ចាន់ធី ហៅកេ អាយុ៣៩ ឆ្នាំ មានទីលំនៅភូមិ ដំណាក់ពពូលសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ២ឈ្មោះ ជួប ភៀង អាយុ ២៥ឆ្នាំ នៅភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាបៀរ និង ៣ ឈ្មោះ ជួប ផេង អាយុ ២២ឆ្នាំនៅភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាបៀរ ។
ជនសង្ស័យទាំង៤នាក់ ក្រោយពីបានកសាងសំណុំរឿង សមត្ថកិច្ចបានបញ្ជូន ទៅតុលាការ រួមទាំងវត្ថុតាង ហើយត្រួវបាន តុលាការសម្រេចឃុំខ្លួនកាលពីថ្ងៃទី ២៩ខែសីហា ឆ្នាំ២០២៣។
ការបង្ក្រាបករណីចោរលួចម៉ូតូនេះធ្វើឲ្យប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងអបអរសាទរនិងស្នាដៃសមត្ថកិច្ច ក៏ដូចជាតុលាការដែលបានធ្វើសកម្មភាពបំបែកសំណុំរឿងនេះ៕