ខេត្តពោធិសាត់៖ មន្ទីរផែនការខេត្តបានបើកកិច្ចប្រជុំ ស្ដីពីការអនុវត្តនិតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងយុទ្ធនាការសម្ភាសន៍ផ្ដល់ប័ណ្ណសមធម៌ ជូនបុគ្គលឬគ្រួសារដែលមានសមាជិកបម្រើការ ក្នុងសេវាកំសាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក លឹម សុខតូ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅសាលាខេត្តពោធិ៍សាត់នៅថ្ងៃទី៣១ខែសីហាឆ្នាំ២០២៣។
លោក ឈុន ប៊ុណ្ណារិទ្ធ ប្រធានមន្ទីរផែនការខេត្តបានជម្រាបជូនថា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គមឲ្យកាន់តែរីកចម្រើន រាជរដ្ឋាភិបាលបានអនុម័តក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦ ២០២៥ ផ្ដោតលើសសរស្ដមពីរគឺ ប្រព័ន្ធជំនួយសង្គមនិងប្រព័ន្ធសន្តិសុខសង្គម ដើម្បីកំណត់ផែនការយុទ្ធសាស្ត្រក្នុងការធានាឲ្យបាននូវសន្តិសុខប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់ប្រជាជន សំដៅលើកកម្ពស់សុខមាលភាពនិងសាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រជាអតិបរមា។
គិតត្រឹមថ្ងៃទី២២ខែសីហាឆ្នាំ២០២៣ ខេត្តពោធិ៍សាត់មានគ្រួសារក្រីក្រចំនួន២៨.០៦៣គ្រួសារ, បានទទួលការបើកផ្ដល់សាច់ប្រាក់ពីរាជរដ្ឋាភិបាលចំនួន ១៨១.២៨៧.៨៤៨.០០០រៀល, ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះចំនួន៦.១១៥នាក់, កុមារអាយុក្រោម០២ឆ្នាំចំនួន២.០៨៨នាក់, បានទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលចំនួន ៣.៥៣២.៦០០.០០០រៀល។
លោក លឹម សុខតូ អភិបាលរង តំណាងឯកឧត្តមអភិបាលខេត្ត បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះស្នាដៃ សមិទ្ធផល ដែលស្ដែងចេញពីកិច្ចខិតខំប្រឹងប្រែងរបស់លោក លោកស្រី ជាក្រុមការងារបច្ចេកទេសអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៃមន្ទីរផែនការខេត្ត សហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ក៍ដូចរដ្ឋបាលឃុំសង្កាត់ទាំង៤៩។
កិច្ចប្រជុំថ្ងៃនេះពិតជាមានសារៈសំខាន់ណាស់ ដែលអ្នកចូលរួមបានយល់ដឹងពីនីតិវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសរដ្ឋបាលឃុំសង្កាត់ដែលជាតួអង្គដ៍សំខាន់ នៃដំណើរការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ ក៍ដូចជាកំណត់អំពីបុគ្គលឬគ្រួសារមានសមាជិកបម្រើការក្នុងសេវាកំសាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីទទួលបានប័ណ្ណសមធម៌ត្រឹមត្រូវនិងមានការទទួលខុសត្រូវខ្ពស់។
លោក លឹម សុខតូ សំណូមពរដល់លោក លោកស្រី ទាំងអស់ ត្រូវយកចិត្តទុកដាក់ តាមដាន បទបង្ហាញខ្លឹមសារសំខាន់ៗដែលត្រូវយកទៅអនុវត្ត ធ្វើការពិភាក្សា ដើម្បីអនុវត្តឲ្យសម្រេចបានត្រឹមត្រូវ និងមានការទទួលខុសត្រូវខ្ពស់៕