ខេត្តកំពង់ឆ្នាំង៖ ក្រុមការងារ គណបក្សប្រជាជនកម្ពុជា ឃុំឆ្នុកទ្រូ បានរៀបចំពិធីជប់លៀងជូនបងប្អូនខ្មែរឥស្លាមនៅចំណុចយុគន្ធ ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍។
ពិធីជប់លៀងខាងលើនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពឯកឧត្តម សូសុីនួនប្រធានក្រុមការងារ ថ្នាក់កណ្ដាលចុះមូលដ្ឋានឃុំឆ្នុកទ្រូនិងលោកជុំទាវ ឯកឧត្តមប៉ែន សំបូរ អនុប្រធានក្រុមការងារ ថ្នាក់កណ្ដាលចុះមូលដ្ឋានឃុំឆ្នុកទ្រូ ឯកឧត្តមសុខ សនក្រុមការងារ ថ្នាក់កណ្ដាលចុះមូលដ្ឋានឃុំឆ្នុកទ្រូនិងលោកជុំទាវ លោកលី ផល្លីន អភិបាលរងស្រុក បរិបូរណ៍ លោកសាំង គឹមស៊នមេឃុំឆ្នុកទ្រូ និងក្រុមប្រឹក្សាឃុំ ប្រធានភូមិ អនុភូមិឆ្នុកទ្រូ រួមទាំងបងប្អូនខ្មែរឥស្លាមសរុបចំនួនជាង១០០នាក់ បានធ្វើការសំណេះសំណាល សាកសួសុខទុក្ខ និងបានបានរៀបចំអារហារសាមគ្គី បង្កភាពស្និតស្នាលក្នុងបរិយាកាស សប្បាយរីករាយក្រៃលែង នៅថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០២៣នេះ។
ក្នុងនោះឯកឧត្តមសូ សុីនួន បានក្រើនរំលឹក អបអរសាទរនូវលទ្ធិផលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣នៅក្នុងឃុំឆ្នុកទ្រូ ទទួលបានជោគជ័យដ៏ល្អនិងថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំឆ្នុកទ្រូទាំងមូលដែលមានភាពជឿជាក់បន្តគាំទ្រទៅបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជាឈ្នះៗជារៀងរហូតមក។
ឯកឧត្តមសូ សុីនួន ក៏បានថ្លែងនៅចំពោះមុខ បងប្អូនខ្មែរឥស្លាមថា រាជរដ្ឋាភិបាលនីតិកាលទី៧នេះ បានបង្កើតចេញជារូបរាងរួចហើយ ដែលត្រូវបាន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យត្រាស់បង្គាប់ចាត់តាំងឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុនម៉ាណែត ជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីដឹកនាំ និងកសាងប្រទេសជាតិ ជាបន្តទៅទៀត។
ឯកឧត្តមបានក្រើនរំឮកនូវគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការជួយសង្រ្គោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត, ជាពិសេសនយោបាយឈ្នះឈ្នះ ដែលធ្វើឱ្យប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូតទទួលបានសុខសន្តិភាពពេញលេញ និងទទួលបាននូវសមិទ្ធផល និងភាពជោគជ័យជាច្រើនក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដូចជា៖ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្ដាញទឹកស្អាត អណ្ដូងទឹក ភ្លើងអគ្គិសនី រោងចក្រកសិដ្ឋាន សំណង់តូចធំ សាលារៀន មន្ទីរពេទ្យ វត្តអារាម។ល។
ជោគជ័យនៃការប្រយុទ្ធឈ្នះជំងឺកូវីដ-១៩, ជោគជ័យដ៏ត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន, ជោគជ័យក្នុងការរៀបចំកម្មវិធីអង្គរសង្ក្រាន, ជោគជ័យជាប្រវត្តិសាស្រ្ត ក្នុងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលទើបបិទបញ្ចប់កាលពីពេលថ្មីៗកន្លងទៅនេះឯកឧត្តម សូ សុីនួនបានបញ្ជាក់ថា សន្តិភាព និងសមិទ្ធផលទាំងនេះ បានមកពីថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបានយកអាយុជីវិតធ្វើជាដើមទុន និងពលិកម្មដ៏ធំធេង។
ឯកឧត្តម បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះ ឯកឧត្តម កក្តិនេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីជារៀងរហូតដើម្បីថែរក្សាសុខសន្តិភាពឱ្យរឹងមាំស្ថិតស្ថេរគង់វង្សជានិច្ច។ សមិទ្ធផល និងភាពជោគជ័យជាច្រើនក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ក៏ជាបទពិសោធន៍ដ៏ល្អសម្រាប់អោយរាជរដ្ឋាភិបាលអាណត្តិថ្មីយកទៅអនុវត្តបន្តទៀតផងដែរ៕