អភិបាលរងខេត្តតាកែវណែនាំដល់គ្រឹះសា្ថនអប់រំទាំងអស់ បង្កើនសកម្មភាពអប់រំផ្សព្វផ្សាយដល់សិស្ស ពីបញ្ហាគ្រឿងញៀនអោយបានខ្លាំងក្លាបន្ថែមទៀត

តាកែវ៖ ថ្លែងក្នុងឱកាសអញ្ជើញ ក្នុងកិច្ចប្រជុំបូកសរុបការងារអប់រំគ្រឿងញៀន ក្នុងអនុវិទ្យាល័យ និងវិទ្យាល័យទូទាំងខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៣  និងការងារបន្ត កាលពីថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣នេះ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវ លោក យង់ សុវឌ្ឍនា អភិបាលរងខេត្តតាកែវ និងជាប្រធានលេខាធិកាដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្ត បានធ្វើការណែនាំ និងក្រើនរំលឹកដល់ គ្រឹះស្ថានអប់រំ ទាំងរដ្ឋនឹងឯកជនទាំងអស់ត្រូវបង្កើនសកម្មភាព អប់រំផ្សព្វផ្សាយដល់គ្រប់ស្រទាប់មហាជន ពិសេសប្អូនៗ សិស្សានុសិស្ស យុវជន ត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន ដែលវាធ្វើអោយប៉ះពាល់សុខភាពខ្លួនឯង គ្រួសារ និងសង្គមជាតិ។

លោកអភិបាលរងខេត្តបានមានប្រសាសន៍ថាបញ្ហាគ្រឿងញៀនជាបញ្ហាសង្គមមួយដ៏រ៉ាំរៃ និងស្មុគស្មាញដែលវា បង្ករផលវិបាកជាច្រើនដល់សង្គមជាតិ រួមនិងមនុស្សទូទៅ។ ហើយការដោះស្រាយបញ្ហាគ្រឿងញៀននេះទាមទារអោយមានការចូលរួមចាប់ពីបុគ្គលម្នាក់ៗ ក្រុមគ្រួសារ សហគមន៍ អាជ្ញាធរមូលដ្ឋាន  អង្គការជាតិ អន្តរជាតិ ជាដើមដើម្បីធ្វើយ៉ាងណាឈានទៅរកការលុបបំបាត់ការប្រើប្រាស់គ្រឿងញៀននៅតាមសាលារៀន។

លោក យង់ សុវឌ្ឍនា អភិបាលរងខេត្តតាកែវបានមានប្រសាសន៍បន្តទៀតថាគ្រឿងញៀនវាបំផ្លាញទាំងរូបរាង្គកាយ សុខភាព បញ្ញាស្មារតី និងអាចបណ្ដាអោយស្លាប់ ទៀតផង ដូច្នេះក្នុងនាមប្អូនៗជាសិស្សានុសិស្ស ជាទំពាំងស្នងឫស្សីជំនាន់ក្រោយ ត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន កុំចង់សាក ចង់ដឹងអោយសោះ ពោលត្រូវរួមគ្នា ទប់ស្កាត់ ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទដើម្បីធានាបាននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលបានដាក់ចេញ គ្មានអំពើឆក់ប្លន់ អំពើហឹង្សា ក្មេងទំនើង កើតឡើងនៅមូលដ្ឋានតទៅទៀត ព្រោះបទល្មើសផ្សេងៗវាកើតឡើងពីយុវជនដែលប្រើប្រាស់គ្រឿងញៀន ។

បើតាមលោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ បានអោយដឹងថាឆមាសទី១កន្លងមកនេះនៅតាមអនុវិទ្យាល័យ និងវិទ្យាល័យ កម្រិតមធ្យមសិក្សាទូទាំងខេត្ត លោក លោកស្រី នាយក នាយិកា លោកគ្រូ អ្នកគ្រូ បានអនុវត្តការងារបានយ៉ាងល្អប្រសើរស្របតាមការណែនាំរបស់ក្រសួងអប់រំបានដាក់ចេញក្នុងនោះថ្នាក់ដឹកនាំសាលារួមទាំងបុគ្គលិក បានចុះតាមដានរាល់សកម្មភាព ការសិក្សារបស់សិស្ស ជាប្រចាំ និងរាយការណ៍ទៅ អាព្យាបាល ឫឪពុកម្តាយពួកគាត់នៅពេលមានបញ្ហាអ្វីមួួយកើតឡើងការមិនគោរពវិន័យសាលារឺបានពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ដែលធ្វើអោយប៉ះពាល់ដល់អនាគតពួកគាត់៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *