កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺសារទឹក ជម្ងឺអ៊ុចក្តាម លេីសត្វគោ ជូនប្រជាពលរដ្ឋដោយគិតថ្លៃ នៅភូមិកំពង់ត្រុំក្រោម ឃុំកោះមិត្ត ស្រុកកំពង់សៀម ដើម្បីការពារជម្ងឺឆ្លងរាតត្បាតផ្សេងៗដែលតែងតែកើតមានឡេីង ចំពោះសត្វពាហនៈ ក្នុងរដូវវស្សានេះ ក្រោមការរៀបចំរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានធ្វេីការណែនាំដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ត្រូវជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យបានចូលរួមជាមួយមន្ត្រីជំនាញ ដើម្បីចាក់ថ្នាំការពារទប់ស្កាត់នូវជម្ងឺឆ្លងលេីសត្វពាហនៈ និងជួយរាយការណ៍ អំពីស្ថានភាពជម្ងឺសត្វទៅកាន់ភ្នាក់ងារ សុខភាពសត្វភូមិ និងមន្ត្រីបសុព្យាបាល ប្រចាំស្រុក ហេីយត្រូវចូលរួមធ្វើការចាក់ថ្នាំការពារឱ្យបានទាន់ពេលវេលា ចៀសវាងបង្កឱ្យមានការឆ្លងជម្ងឺរីករាលដាលធ្ងន់ធ្ងរ ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ឱ្យធ្វេីការសំអាតថែរក្សាបរិវេណជុំវិញលំនៅឋានរបស់ខ្លួន ដែលជាកន្លែងសត្វមូសបង្កាត់ពូជ ដេីម្បីការពារនូវជំងឺឆ្លងផ្សេងៗ ហើយបេីបងប្អូនកូនចៅមានជំងឺអ្វីកេីតឡេីង សូមប្រញាប់ប្រញាល់ទៅកាន់មន្ទីរពេទ្យជាបន្ទាន់ កុំបង្អង់យូរនាំឱ្យធ្លាក់ក្នុងសភាពធ្ងន់ធ្ងរ។
បេីយោងតាមលោកស៊ីម ថាវីរះ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានឱ្យដឹងថា មន្ទីរកសិកម្មខេត្ត បានបន្តជំរុញការបង្កើនផលិតភាព ពិពិធកម្មដំណាំកសិកម្ម និងកសិ-ធុរកិច្ច ការលើកកម្ពស់ផលិតកម្មសត្វ និងសុខភាពសត្វ ការគ្រប់គ្រងធនធានជលផល និងអភិវឌ្ឍន៍វារីវកម្ម ការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានព្រៃឈើ និងសត្វព្រៃ រួមទាំងការបង្កើនប្រសិទ្ធភាពសេវា គាំទ្រ និងអភិវឌ្ឍន៍ធនធានមនុស្ស។ ដោយឡែកឃុំកោះមិត្ត មានគោចំនួន ៩១៩ក្បាល ហើយសត្វគោដែលត្រូវចាក់វ៉ាក់សាំងការពារជម្ងឺនៅពេលនេះមានចំនួន ២៥០ក្បាល ដោយយុទ្ធនាការចាក់វ៉ាក់សាំងនេះ តែងតែធ្វើឡេីងជាប្រចាំនារដូវទឹកឡើង និងមិនតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់ឡេីយ ៕