បំពាក់គ្រឿងឥស្សរិយសការងារជូនបុគ្គលិកក្រោមឱវាទមន្ទីរអប់រំយុវជននិងកីឡាខេត្តពោធិ៍សាត់ចំនួន៧៧៣នាក់

ខេត្តពោធិ៍សាត់៖ គ្រឿងឥស្សរិយសការងារ ត្រូវបានឯកឧត្តម បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បំពាក់ជូនបុគ្គលិកបម្រើការងារក្រោមឱវាទមន្ទីរ អប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ចំនួន៧៧៣នាក់ ស្រី២៦០នាក់ នៅមជ្ឈមណ្ឌលសិរីមង្គល(បុរីភូស៊ីណូ)នៅថ្ងៃទី២៩ ខែសីហាឆ្នាំ២០២៣នេះ ដោយមានការចូលរួមពីឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម​ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវប្រតិភូក្រសួង ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញ រដ្ឋបាលស្រុក ក្រុងនិងលោកគ្រូ អ្នកគ្រូជាច្រើនទៀត។

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងកិច្ចស្វាគមន៍ ដោយបានជម្រាបជូនអំពីសមិទ្ធិផល វិស័យអប់រំក្នុងឆ្នាំសិក្សា២០២២-២០២៣ ទូទាំងខេត្តមានសាលាមតេយ្យសិក្សាចំនួន១៨៧កន្លែង សិស្សមាន៩.៥៥៧នាក់ បឋមសិក្សា៣០៧កន្លែង សិស្ស៧២.១៥៥នាក់ មធ្យមសិក្សាបឋមភូមិ ៤៤កន្លែង សិស្ស ២០.២៦២នាក់ និងមធ្យមសិក្សាទុតិយភូមិ ១៦កន្លែងសិស្ស ១១.០៧០នាក់ ។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១-២០២២មានបេក្ខជនប្រឡងចំនួន ៣.៣២៨នាក់ ប្រឡងជាប់មានចំនួន ២.០៩៩នាក់ ក្នុងនោះនិទ្ទេស Aចំនួន២៥នាក់ និទ្ទេសBចំនួន១៤១នាក់ និទ្ទេសCចំនួន៤១៩នាក់ និទ្ទេសDចំនួន ៧០២នាក់ និងនិទ្ទេសE ចំនួន ៨១២នាក់។ ជាមួយគ្នានោះដែរមន្ទីរអប់រំខេត្តបានរៀបចំក្រុមប្រឹក្សាកុមារកម្ពុជានៅតាមសាលារៀន នៃកម្មវិធីសាលាកុមារមេត្រីបានចំនួន៣០៧គណកម្មការប្រតិបត្តិ មានចំនួន១៦៣១សាខា និង៩៧៨៦អនុសាខា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានថ្លែងនូវការកោតសរសើរនិងថ្លែងអំណរគុណចំពោះបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញការងារទៅតាមតួនាទីភារកិច្ចរៀងៗ ខ្លួនដោយបានថ្លែងថា គ្រូជាចង្អុលដៃទិព្វ ជាពុម្ភនិងជាថ្នាលបណ្តុះនូវធនធានមនុស្សប្រកបដោយប្រសិទ្ធភាពនិងតម្លាភាព។

ជាមួយគ្នានោះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការពង្រឹងគុណភាពអប់រំវិទ្យាសាស្ត្រ បច្ចេកទេសនិងពង្រីកវិសាល ភាពសាលារៀនគ្រប់កម្រិតតាមការអប់រំល្អនឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់បុគ្គល ដល់គ្រួសារនិងសង្គមជាតិ ព្រោះថាការអប់រំគឺជាកូនសោរសម្រាប់ដោះស្រាយរាល់បញ្ហាសង្គមនិងសេដ្ឋកិច្ចជាតិព្រោះក្នុងយុគសម័យសេដ្ឋកិច្ចពុទ្ធិនិងបច្ចេកវិទ្យាព័ត៌មាន ដែលកំពុងមានឧត្តមភាពប្រកួតប្រជែងនៅលើកត្តាធនធានមនុស្សដែលមានចំណេះដឹងចំណេះធ្វើទូលំទូលាយ ។

ឯកឧត្តមបណ្ទិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានចាត់ទុកពិធីដ៏ពិសេសវិសាលនេះគឺពិតជាបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលក៏ដូចក្រសួងអប់រំយុវជននិងកីឡា ព្រមទាំងចូលរួមសម្តែងការកោតសរសើរចំពោះថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ​ ទូទាំងខេត្តនិងអាជ្ញាធរពាក់ព័ន្ធដែលបានខិតខំយកចិត្តទុកដាក់ចូលរួមចំណែកបំពេញតួនាទី ភារកិច្ចគាំទ្រក្នុងវិស័យអប់រំនាពេលកន្លងមកទទួលបានសមិទ្ធិផលថ្មីៗជាច្រើន។

តាមរយៈកំណែទម្រង់វិស័យអប់រំនេះរាជរដ្ឋាភិបាលកម្ពុជាក៏នៅតែបានចាត់ទុកវិស័យអប់រំជាវិស័យឈានមុខក្នុងនោះក៏បានដាក់ ចេញនូវគោលនយោបាយថ្មីជាច្រើនដើម្បីជម្រុញវិស័យមួយនេះ ឲ្យបានកាន់តែល្អទាំងបរិមាននិងគុណភាព។

តាមរយៈចក្ខុវិស័យដ៏វែងឆ្ងាយរបស់ក្រសួងក៏ដូចរបស់រាជរដ្ឋាភិបាលគឺតែងបានយកចិត្តទុកដាក់លើការអភិវឌ្ឍន៍ធនធានមនុស្សជាស្នូលនិងជាឆ្អឹងខ្នងនៃ ការអភិវឌ្ឍន៍ប្រទេសជាតិ ព្រោះថាប្រទេសនិមួយៗគេមិនអាចអភិវឌ្ឍបាន ដោយគ្មានធនធានមនុស្សដែលគ្មានគុណភាពនោះទេ យ៉ាងណាប្រទេសកម្ពុជាយើងក៏ដូចគ្នាជាពិសេសប្រទេសកាន់តែអភិវឌ្ឍ កាន់តែត្រូវការធនធានមនុស្សកាន់តែខ្លាំង។

ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងទៀតថា ការបង្កើនគុណភាពធនធានមនុស្សអាចជួយអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យសម្រចបានតាមគោលដៅដែលរាជរដ្ឋាភិបាលដាក់ចេញថានឹងធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់។ដើម្បីសម្រេចគោលដៅនេះបានលុះត្រាតែមានការចូលរួមគាំទ្រពីមហាជន រួមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសជាមួយដៃគូរអភិវឌ្ឍន៍ លោកគ្រូ អ្នកគ្រូផ្ទាល់តែម្តង ។

តាមរយៈការសំណេះសំណាលនេះឯកឧត្តម បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូនិងបុគ្គលិកក្រោមឱវាទមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់បន្តសកម្មភាពនេះឲ្យកាន់តែទូលំទូលាយប្រយោជន៍បង្កើនបានធនធានមនុស្សនិងតម្រូវទីផ្សារពលកម្មទាំងក្នុងនិងក្រៅប្រទេសកាន់តែសម្បូរបែបនិងជឿនលឿន។

ក្នុងខណៈនោះដែរឯកឧត្តម បណ្ឌិត សភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសម្តែងការអបអរសាទរលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នៃរដ្ឋសភាដែល ទទួលបានចំណាត់ថ្នាក់លេខ១ទូទាំងប្រទេសគឺជាមោទនៈភាពនៃខេត្តពោធិ៍សាត់។

បន្ទាប់មកឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីក៏បានប្រគល់ជូនទង់ជ័យលាភី គឺថ្នាក់លេខ១ចំនួន៤អង្គភាព និងថ្នាក់លេខ២ចំនួន៥អង្គភាព ជូនប័ណ្ណសរសើរចំនួន១១អង្គភាពនិងបំពាក់គ្រឿងឥស្សរិយសការងារចំនួន ៧៧៣ នាក់ ស្រី២៦០នាក់ក្នុងគ្រឿងឥស្សរិយសថ្នាក់មាសចំនួន១៤២នាក់ ស្រី២៣នាក់ ថ្នាក់ប្រាក់ចំនួន២៥២នាក់ ស្រី៧៧នាក់និងថ្នាក់សំរឹទ្ធចំនួន៣៧៩នាក់ ស្រី១៦០នាក់ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *