ឯកឧត្តម ខូយ រីដា ប្រាប់ឲ្យប្រជាពលរដ្ឋរាយកាណ៍បន្ទាន់មកអាជ្ញាធរនៅពេលជួបបញ្ហាប្រឈមក្នុងមូលដ្ឋានរាយការណ៍ជូនមន្ត្រីជំនាញ

ខេត្តពោធិសាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានប្រាប់ទៅដល់ប្រជាពលរដ្ឋឲ្យរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរដែនដី ប្រសិនបើមានករណីជួបបញ្ហាប្រឈមនានាដែលកើតមាននៅក្នុងមូលដ្ឋាន ដើម្បីរួមគ្នាដោះស្រាយនិងជួយអន្តរាគមន៍បន្ទាន់ឲ្យ​បានទាន់ពេលវេលា ។

ឯកឧត្តម ខូយ រីដា បានលើកឡើងបែបនេះនៅពេលដឹកនាំក្រុមការងារនិងមន្ទីរជំនាញរួមមានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត លោក ចាប នាង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ចុះពិនិត្យស្ថានភាពដំណាំ ស្រូវរបស់ប្រជាកសិករជួបគ្រោះរាំងស្ងួតប្រមាណ២០០ហិកតានៅភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣នេះ។

លោក ចាប នាង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ បានជម្រាបជូនថា ការងារបង្កបង្កើនផលស្រូវរដូវវស្សាគិតមកដល់សប្តាហ៍ទី៣ខែសីហាឆ្នាំ២០២៣ សម្រេចបាន១២.៨១៩ហិកតា លើផែនការចំនួន១៤.៦០៦ហិកតា ក្នុងនោះស្រូវស្រាលចំនួន ៨.៣៥៤ហិកតា ស្រូវកណ្តាលចំនួន៣.៣៧៥ហិកតានិងស្រូវធ្ងន់១.០៩០ហិកតា។ ចំពោះ សង្កាត់លលកសវិញ ការងារបង្កបង្កើនផលសម្រេចបានចំនួន២៩២៣ហិកតាលើផែនការ២.៥១៧ហិកតាក្នុងនោះស្រូវស្រាលចំនួន២.៣៧៣ហិកតា ស្រូវកណ្តាលចំនួន៥៤០ ហិកតានិងស្រូវធ្ងន់១០ហិកតា។

ហើយជាទូទៅការងារបង្កបង្កើនផលឆ្នាំនេះក៏ដូចបណ្តាឆ្នាំកន្លងមកឃើញថាធម្មជាតិមានអំណោយផលល្អប្រសើរតែទោះជាយ៉ាងនេះក៏ដោយក៏នៅតំបន់មួយចំនួនជួបកង្វះខាតទឹកជាហេតុធ្វើឲ្យផលដំណាំស្រូវជួបកង្វះខាតទឹកជាក់ស្តែងនៅក្នុងភូមិផ្សារលើ សង្កាត់លលកស ស្រូវរដូវវស្សាជាង២០០ហិកតាជាសក្ខីភាពស្រាប់ក្នុងការធ្វើអន្តរាគមន៍ជាបន្ទាន់។

ដោយឡែកនៅឃុំកោះជុំ ស្រុកកណ្តៀង បើតាមលោក ម៉ន ស៊ីមៀន មេឃុំកោះជុំ បានឲ្យដឹងថា ស្រូវរដូវវស្សាសម្រេចបាន៣.៣៦០ហិកតា លើផែនការ ចំនួន៣.៣៦១ហិកតា ក្នុងនោះស្រូវស្រាលចំនួន១.៦៤៤ហិកតា ស្រុវកណ្តាល ១.៥៨៩ហិកតានិងស្រូវធ្ងន់១២៧ហិកតា ។

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ស្ថានភាពបង្កបង្កើនផលទូទាំងខេត្តឆ្នាំនេះមានអំណោយផលល្អច្រើនដោយសារមានប្រភពទឹកពីជួរភ្នំក្រវាញចូលស្ទឹងពោធិ៍សាត់និងមានទំនប់ស្ទាក់ទឹកនិងប្រឡាយមេ ប្រឡាយរងសំខាន់ៗដូចជាទំនប់ដំណាក់អំពិល ទំនប់ចារឹក ទំនប់ដំណាក់ឈើក្រំ អាងលេខ៣ និងលេខ៥ ដែលអាចតំកល់ទឹកបានរហូត៥០លានម៉ែត្រគូប។

បើទោះជាយ៉ាងនេះក៏ដោយ ក៏មិនអាចស្រោចស្រពបានគ្រប់ទីកន្លែងនោះទេគឺមានតែទឹកភ្លៀងទើបស្រោចស្រពគ្រប់ទី​ កន្លែង។ ឯកឧត្តមបានទទួលស្គាល់ថា ការជួបគ្រោះរាំងស្ងួតតែងតែកើតមាននៅតំបន់មួយចំនួនជាពិសេសតំបន់នៅឆ្ងាយពីប្រភពទឹកនិងមិនទាន់មានទំនប់ប្រឡាយជាដើម។

ដូចនេះការជួយសង្រ្គោះផលដំណាំស្រូវនិងស្រូវដែលកំពុងជួបគ្រោះរាំងស្ងួតជាង២០០ហិកតា នៅក្នុងភូមិផ្សារលើ សង្កាត់លលកស សូមឲ្យមន្ទីរធនធានទឹកនិងឧតុនិយមខេត្តជួយឧបត្ថម្ភប្រេងម៉ាស៊ូតចំនួន២០០លីត្រសម្រាប់បូមទឹកពី ស្ទឹងទម្លាក់ចូលស្រែជាបន្ទាន់។

ជាមួយគ្នានោះឯកឧត្តម បានអំពាវនាវដល់ប្រជាកសិករឲ្យប្រញ៉ាប់រាយការណ៍ក្នុងករណីជួបបញ្ហាប្រឈមនានាជូនអាជ្ញាធរមូលដ្ឋានដើម្បីរួមគ្នាជួយធ្វើអន្តរាគមន៍ឲ្យបានទាន់ពេលវេលា។

ក្នុងនោះដែរសូមឲ្យប្រជាពលរដ្ឋដែលប្រកបរបរ ធ្វើស្រែចំការទាំងអស់ផ្តោតការយកចិត្តទុកដាក់ដោយធ្វើយ៉ាងណាឲ្យផ្ទៃដីស្រែនិមួយៗរាបស្មើស្អាតល្អងាយស្រួល ក្នុងការបញ្ចូលទឹក ផលដំណាំលូតលាស់ល្អទទួលទិន្នផលខ្ពស់ ។

នៅរសៀលថ្ងៃនោះដែរ ឯកឧត្តម បានដឹកនាំនិងដាំកូនច្រេសចំនួន១៥០ដើមជុំវិញបរិវេណ រណ្តៅដីមួយកន្លែងនៅក្នុងភូមិផ្សារលើ សង្កាត់លលកសដើម្បីទុកជាម្លប់ និងជាលម្អដែលសកម្មភាពនេះក៏មានការចូលរួមពីមន្ត្រីសាលាខេត្ត មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត រដ្ឋបាលក្រុង ក្មួយៗសម្ពន្ធយុវជនស្រឡាញ់សន្តិភាពចំនួន១៥នាក់ កម្លាំងប្រជាការពារភូមិ២០នាក់និងប្រជាពលរដ្ឋមួយចំនួនផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *