សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអនឧត្តមព្រឹក្សាផ្ទាល់ព្រះមហាក្សត្រអញ្ជើញបញ្ចុះបឋមសិលាសាងសង់កុដិ ដែលស្ថិតនៅក្នុងវត្តវារីផាសុខារាមហៅវត្តទឹកជ្រុំ

ខេត្តកំពង់ឆ្នាំង៖ សម្ដេចកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញបញ្ចុះបឋមសិលាកសាងសង់កុដិ និងធ្វើបុណ្យផ្កាប្រាក់មហាសាមគ្គីកសាងសមិទ្ធផលនានា ក្នុងវត្តវារីផាសុខារាម (ហៅវត្តទឹកជុំ) ស្ថិតក្នុងភូមិទឹកជុំ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា ពិធីបុណ្យនេះអាចប្រព្រឹត្តទៅបានដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ ដែលអនុញ្ញាតឲ្យពុទ្ធសាសនិកអាចប្រារព្ធពិធីបុណ្យយ៉ាងឱឡារិកទៅតាមជំនឿសាសនារៀងៗខ្លួន។

សម្ដេចកិត្តិសង្គហបណ្ឌិត បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសម្បូណ៌សប្បាយជានិច្ចនិរន្តរ៍តរៀងទៅ។

សម្តេចកិត្តិសង្គហបណ្ឌិតក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស បានគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជាទទួលបាន ១២០អាសនៈ នៅក្មុងរដ្ឋសភា តាមរយៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅយ៉ាងទៀងទាត់ និងត្រឹមត្រូវតាមការកំណត់របស់រដ្ឋធម្មនុញ្ញកម្ពុជា ក្នុងបរិយាកាស សេរី មានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អ និងគ្មានអំពើហិង្សា ឬការគំរាមកំហែងណាមួយឡើយ។

គួររំលឹកផងដែរថា វត្តវារីផាសុខារាម (ហៅវត្តទឹកជ្រុំ) ក៏ជាកន្លែងតម្កល់ព្រះសព ព្រះមហាថេរបញ្ញានន្ទោ សំ បុណ្យសាន្ដ (ជាសិស្សប្អូនលោកឪសួង) ដែលព្រះអង្គបានសុគតកាលពី ថ្ងៃសៅរ៍ ៩កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៤:៣៨នាទីល្ងាច ដោយជរាពាធ ក្នុងព្រះជន្ម ៩៥ព្រះវស្សា ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *