បន្ទាយមានជ័យ៖ ក្នុងកិច្ចប្រជុំសម្របសម្រួល ស្តីពី ចំណាក់ស្រុកប្រកបដោយសុវត្ថិភាព និងការឆ្លេីយតបករណីជនចំណាក់ស្រុក (ស្រ្តី និងកុមារ) លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖ លោក លោកស្រី ដែលជាអ្នកទទួលខុសត្រូវតាមបណ្ដាមន្ទីរ ស្ថាប័ន អង្គភាព អង្គការជាតិ អន្តរជាតិ ទីចាត់ការ អង្គភាពចំណុះសាលាខេត្ត អាជ្ញាធរក្រុង និងអ្នកពាក់ព័ន្ធទាំងអស់ ផ្តល់ជាគំនិតមតិយោបល់ ចែករំលែក លើការងារ ចំណាកស្រុកប្រកបដោយសុវត្ថិភាព និងទប់ស្កាត់ អំពើជួញដូរមនុស្ស សម្រាប់ជាយុទ្ធសាស្រ្ត លើកកម្ពស់ប្រសិទ្ធភាពក្នុងការអនុវត្តន៍ទិសដៅបន្ត ហើយក៏ជាមូលដ្ឋានសម្រាប់រៀបចំផែនការសកម្មភាព អនុវត្តអោយបានសម្រេចជោគជ័យ ។
ពិធីនេះសហការរៀបចំឡេីងដោយ រដ្ឋបាលក្រុងប៉ោយប៉ែត, អង្គការតំណក់ទឹក គាំទ្រថវិកាដោយ អង្គការតំណក់ទឹក និងអង្គការ ការីតាស ស្វីស។ កិច្ចប្រជុំនេះក៏មានការចូលរួមពីអង្គការដៃគូពាក់ព័ន្ធផងដែរធ្វេីឡេីងនៅភោជនីយ៍ដ្ឋាន មាតុភូមិ ក្រុងប៉ោយប៉ែត នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។
លោកស្រី រស់ សុផានី បញ្ជាក់ថា៖យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលសំចត់ប៉ោយប៉ែត ក្នុងរយៈពេល១ឆមាស ពលករ-ពលការិនីកម្ពុជា បញ្ជូនមកពីប្រទេសថៃតាមច្រកអន្តរជាតិប៉ោយប៉ែត មានចំនួន៥៦៨៧នាក់ និងច្រកម៉ាឡៃ ចំនួន១០នាក់ សរុបមានចំនួន ៥៦៩៧នាក់ ក្នុងនោះស្ត្រី១៩៣៧នាក់ កុមារ៦៦២នាក់។ ដោយឡែកការទទួលជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងជនងាយរងគ្រោះដ៏ទៃទៀត មជ្ឈមណ្ឌលសំចត់ប៉ោយប៉ែតទទួលពលករ ពលការិនីកម្ពុជាបញ្ជូនមកពីប្រទេសថៃក្នុង១ថ្ងៃ ជាមធ្យម ៥០នាក់ ការទទួលជនរងគ្រោះបញ្ជូនមកពីប្រទេសថៃក្នុង ១ខែ ជាមធ្យម ១០នាក់៕