អភិបាលស្រុកជលគីរីប្រជុំវាយតម្លៃបញ្ចប់គម្រោងជួសជុលផ្លូវលំក្រាលគ្រួសថ្មភ្នំដែលមានប្រវែង២៦៦៦ម៉ែត្រមូលនិធិឃុំឆ្នាំ២០២៣នៅក្នុងភូមិកំពង់បាស្រូវស្រុកជលគីរីខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ អភិបាលស្រុកជលគីរីរួមនិងក្រុមការងារបានចុះធ្វើការប្រជុំវាយតម្លៃបញ្ចប់គម្រោងជួសជុលផ្លូវលំក្រាលគ្រួសថ្មភ្នំដែលមានប្រវែង២៦៦៦ម៉ែត្រទទឹងផ្លូវ៤.៥០ម៉ែត្រកម្រាស់០.១៥ម៉ែត្រមូលនិធិឆ្នាំ២០២៣នៅក្នុងភូមិកំពង់បាស្រូវ.ឃុំជលសា.ស្រុកជលគីរីនៅក្នុងរដូវវស្សានេះដោយប្រើប្រាស់មូលនិធិឃុំឆ្នាំ២០២៣ដោយចំណាយថវិការ១៩៩.៩៥០.០០០រៀលរួមនិងទុនចូលរួមពីប្រជាពលរដ្ឋ៥០០០០០រៀល។

លោក ដូវ គឹមស៊ីន អភិបាលស្រុកជលគីរីបានអោយដឹងនៅវេលាម៉ោង៥និង៣៣ នាទីល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នេះថា ផ្លូវមួយខ្សែដែលកំពង់ពិនិត្យនិងវាយតម្លៃលើការសាងសង់នេះមានប្រវែង២៦៦៦ម៉ែត្រ ចាប់ពីចំណុចវត្តប្រពៃស្របដល់ព្រែកគោឡាប់ដែលមានទទឹង ៤.៥០ម៉ែត្រកម្រាស់០.១៥ម៉ែត្រ សាងសង់ដោយក្រុមហ៊ុនឯកជនក្នុងស្រុកមួយនៃស្រុកជលគីរី។

លោកអភិបាលស្រុក បានអោយដឹងទៀតថា ផ្លូវមួយខ្សែដែលកាត់ខាងក្រោយភូមិនេះវាជាផ្លូវសេដ្ឋកិច្ចមួយដ៍សំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅមកដឹកកសិផលដែលប្រជាពលរដ្ឋទៅកាន់ទីផ្សារបានឆាប់រហ័ស គ្រាដែលពីមុនស្ថានភាពផ្លូវនេះពិបាកធ្វើដំណើរដោយទឹកទន្លេលិច៦ខែនិងគោក៦ខែវិញដែលធ្វើអោយជួបប្រទះការលំបាកធ្វើដំណើរហើយផ្លូវពីមុនរងការខូចខាតច្រើន។

លោក ដូវ គឹមស៊ីន អភិបាលស្រុកជលគីរីក៍បានបញ្ជាក់អោយដឹងថាការកសាងផ្លូវមួយខ្សែនេះចាប់ផ្តើមធ្វើការសាងសង់នៅថ្ងៃ១២កក្កដារហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ ទើបត្រូវបានចុះធ្វើការវាយតម្លៃបញ្ចប់គម្រោងដោយមានការចូលរួមពីតំណាងទីចាត់ការផែនការនិងវិនិយោគខេត្ត មន្ត្រីបច្ចេកទេស ក្រុមប្រឹក្សាឃុំ គណៈគ្រប់គ្រង ការរិយាល័យផែនការនិងគាំទ្រឃុំ មេភូមិនិងប្រជាពលរដ្ឋចូលរួម១៥៣នាក់ផងដែរ។

លោកអភិបាលស្រុកជលគីរីបានអោយដឹងទៀតថាចំពោះផែនការសម្រាប់ស្រុកជលគីរីក្នុងឆ្នាំឆ្នាំ២០២៤ខាងមុខនេះស្រុកមានគម្រោងនិងសាងសង់ផ្លូវបេតុងកាត់ខាងមុខសាលាស្រុកប្រវែង១ពាន់ម៉ែត្រនិងមូលនិធិជលសាប្រវែង៥០០ម៉ែត្រនៅខាងមុខសាលាឃុំជលសាផងដែរ ។

លោក ដូវ គឹមស៊ីន អភិបាលស្រុកជលគីរីនៅពេលចុះពិនិត្យនិងវាយតម្លៃការសាសង់ផ្លូវលំក្រាលគ្រួសថ្មភ្នំដោយបានធ្វើការសំណូមពដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមជួយថែរក្សាផ្លូវមួយខ្សែនេះបានល្អក្នុងតម្រូវការការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកមានផ្លូវគឺមានអ្វីៗដែលសម្រាប់តម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *