ខេត្តពោធិសាត់៖ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី២៣ខែសីហាឆ្នាំ២០២៣ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ សូមឲ្យមន្ទីរអង្គភាពជំនាញនិងអាជ្ញាធរស្រុកវាលវែង ពិនិត្យនិងបញ្ឈប់ការសាងសង់កញ្ចុះនៅលើភ្នំ១៥០០ជាបន្ទាន់ ព្រោះទីនោះជាកន្លែងព្រៃភ្នំធម្មជាតិ ហើយបានត្រូវភ្ញៀវទេសចរណ៍មកពីទីជិតឆ្ងាយ ចាប់អារម្មណ៍និងស្គាល់ថា ជាផ្លូវអន្ទង់អាំង ព្រមទាំងមានការដាក់រហ័សនាមពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថា ជាផ្លូវបុប្ផាលាក់ខ្លួនទៀតផង។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា នៅពេលដែលមានកញ្ចុះនៅលើនោះ ប្រាកដជាមានភ្ញៀវអង្គុយហូបចុកគ្រឿងស្រវឹង ស្រែកហូរសប្បាយ បោះសំបកកំប៉ុងឬសំបកដបមកក្រោម ធ្វើឲ្យខូចសណ្ដាប់ធ្នាប់ ប៉ះពាល់អារម្មណ៍និងជាការប្រមាថមើលងាយដល់ភ្ញៀវទេសចរណ៍ផងដែរ។
ដោយឡែកអភិបាលក្រុងពោធិ៍សាត់និងអភិបាលស្រុកកណ្ដៀង ត្រូវណែនាំដល់ប្រជាពលរដ្ឋដែលធ្វើតូបលក់អនាធិបតេយ្យតាមមាត់ស្ទឹង ឲ្យរុះរើជាបណ្ដើរៗដើម្បីខេត្តធ្វើការអភិវឌ្ឍផ្លូវ និងរៀបចំសោភ័ណភាពឲ្យបានល្អក្នុងអាណត្តិថ្មីនេះ។
ចំពោះក្រុងស្រុកនីមួយៗ តាមទីប្រជុំជន តាមលំនៅដ្ឋានប្រជាពលរដ្ឋ តាមដងផ្លូវនិងទីសាធារណៈក្ដី ត្រូវបន្តអនាម័យបរិស្ថានឲ្យបានស្អាតជាប្រចាំ។ ការបូមខ្សាច់បណ្ដាលឲ្យបាក់ច្រាំងស្ទឹងនិងប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋ, ការដឹកខ្សាច់ ដឹកដី ធ្វើឲ្យខូចផ្លូវនិងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ដូច្នេះសូមត្រួតពិនិត្យអាជ្ញាប័ណ្ណ ប័ណ្ណបើកបរ ត្រួតពិនិត្យល្បឿន ចំណុះ ដើម្បីធ្វើការផាកពិន័យតាមផ្លូវច្បាប់ និងសងការខូចខាតដល់ប្រជាពលរដ្ឋ។
ផ្នែកជលផល ត្រូវបង្ក្រាបឲ្យបានការប្រើឧបករណ៍នេសាទខុសច្បាប់ ការកាប់ព្រៃលិចទឹកដែលជាជម្រកត្រីពងកូន និងត្រូវរុះរើរបាំងធ្នស់តាមស្ទឹងឲ្យអស់ ដើម្បីបើកផ្លូវឲ្យត្រីធ្វើចរាចរណ៍ទៅមកបាន ។
ក្រុមចម្រុះបង្ក្រាបបទល្មើសធនធានធម្មជាតិនៅស្រុកវាលវែងនិងស្រុកភ្នំក្រវាញ សូមបន្តធ្វើការងារនេះឲ្យដូចភ្លៀងរលឹម ទាំងការដកហូតនិងកាប់រានថ្មី។
ត្រូវបន្តយកចិត្តទុកដាក់បង្រ្កាបរបទល្មើសគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ករណីចោរកម្ម និងក្មេងទំនើង ដើម្បីធានាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋរបស់យើង ស្របតាមគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។
ឯកឧត្តមអភិបាលខេត្តក៍បានជម្រាបជូនផងដែរថា ឆ្នាំ២០២៣នេះខេត្តពោធិ៍សាត់យើងនឹងមានការប្រណាំងទូកឡើងវិញហើយ ដូច្នេះបណ្ដាមន្ទីរអង្គភាពក្រុងស្រុកទាំងអស់ដែលមានទូកប្រណាំង សូមត្រួតពិនិត្យកែលំអរត្រៀមទុកជាមុន ដើម្បីចូលរួមប្រកួតបង្កភាពសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋខេត្តពោធិ៍សាត់យើងឲ្យបានអធិកអធម៕