ខេត្តពោធិសាត់៖ ស្ពានថ្មឆ្លងស្ទឹងពោធិ៍សាត់មួយកន្លែងក្នុង
តំបន់វារីអគ្គីសនីស្ទឹងពោធិ៍សាត់១ ស្ថិតក្នុងភូមិស្ទឹងថ្មីឃុំប្រមោយស្រុកវាលវែងខេត្តពោធិ៍សាត់ ជាអំណោយរបស់ប្រទេសជប៉ុននិងប្រទេសកូរ៉េ បានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២០ខែសីហាឆ្នាំ២០២៣ ដែលកាត់ខ្សែបូរសម្ពោធដោយឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល។
ពិធីនេះក៍មានការអញ្ជើញចូលរួមពីឯកឧត្តម ខូយ រីដា អភិបាលនៃគណអភិបាលខេត្តពោធិ៍សាត់ ប្រធានក្រុមហ៊ុនប្រទេសជប៉ុននិងប្រទេសកូរ៉េ ដែលជាម្ចាស់ជំនួយផងដែរ។
ស្ពានថ្មនេះមានប្រវែង១១២ម ទទឹង១០ម សម្រាប់ដឹកជញ្ជូនសម្ភារៈសំណង់ទៅកាន់ការដ្ឋានទំនប់វារីអគ្គីសនីស្ទឹងពោធិ៍សាត់១ ដែលកំពុងសាងសង់សព្វថ្ងៃនេះ។
បន្ទាប់ពីកាត់ខ្សែបូរសម្ពោធស្ពានរួចហើយ ឯកឧត្តម ស៊ុយ សែម ឯកឧត្តម ខូយ រីដា ប្រធានក្រុមហ៊ុនប្រទេសជប៉ុននិងប្រទេសកូរ៉េ ព្រមទាំងអ្នកចូលរួមទាំងអស់ បានអញ្ជើញទៅពិនិត្យមើលការសាងសង់ទំនប់វារីអគ្គីសនីស្ទឹងពោធិ៍សាត់១បន្តទៀត វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ដែលកំពុងសាងសង់នេះ មានអនុភាព៨០មេហ្កាវ៉ាត់ អាចបង្កើតអគ្គិសនីច្រើនជាងគេនារដូវប្រាំង និងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ ។
គម្រោងនេះអនុវត្តដោយក្រុមហ៊ុន SPHP Cambodia Co.,Ltd និងក្រុមហ៊ុនជប៉ុន សាងសង់ដោយក្រុមហ៊ុនចិន Power China លើផ្ទៃដីជាង១ម៉ឺនហិកតា។ ទំនប់វារីអគ្គិសនីនេះ បានប្រើប្រាស់ថវិកាជាង២៥០លានដុល្លារ គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ ប៉ុន្តែនឹងពន្លឿនសាងសង់ឲ្យចប់នៅត្រឹមខែ៥ ឆ្នាំ២០២៦។
បើតាមភាគីក្រុមហ៊ុនអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីបានឲ្យដឹងថា ចាប់តាំងពីការចុះពិនិត្យវឌ្ឍនៈភាពនៃការសាងសង់ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីដើមឆ្នាំ២០២៣មក ក្រុមហ៊ុនបានខិតខំអភិវឌ្ឍន៍គម្រោងនេះ មានទាំងការត្រួសត្រាយផ្លូវទាំងសងខាងស្ទឹង ធ្វើស្ពានឆ្លងកាត់ស្ទឹង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។
ទំនប់នេះ ក្រៅពីបង្កើតអគ្គិសនីសម្រាប់ប្រើប្រាស់ អាចទម្លាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់សម្រាប់វិស័យកសិកម្ម និងតម្រូវការផ្សេងៗទៀត ពិសេសជួយបញ្ចៀសនូវជំនន់ទឹកភ្លៀងលិចក្នុងខេត្ត ហើយថ្ងៃអនាគតនឹងក្លាយជាតំបន់ទេសចរណ៍សម្រាប់ភ្ញៀវទៅលេងកំសាន្តផងដែរ៕