ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តរួមជាមួយមន្ត្រីមន្ទីរ កសិកម្ម រុក្ខាប្រម៉ាញនិងនេសាទខេត្ត មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត អាជ្ញាធរស្រុក ឃុំនិងប្រជាកសិករចុះពិនិត្យសត្វល្អិតមមាចត្នោតដែលបាននឹងកំពុងបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករនៅភូមិបត់គរគីថ្មីឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ដើម្បីមានវិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលាកុំឲ្យរីករាលដាលទៅតំបន់ផ្សេងៗបន្តទៀត នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។
លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់ បានឲ្យដឹងថា តាមរយៈការសិក្សាឃើញថា សត្វល្អិតស៊ីបំផ្លាញផលដំណាំស្រូវរបស់ប្រជាកសិករភូមិបត់គរគីថ្មី ក្នុងឃុំអូរតាប៉ោង ស្រុកបាកានទើបតែកើតមាននៅក្នុងអំឡុងពាក់កណ្តាលខែសីហាឆ្នាំ២០២៣ស្របពេលសំណាំស្រូវកំពុងលូតលាស់ចេញផ្លែផ្កា ពពួកមមាចដែល។
ពពួកសត្វល្អិតបំផ្លាញដំណាំស្រូវប្រជាពលរដ្ឋនេះមានដូចជា មមាចត្នោតស្លាបវែង ស្លាបខ្លី មមាចបៃតង មមាចពព្រុស ដែលជាប្រភេទសត្វល្អិតជញ្ជក់ដើមរុក្ខជាតិពីដំណាំស្រូវហើយក៏ជាភ្នាក់ងារ ចម្លងផ្សេងៗផងដែរ ត្រង់ចំណុចនេះសូមឲ្យប្រជាកសិករទាំងអស់ត្រូវប្រុងប្រយ័ត្នចំពោះវត្តមាននៃពពួកមមាចត្នោតដែលកំពុងផ្ទុះនៅក្នុងភូមិបត់គរគីថ្មីនិងបណ្តាភូមិមួយចំនួនទៀតនៅក្នុងឃុំអូរតាប៉ោង ព្រោះថាពពួកមមាចត្នោតជាប្រភេទសត្វដែលបំផ្លាញលើ ដំណាំស្រូវដោយការជញ្ជក់យកសារធាតុចិញ្ចឹមពីក្នុងដើមស្រូវ ផ្នែកខាងក្រោមគល់ស្រូវ ហើយវាក៍អាចមានវត្តមានគ្រប់ដំណាក់ កាល។
លោកបានលើកឡើងទៀតថាបើ គិតមកដល់ពេលនេះសត្វមមាចត្នោតស៊ីបំផ្លាញដំណាំស្រូវមានកម្រិតទាបនៅឡើយ ហេតុនេះក្នុង នាមមន្ទីរជំនាញបានណែនាំ ឲ្យប្រជាកសិករនិងអាជ្ញាធរដែនដីយល់ដឹងអំពីរបៀបប្រើប្រាស់ថ្នាំទៅតាមបច្ចេកទេសនិងវិធីសាស្ត្រនៃការលាយថ្នាំសម្រាប់បាញ់សម្លាប់ពពួកសត្វមមាចត្នោតព្រមទាំងបន្តពិនិត្យតាមដានលើដំណាំស្រូវជាប់ជាប្រចាំ។
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់មានប្រសាសន៍នាពេលនោះថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានភ្លាមនោះឯកឧត្តម បានដឹកនាំមន្ត្រីជំនាញចុះមកពិនិត្យដល់ទីកន្លែងទើបដឹងថា សត្វល្អិតពិតជាបានស៊ីបំផ្លាញដំណាំស្រូវរបស់កសិករយើងនៅក្នុងភូមិបត់គរគីថ្មី ឃុំអូរតាប៉ោង ដើម្បីរកវិធានការបង្ការទប់ស្កាត់ឲ្យ បានទាន់ពេលវេលាកុំឲ្យរីករាលដាលទៅតំបន់ផ្សេងៗទៀត។
លោកថាវិធានការដ៏ល្អនោះសូមឲ្យបងប្អូនប្រជាកសិករគួរតែជ្រើសរើសទិញថ្នាំកម្ចាត់ពពួកសត្វមមាចត្នោតនេះវាជាសត្វមានទំហំខ្លួនតូចល្អិតពិបាកនឹងសង្កេតឃើញវាណាស់ បើមិនមានវិធានការកម្ចាត់ឲ្យបានទាន់ពេលវេលានោះទេ បណ្តាលឲ្យបាត់បង់ទិន្នផលស្រូវយ៉ាងច្រើនផងដែរ។
ដើម្បីការពារនិងកម្ចាត់មមាចត្នោតមានប្រសិទ្ធិភាពខ្ពស់នោះក្នុងនាម អាជ្ញាធរខេត្ត សូមឲ្យប្រជាកសិករ សហការជាមួយមន្ទីរជំនាញនិងអាជ្ញាធរមូលដ្ឋានក្នុងការស្វែងរកប្រភេទថ្នាំសម្លាប់ទាំងមេ ទាំងកូននិងទាំងពង ហើយជាទូទៅសត្វមមាចត្នោតភាគច្រើនមានវត្តមានលើដំណាំស្រូវក្នុងដំណាក់កាលស្រូវផើម ដូច្នេះកសិករគួតែជ្រើសរើសថ្នាំយកមកកម្ចាត់ឲ្យបានទាន់ពេលវេលា។
នៅក្នុងឱកាសនោះដោយមានសំណូមពរពីអាជ្ញាធរឃុំ ភូមិ និងប្រជាកសិករនោះឯក ឧត្តម អភិបាលនៃគណៈអភិបាលខេត្តសម្រេចផ្តល់ឈើមួយចំនួនសម្រាប់ជួសជុលស្ពានឆ្លងប្រឡាយកាត់ទៅមកមួយកន្លែងប្រវែង១៣ម៉ែត្រ ទទឹង៤ម៉ែត្រងាយស្រួលក្នុងការដឹកជញ្ជូនកសិផលទៅមូលដ្ឋាននិងទៅកាន់ទីផ្សារផងដែរ។
សូមបញ្ជាក់ថា ការងារបង្កបង្កើផលស្រូវរដូវវស្សារបស់ប្រជាកសិករទូទាំងឃុំអូរតាប៉ោង ស្រុកបាកានបើគិតមកដល់សប្តាហ៍ទី៣នៃខែសីហា ឆ្នាំ២០២៣សម្រេចបាន៦០២០ហិកតាលើផែនការ៦០៥០ហិកតាក្នុងនោះស្រូវOM ធ្វើបានចំនួន៤០២០ហិកតានិងស្រូវស្រងែបានចំនួន២០០០ហិកតា៕