លោកឧកញ៉ាបណ្ឌិតហ៊ុយភៀវ ប្រធានសភាពាណិជ្ជកម្មសៀមរាប-ឧត្តរមានជ័យ ប្ដេជ្ញាបន្តកៀងគរអ្នកវិនិយោគបរទេសមកកាន់ខេត្តសៀមរាប ឲ្យបានកាន់តែច្រើនបន្ថែមទៀត

សៀមរាប៖ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មសៀមរាប-ឧត្តរមានជ័យ បានប្ដេជ្ញាបន្តកៀងគរដល់បណ្ដាអ្នកវិនិយោគបរទេស ឲ្យមកមកវិនិយោគឲ្យបានច្រើនបន្ថែមទៀត មកកាន់ខេត្តសៀមរាប ដើម្បីជាការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើនចំណូលដល់ជាតិ ក៏ដូចជាការបង្កើនឱកាសការងារជូនដល់ប្រជាពលរដ្ឋផងដែរ។ នៅក្នុងឱកាសជួបពិភាក្សាការងារ និងផ្លាស់ប្តូរបទពិសោធន៍ជាមួយស្ថាប័នរដ្ឋនៅតាមមន្ទីរក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ បានមានប្រសាសន៍លើកឡើងថា ខេត្តសៀមរាប គឺជាខេត្តទេសចរណ៍ដ៏ធំមួយក្នុងប្រទេសកម្ពុជា ដែលជារៀងរាល់ឆ្នាំមានភ្ញៀវទេសចរបរទេសមកកំសាន្តមានចំនួនកើនឡើងជាបន្តបន្ទាប់។ ហើយក្រៅពីវីស័យទេសចរណ៍ ខេត្តសៀមរាប ក៏មានវិស័យសំខាន់ជាច្រើនទៀត បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួបបង្កើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចប្រជាពលរដ្ឋ ដូចជាវិស័យកសិកម្ម វិស័យឧស្សហកម្ម គឺសុទ្ធតែជាវិស័យដ៏សំខាន់សម្រាប់ខេត្តសៀមរាបផងដែរ។ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ បានបន្តទៀតថាបច្ចុប្បន្នអ្នកវិនិយោគបរទេសជាច្រើនក៏កំពុងចាប់អារម្មណ៍ក្នុងការចង់មកបណ្ដាក់ទុនមកកាន់ខេត្តសៀមរាប ដូចនេះវាគឺជាឱកាសមួយថ្មីបន្ថែមទៀតសម្រាប់ខេត្តមួយនេះ ហើយការងារនេះដែរ គឺត្រូវការចូលរួមពីអ្នកពាក់ព័ន្ធសហការគ្នាទើបយើងអាចចាប់យកឱកាសនេះបាន។ ក្នុងនាមអាជ្ញាធរខេត្ត លោក អ៊ឹង គឺមលាង អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា ខេត្តសៀមរាប គឺជាខេត្តមួយដែលពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍ ប៉ុន្តែក្នុងនោះយើងក៏មានវិស័យជាច្រើនទៀត បានកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជម្រុញសេដ្ឋកិច្ចក្នុងខេត្តមួយនេះ។ ជាក់ស្ដែងវិស័យកសិកម្ម និងឧស្សហកម្ម ក៏ជាវិស័យដែលខេត្តសៀមរាប មិនអាចខ្វះបានដែរ ក្នុងការផ្គត់ផ្គងផលិតផល ម្ហូបអាហារ និងសម្ភារៈប្រើប្រាស់ទៅកាន់ទីផ្សារក្នុងស្រុក និងទៅក្រៅប្រទេស។ ចំពោះវិស័យកសិកម្មក្នុងខេត្តសៀមរាប បច្ចុប្បន្នគឺបានដើរតួនាទីសំខាន់ណាស់ ក្នុងការជួយជម្រុញកំណើនសេដ្ឋកិច្ច តាមរយៈការប្រើប្រាស់ផលិតផលកសិកម្មនាំចេញទៅក្រៅប្រទេស ស្របពេលដែលផលិតផលក្នុងប្រទេសកម្ពុជាយើង ជាពិសេសខេត្តសៀមរាប កំពុងមានកសិផលជាច្រើនដែលបណ្ដាប្រទេសនានាកំពុងត្រូវការ។ លោកអភិបាលរងខេត្តបន្តថា ជាមួយនឹងភាពល្អប្រសើរនេះដែរ ស្ថាប័នរដ្ឋក៏ត្រូវការជាចាំបាច់នូវវិស័យឯកជន ដើម្បីចូលរួមការជម្រុញទៅលើការងារទាំងអស់នេះ ធ្វើយ៉ាងណាជួយបង្កើនទាំងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចប្រជាពលរដ្ឋទូទៅផងដែរ។ ក្នុងនោះដែរលោកក៏សូមអរគុណ និងសូមជម្រុញបន្ថែមដល់សភាពាណិជ្ជកម្មសៀមរាប-ឧត្តរមានជ័យ ក្នុងការស្វែងរក និងគៀងគរដល់បណ្ដាអ្នកវិនិយោគបរទេសឲ្យបានច្រើនបន្ថែមទៀត ដើម្បីមកស្វែងយក និងវិនិយោគនៅក្នុងខេត្តសៀមរាប ព្រោះខេត្តសៀមរាប មានទីតាំងដែលអំណោយផលច្រើនលើវិស័យកសិកម្ម និងឧស្សាហកម្ម៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *