ខេត្តកំពង់ឆ្នាំង៖ លោក លៀង ជុំសុបិន្ត នាយករងរដ្ធបាលសាលាខេត្តកំពង់ឆ្នាំង រួមនិងមន្ទីរពាក់ព័ន្ធបានជួបពិភាក្សាការងារ ជាមួយនិសិត្សមកពីសកលវិទ្យាល័យ TohoKu ប្រទេសជប៉ុន ដឹកនាំដោយកញ្ញា Miku Okuba ដើម្បីសិក្សាអំពីស្ថាបត្យកម្ម និងការរចនាទីក្រុង កំពុងស្រាវជ្រាវលើការបំប្លែងលំហ និងបរិបទ មុន និងក្រោយគម្រោងការតាំងទីលំនៅស្នាក់នៅផ្ទះបណ្តែតទឹកនិងគ្រោះទឹកជំនន់ ក្នុងខេត្តកំពង់ឆ្នាំង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។
កញ្ញា Miku Okuba (មីគុ អូគុបា) បានឱ្យដឹងថា ដំណើរទស្សនកិច្ចសិក្សាស្វែងយល់អំពីគម្រោងការតាំងទីលំនៅផ្ទះបណ្តែតទឹក ក្នុងខេត្តកំពង់ឆ្នាំង នាពេលនេះ ដើម្បីដកស្រង់នូវបទពិសោធន៍របស់រដ្ឋបាលក្រុង និង ខេត្តកំពង់ឆ្នាំង ក្នុងការរៀបចំ នូវរបៀបរៀបនៃការតាំងទីលំនៅផ្ទះបណ្តែតទឹក ក្នុងខេត្តកំពង់ឆ្នាំង ដែលបានដំណើរការនាពេលកន្លងមក បានដំណើរយ៉ាងដូចម្តេច និង មានបញ្ហារាំងស្ទះអ្វីខ្លះ? និង វិធានការយ៉ាងដូចម្តេច ដើម្បីអោយដំណើររៀបចំនេះបានដំណើរការដោយរលូន ។
កញ្ញា Miku Okuba (មីគុ អូគុបា) បានបញ្ជាក់អោយដឹងទៀតថា កិច្ចការសិក្សាស្រាវជ្រាវនេះនឹងក្លាយជាបទពិសោធន៍មួយ សម្រាប់ការសិក្សារបស់ខ្លួន ហើយនឹងប្រែក្លាយនូវចំណុចល្អរបស់រដ្ឋបាលខេត្ត ទៅជាទ្រឹស្តីមួយ ក្នុងការអនុវត្តអោយមានប្រសិទ្ធភាព ដោយរូមផ្សំនឹងការសិក្សា ជាក់ស្តែង នៃជំនាញស្ថាបត្យកម្ម និងរចនាទីក្រុង នៃសាកលវិទ្យាល័យ Tohoku (ទុហូគុ)ប្រទេសជប៉ុន ។
មានប្រសាសន៍នៅក្នុងឱកាសនោះ លោក លៀង ជុំសុបិន្ត នាយករងរដ្ឋបាលខេត្តកំពង់ឆ្នាំង បានមានប្រសាន៍សំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ និស្សិត ជំនាញស្ថាបត្យកម្ម និងរចនាទីក្រុង សាកលវិទ្យាល័យ Tohoku ប្រទេសជប៉ុននាពេលនេះ ហើយនឹងចូលរួមជាមួយក្រុមការងារ ផ្តល់ជូននូវបទពិសោធន៍ជាក់ស្តែង ដែលរដ្ឋអាជ្ញាធរខេត្ត និង ក្រុមការងារបានអនុវត្តកន្លងមក អំពីគម្រោងការតាំងទីលំនៅផ្ទះបណ្តែតទឹក ក្នុងខេត្តកំពង់ឆ្នាំង ។
លោកនាយករងរដ្ឋបាលសាលាខេត្តបានបញ្ជាក់ថា ខេត្តកំពង់ឆ្នាំង ពិតជាមានមោទនភាពជាខ្លាំង ដែលបានទទួលស្វាគមន៍និស្សិតនៃប្រទេសជប៉ុនដែលមានចំណាប់អារម្មណ៍ នៃការអនុវត្តតួនាទីភារកិច្ចនៃការគ្រប់គ្រងដឹកនាំ របស់គម្រោងការតាំងទីលំនៅផ្ទះបណ្តែតទឹក ក្នុងខេត្តកំពង់ឆ្នាំង ហើយក្រុមការងារនឹងផ្តល់អោយអស់លទ្ធភាព អំពីតម្រូវការរបស់និស្សិត ដែលមកទស្សនកិច្ចសិក្សាស្រាវជ្រាវនៅខេត្តកំពង់ឆ្នាំង ប្រកបដោយដំណើរការរលូន ៕