តាកែវ៖ ឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា កើតជាគ្រូពេទ្យត្រូវតែរៀនៗរហូតដល់ទីបញ្ចប់ ព្រោះគ្រូពេទ្យត្រូវតែវិវឌ្ឍខ្លួនទៅមុខជានិច្ច ដើម្បីពង្រីកសមត្ថភាពរបស់ខ្លួន ក្នុងការព្យាបាលជំងឺ ដល់អ្នកដែលមកទទួលសេវាព្យាបាល ឬពិគ្រោះជម្ងឺ ដូច្នេះគ្រូពេទ្យមិនមែនទើបតែចេញពីសាលារៀនចេះបានតិចតួច ហើយឈប់ត្រឹមនឹងមិនបានពង្រីកសមត្ថភាពរបស់ខ្លួន គឺមិនអាចព្យាបាលជំងឺដល់អ្នកដែលមកទទួលសេវាបាននោះទេ។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងសុខាភិបាលលើឡើងបែបនេះ នៅក្នុងពិធីមហាសន្និបាត បូកសរុបលទ្ធផលសកម្មភាពក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តតាកែវ អាណត្តិ ៦ឆ្នាំ លើកទី៣ និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាថ្មីសម្រាប់អាណត្តិទី ៦ឆ្នាំ លើកទី ៤ នៅសាលប្រជុំនៃមន្ទីរសុខាភិបាលខេត្តតាកែវ ដែលមានសមាជិកសមាជិការជាគ្រូពេទ្យចូលរួមជិត២០០នាក់ ថ្ងៃទី១៨ខែសីហាឆ្នាំ២០២៣។
ជាមួយគ្នានេះផងដែរឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ ក៏បានបញ្ជាក់ពីបញ្ហាមួយចំនួន ដែលក្រុមប្រឹក្សាគណៈគ្រូពេទ្យថ្នាក់ជាតិ ចុះស្រាវជ្រាវលើអាជ្ញារប័ណ្ណរបស់គ្រូពេទ្យនាពេលបច្ចុប្បន្ន មានអាជ្ញាប័ណ្ណក្លែងក្លាយច្រើនគួរអោយកត់សម្គាល់ ខណៈដែលនៅក្នុងខេត្តតាកែវត្រូវបានរកឃើញ ២ករណីផងដែរចំពោះអាជ្ញាប័ណ្ណគ្រូពេទ្យក្លែងក្លាយនេះ ហើយចំពោះគ្រូពេទ្យដែលបានក្លែងអាជ្ញាប័ណ្ណនិងប្រឈមមុខជាមួយនិងផ្លូវច្បាប់ជាប់ពន្ធធរនាគារ។ ថ្លែងនៅក្នុងសន្និតបាតបូកសរុបលទ្ធផលសកម្មភាពក្រុមប្រឹក្សាគណៈគ្រូពេទ្យនេះដែរ លោក នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានអោយដឹងថា ការបង្កើតអោយមានក្រុមប្រឹក្សាគណៈគ្រូពេទ្យនេះ គឺជាការជម្រុញស្មារតីក៏ដូចជាការនែនាំបន្ថែមដល់ក្រុមគ្រូពេទ្យទាំងអស់ដែលបានចុះក្នុងបញ្ជិការពិតប្រាកដ អោយអនុវត្តការងារប្រកដដោយជំនាញច្បាស់លាស់ និងសម្រួលលើការគ្រប់គ្រងនានា និងដោះស្រាយលើបញ្ហាប្រឈមដែលអាចនឹងកើតមានឡើងជាយថាហេតុ ។ លោកបន្តថា នៅក្នុងខេត្តតាកែវ មានក្រុមគ្រូពេទ្យចំនួន ៣៧៨នាក់ ក្នុងនោះស្រី ៧១នាក់ បានចុះបញ្ជិការ ពិតប្រាកដ ហើយសមាជិកគ្រូពេទ្យដែលទទួលបានអជ្ញាប័ណ្ណ មានសរុប ៣៣៥ច្បាប់ មានសញ្ញាប័ត្រពេញលេញ មានសេវាបន្ទប់ពិគ្រោះជំងឺចំនួន ២៥៦កន្លែង មានសេវាគ្លីនិកសម្រាកព្យាបាល និងពហុព្យាបាលចំនួន ៣៤កន្លែង៕