ព្រៃភ្នំ ធម្មជាតិ ជាសម្បត្តិរដ្ឋ នៅឃុំ ខ្វាវ ស្រុក ជីក្រែង កំពុង ក្លាយជាកម្មសិទ្ធិឯកជនសម្រាប់អ្នកមានលុយ ខណៈដំឡូងមីកំពុងមានហាងឆេង

សៀមរាប៖ ព្រៃភ្នំធម្មជាតិ ជាសម្បត្តិរដ្ឋ ក្នុងឃុំខ្វាវ ស្រុក ជីក្រែងខេត្តសៀមរាប កំពុងតែក្លាយជាកម្មសិទ្ធឯកជនផ្តាច់មុខរបស់ក្រុមគ្រួសារអ្នកមានលុយ ខណៈពេលដែលដំឡូងមីកំពុងតែមានហាងឆេង។ ជាក់ស្តែង ភ្នំ តាសូ និងអូរ ជាំយាង នៅចំណុចខាងជើងស្នាក់ការបរិស្ថាន អូរលេងដែនជម្រកសត្វព្រៃ ភ្នំ ត្នោត & ភ្នំ ពក មានចម្ងាយប្រហែល ១ គីឡូម៉ែត្រ ដែលស្ថិតនៅក្នុងភូមិ ក្បាល ខ្មោច ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ យោងតាមសម្តីរបស់ប្រជាពលរដ្ឋដែលធ្លាប់ធ្វើដំណើរឆ្លងកាត់ផ្លូវនៅតំបន់នោះបានប្រាប់អ្នកសារព័ត៌មានថាភ្នំ តាសូរ និងអូរ ជាំយាង មានសារៈសំខាន់សម្រាប់ជីវចំរុះចាប់ពីជើងភ្នំរហូតដល់កំពូលភ្នំពោរ ពេញទៅដោយដើមឈើធំតូចដែលជាជម្រកសត្វព្រៃទាំងឡាយទាំងពួងគ្រប់ប្រភេទ។ ចម្រាក់ភ្នំមានអូរ ១ ឈ្មោះអូរជាំយាង អូរនេះមានទឹកទាំងរដូវប្រាំង និងរដូវវស្សាសំបូរទៅដោយមច្ឆាជាតិ ហើយសត្វព្រៃទាំងឡាយទៅផឹកទឹកនៅទីនោះ។ ប៉ុន្តែរយៈពេល ២ឆ្នាំចុងក្រោយនេះបន្ទាប់ពីមានស្នាក់ការបរិស្ថានអូរលេងមក ជាពិសេសនៅពេលដែលមានប្រធានស្នាក់ការឈ្មោះ ស៊ុយ ហេង និងអនុប្រធានឈ្មោះ សឿន ណឺយ មកកាន់កាប់ ធនធានធម្មជាតិ នៅតំបន់នេះបានរលាយហិនហោចស្ទើរតែអស់គ្មានសល់ដូចជាភ្នំតាសូ និងអូរជាំយាងកំពុងតែរលាយព្រៃភ្នំហើយជំនួសមកវិញដោយចំការដំឡូងមីក្នុង អំឡុងឆ្នាំ ២០២២ និង ២០២៣នេះជាឧទាហរណ៍ស្រាប់។ មានប្រជាជនរស់នៅក្នុងភូមិក្បាលខ្មោចជាច្រើននាក់បានប្រាប់អ្នកសារព័ត៌មានក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភម្នាក់ឈ្មោះ រត់ បច្ចុប្បន្នរស់នៅភូមិ ខ្វាវ ឃុំ ខ្វាវ ស្រុក ជីក្រែងដែលត្រូវជាឪពុកក្មេក របស់ លោកមេប៉ុស្តិ៍ ប៉ូលិសសង្កាត់រដ្ឋបាលខ្វាវ និងមានអ្នកប្រចាំការម្នាក់ឈ្មោះ រ៉ន ជាម្ចាស់ត្រាក់ទ័របច្ចុប្បន្នរបស់នៅ ភូមិជ្រៃ ឃុំ ,ស្រុក, ខេត្ត ខាងលើ ធ្វើការឈូសឆាយព្រៃភ្នំនេះអស់ប្រហែលជា ៦០ ហិចតា ទៅ៧០ហិចតា។ ពួកគាត់បានបញ្ជាក់ថាលោក រ៉នគឺជាអ្នកធ្វើការឈូសឆាយ រីឯលោក រត់គឺជាអ្នកត្រួសត្រាយផ្លូវធ្វើការទំនាក់ទំនងជាមួយមន្ត្រីជំនាញបរិស្ថាននិងអ្នកពាក់ព័ន្ធដើម្បីអោយបើកភ្លើងខៀវឲ្យ។

ពួកគាត់បានបន្តទៀតថាក្នុងដី១ ហិចតាលោក រត់ផ្ដល់លុយទៅលោក រ៉ន ៨០០០០០រៀលនិងអោយអាស្រ័យផលចំនួន ៣ឆ្នាំទើបលោករត់ដកយកមកធ្វើជាកម្មសិទ្ធពេញមុខ។ ពាក់ព័ន្ធ នឹងការចោទប្រកាន់ពីសំណាក់ប្រជា ពលរដ្ឋខាងលើនេះ អ្នកសារព័ត៌មានបានទូរស័ព្ទទៅលោក សឿន ណឺយ អនុប្រធានមន្ត្រីបរិស្ថានការពារនិងអភិរក្សដែនជម្រកសត្វព្រៃភ្នំ ត្នោត& ភ្នំពក ស្នាក់ការអូរលេង ដើម្បីស្រាយបំភ្លឺ លោកបានបកស្រាយថា លោកមិនបានដឹងអំពីរឿងនេះទេហើយក៏មិនបានដឹងច្បាស់ដែលថា! តើ ភ្នំតាសូ និងអូរជាំយាងស្ថិតនៅក្នុងដែនសមត្ថកិច្ចមន្ត្រីបរិស្ថានឬយ៉ាងណាទេ? ចំណែកលោក ពៅ ជុំ នាយការិយាល័យការពារ និងអភិរក្ស បរិស្ថានដែនជម្រកសត្វព្រៃភ្នំត្នោត &ភ្នំពក ព្រមទាំង បឹងពែរបានឆ្លើយតបអ្នកសារព័ត៌មានស្រដៀងគ្នាទៅនឹងលោក សឿង ណឺយដែរ ថាការសួររបស់អ្នកសារព័ត៌មាន នៅមិនដឹងថាចំណុចនោះស្ថិងនៅក្នុងដែនសមត្ថកិច្ចរបស់លោកឬយ៉ាងណាទេ? ហើយ លោកបានសួរបញ្ច្រាសមកអ្នកសារព័ត៌មានវិញថា! តើ កាលទៅថតផ្តិតយករូបភាពមានឃើញក្ដាស្លាក UTMដែរ ឬទេ?ព្រោះលោកបានដាក់ដំស្លាកUTM៥០០ ម៉ែត្រ១ ដាក់តាមដើមឈើ។ ទោះបីជា លោក សឿន ណឺយ និងលោកពៅ ជុំ បានបកស្រាយជុំវិញរឿងខាងលើនេះយ៉ាងណាក៏ដោយចុះ សំរាប់ប្រជាពលរដ្ឋ និងមន្ត្រីបរិស្ថានមួយចំនួនសុំមិនបញ្ចេញឈ្មោះបានប្រាប់ អ្នកសារព័ត៌មានយ៉ាងច្បាស់ថាភ្នំតាសូ និងអូរជាំយាងខាងលើនេះពិតជាស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោតមែន! ហើយស្លាកUTM ត្រូវបានគេឈូសឆាយ និងវាយចោលអស់ហើយ។ ទន្ទឹម នឹងនោះដែរប្រជាពលរដ្ឋក៏បានរិះគន់យ៉ាងចាស់ដៃចំពោះមន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើថាបើរឿងយកលុយពីបទល្មើសព្រៃឈើ និងឧក្រិដ្ឋកម្មព្រៃភ្នំមិនដែលប្រកាន់ពីដែនសមត្ថកិច្ចទេ ប៉ុន្តែពេលដែលអ្នកសារព័ត៌មានសួរអំពីភាព អន្តរាយធនធានធម្មជាតិទេីបចោទដាក់គ្នាទៅវិញទៅមក។ ជាចុងក្រោយប្រជាពលរដ្ឋសូមសំណូមពរដល់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោក បូ ម៉េងទ្រី មេត្តា បញ្ជូន ប៉េសកជនរបស់សាលាខេត្តសៀមរាប និងសាលាស្រុកជីក្រែង មកស៊ើបអង្គេត និងមានវិធានការទប់ស្កាត់អោយបានច្បាស់លាស់ បើមិនដូច្នោះទេ ភ្នំនៅឃុំខ្វាវទាំងអស់ នឹងក្លាយជាកម្មសិទ្ធិរបស់គ្រួសារអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភទាំងអស់ជឿជាក់ជាមិនខាន។ ម្យ៉ាងវិញទៀតបើសង្ឃឹមលើមន្ត្រីបរិស្ថាន និងរដ្ឋបាលព្រៃឈើរបាយការណ៍គ្មានអ្វីក្រៅពីព្រៃបុស្ស,ព្រៃភ្នំឈើរិចរិលឬក៏ដីភ្នំដែលប្រជាពលរដ្ឋធ្លាប់អាស្រ័យផលយូរឆ្នាំមកហើយ។ ជុំវិញការចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋចំពោះលោករត់ជាឪពុកក្មេក លោកមេប៉ុស្តិ៍ប៉ូលិសសង្កាត់រដ្ឋបាលខ្វាវ និងលោក រ៉ន ភូមិជ្រៃ អ្នកសារព័ត៌មានមិនបានសុំការបកស្រាយពីលោកទាំងពីរទេ ព្រោះអ្នកសារព័ត៌មានគ្មានលេខទូរស័ព្ទលោក ទាំងពីរ។ អង្កភាពយើងខ្ញុំរងចាំការបកស្រាយ ពីលោក រត់ និងលោក រ៉ន រាល់ម៉ោងធ្វើការនៅពេលក្រោយ។ ដោយ អ៊ុក ផ្លុង

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *