ព្រៃភ្នំ ក្នុង ឃុំ ខ្វាវ ស្រុក ជីក្រែង កំពុងតែរលាយ ដូច ក្រមួន ត្រូវថ្ងៃអញ្ចឹង! តើអោយសត្វព្រៃ រត់ទៅជ្រកឯណា?

ដោយ អ៊ុក ផ្លុង សៀមរាប÷ ព្រៃភ្នំ នៅក្នុងឃុំ ខ្វាវ ស្រុក ជីក្រែង កុំថាឡើយ ជើងភ្នំ ឬចង្កេះភ្នំ សូម្បីតែក្បាលភ្នំ ក៏ព្រៃឈើ រលាយដូចក្រមួនត្រូវថ្ងៃស្ទើរតែគ្រប់ភ្នំទាំងអស់។ តើ អោយសត្វព្រៃរត់ទៅជ្រកឯណា? ជាក់ស្តែង ភ្នំខ្ទុំ ស្ថិតក្នុង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានឧក្រិដ្ឋជន ធនធានធម្មជាតិ អគតិបំផ្លិចបំផ្លាញដោយយកគ្រឿងចក្រទៅឈូសឆាយព្រៃភ្នំ ដែល សំបូរទៅដោយសត្វព្រៃគ្រប់ប្រភេទដូចជាសត្វ÷ ទន្សាយ, ឈ្លូស,ជ្រូកព្រៃ,ស្វា,ពស់, ឃ្មុំ ។ ល ។ បើយោងតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់អ្នកសារព័ត៌មានថា កំពូលអ្នកក្លាហាន ឆ្អឹងដែក ស្បែកប្រាក់យកគ្រឿងចក្រទៅឈូសឆាយរំលោភយកដីរបស់រដ្ឋនៅភ្នំ ខ្ទុំ អស់ប្រហែល ៣០ហិចតា គឺ ឈ្មោះ ជាន់ បច្ចុប្បន្ន រស់នៅភូមិ ជ្រៃ ហៅ ( ស្រឡៅទូង) ឃុំខ្វាវ ស្រុក ខេត្ត ខាងលើ។ ពួកគាត់បានបន្តទៀតថាវាជាអយុត្តិធម៌សង្គមយ៉ាងធ្ងន់ធ្ងរដែលរស់នៅក្រោមបាវចនានៃ ព្រះរាជាណាចក្រ កម្ពុជា ជាតិ សាសនា ព្រះមហា ក្សត្រ ដូចគ្នា តែអ្នកមានលុយមានអំណាច អាចយកគ្រឿងចក្រ ទៅឈូសឆាយរំលោភយកភ្នំមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនបានដោយគ្មានមន្ត្រីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់ហ៊ានក្អកទុកបណ្តោយឲ្យព្រៃភ្នំ រំលាយអស់។ ចំណែកឯពួកគាត់វិញគ្រាន់តែឡើងទៅកាត់អុសដែលគ្រឿងចក្រឈូសឆាយរលំដួលហើយយកមកលក់ដើម្បីដោះស្រាយជីវភាព និងបង់ធានាគាក៏ត្រូវគេគំរាមកំហែងដកយក គោយន្ត ឬឧបករណ៍ប្រើប្រាស់ផ្សេងៗបើគ្មានលុយអោយគេ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ កាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៣ វេលាម៉ោង ៨,៤៣ នាទីព្រឹកអ្នកសារព័ត៌មានបានបញ្ជូនរូបភាពព្រៃភ្នំដែលគេបំផ្លាញបានមកពីប្រជាពលរដ្ឋ និងសំណួរខ្លះៗ ទាក់ទងទៅនឹងការឈូសឆាយព្រៃភ្នំ ខ្ទុំ ផ្ញើរទៅអោយលោក ភោគ វីរៈ នាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ តាមប្រព័ន្ធ Telegram លោក ភោគ វីរះ បានសរសេរតបអ្នកសារព័ត៌មានវិញថា សូមអោយទៅពិនិត្យមើលជាក់ស្ដែង ប្រសិនបើឃើញគ្រឿងចក្រកំពុងធ្វើសកម្មភាព អោយទូរស័ព្ទទៅលោក លោក នឹងទាក់ទងទៅមេឃុំ ដើម្បីអោយលោកមេឃុំបញ្ជា ឲ្យ ប៉ូលិសប៉ុស្តិ៍ទៅឃាត់គ្រឿងចក្រ។ នៅពេលដែលអ្នកសារព័ត៌មានបានទៅពិនិត្យមើលជាក់ស្តែង គ្មានឃើញគំនរឈើដូចរូបភាពដែលប្រជាពលរដ្ឋបញ្ជូនមកទេ ព្រៃភ្នំស្ទើរតែទាំងមូលចាប់ពីជើងភ្នំរហូតដល់កំពូលភ្នំ សុទ្ធតែដំឡូងមី។ នៅថ្ងៃទី១៣ ខែ ឆ្នាំ ដដែល អ្នកសារព័ត៌មានបានបញ្ជូនរូបភាព និង ទិដ្ឋភាពភ្នំ ខ្ទុំ ជាក់ស្ដែង ទៅ លោក ភោគ វីរះ ម្ដងទៀត លោក ថា លោក នឹងធ្វើ របាយការណ៍ជូន លោកសូ ផល្លា នាយផ្នែកជីក្រែង និងគណៈអភិបាលស្រុក ជីក្រែង ដើម្បីស្នើសុំកម្លាំងចម្រុះចុះទៅពិនិត្យមើលជាក់ស្ដែងថាតើមានដាំដើមអ្វីខ្លះ? បើយោងតាមសម្តីមហាជនរៀបរាប់ប្រាប់អ្នកសារព័ត៌មានអំពីការរលាយរលត់ ព្រៃភ្នំ ក្នុង ឃុំខ្វាវដូចក្រមួនត្រូវថ្ងៃភ្លើងទៀនត្រូខ្យល់នេះបណ្ដាលមកពីសំណាក់មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ និងមន្ត្រីជំនាញពាក់ព័ន្ធផ្សេងទៀតបានសម្រេចស្រុះស្រួលមួលគំនិងគ្នាជាឯកច្ឆ័ន្ទបើកភ្លើងខៀវអោយឧក្រិដ្ឋជនព្រៃភ្នំឈូសឆាយព្រៃឈើតាមអំពើចិត្ត ដោយគ្មានចំណាត់ការតាមផ្លូវច្បាប់បានត្រឹមតែធ្វើកិច្ចសន្យា លើកទី ១ លើកទី ២ ហើយបណ្ដោយឱ្យឈូសឆាយដីព្រៃបន្តស្ទើរតែអស់ភ្នំទៅហើយគេមិនដែលឃើញមន្ត្រីរដ្ឋបាលព្រៃឈើ ឬមន្រ្តីបរិស្ថានណាធ្វើសំណុំរឿងបុគ្គលណាម្នាក់បញ្ជូនទៅតុលាការ ម្ដងណាឡើយ។
ជាចុងក្រោយប្រជាពលរដ្ជសូមណូមពរ ដល់លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត សៀមរាប និងលោក ទៀ គឹមសុទ្ធ ប្រធានមន្ទីរ កសិកម្មខេត្តសៀមរាបព្រមទាំង លោក ស៊ុន គង់ ប្រធាន មន្ទីរ បរិស្ថាន ខេត្ត សៀមរាប មេត្តាចុះមកពិនិត្យមើលទិដ្ឋភាពដីគម្របព្រៃឈើ ដី ព្រៃសហគមន៍ ក៏ដូចជាដីព្រៃភ្នំនៅក្នុងឃុំ ខ្វាវ ស្រុកជីក្រែង ដោយផ្ទាល់ខ្លួនជាក់ស្តែង ថា តើ សេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ និងការផ្សាយរបស់អ្នកសារព័ត៌មានពិត ឬ យ៉ាងណា? ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ពីប្រជាពលរដ្ឋថា លោក ជាន់ ជាអ្នកឈូសឆាយភ្នំ ខ្ទុំ អ្នកសារព័ត៌មានមិនអាចសុំការ បកស្រាយពី លោក ជាន់បានទេ អ្នកសារព័ត៌មានព្យាយាមទូរស័ព្ទទៅដែរ ប៉ុន្តែទាក់ទងមិនបាន អង្កភាពយើងខ្ញុំរងចាំការបកស្រាយពី លោក ជាន់រាល់ ម៉ោងធ្វើការពេលក្រោយ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *