អ៊ុក ផ្លុង សៀមរាប÷ ដីព្រៃនៅចំណុច ត្រពាំង ស្មាច់ ស្ថិតក្នុង ភូមិ កំបោអរ ឃុំ ខ្វាវ ស្រុក ជីក្រែង ខេត្ត សៀមរាប មានទំហំ៣៥ ហិចតា ដែលជាដីរដ្ឋ ។ ដីព្រៃនេះប្រជាពលរដ្ឋ បានប្រាប់អ្នកសារព័ត៌មានថាពួកគាត់ធ្លាប់ធ្វើគម្រោងស្នើសុំទៅសង្កាត់រដ្ឋបាលព្រៃឈើខ្វាវដើម្បីទុកដីព្រៃនេះជាដីសហគមន៍ក្នុងគោលបំណងរក្សាព្រៃឈើទុកជាជម្រកសត្វព្រៃដូចអ្វីដែលអង្កភាពយើងខ្ញុំបានចុះផ្សាយរួចម្ដងហើយ។ ប៉ុន្តែមិនទាន់មានសេចក្តីសម្រេចធ្លាក់មកទើបប៉ុន្មានឆ្នាំចុងក្រោយនេះដីព្រៃនៅចំណុចនេះបានទទួលរងនូវការកាប់ឆ្ការរុករានទន្រ្ទានឈូសឆាយពីសំណាក់បុគ្គលអាត្មានិយមម្នាក់ដែលប្រជា ពលរដ្ឋអះអាងថាមានឈ្មោះ ជិន មនោផៃ បច្ចុប្បន្ន រស់ភូមិឃុំខាងលើព្រមទាំងបងប្អូនបង្កើតរស់លោក ជិន មនោផៃ ប៉ុន្មានផ្សេងទៀត។កាលពីថ្ងៃ ទី ០៤ ខែ សីហា ឆ្នាំ ២០២៣ អាជ្ញាធរស្រុកជីក្រែង បានដឹកនាំកម្លាំងចម្រុះ ដោយលោក ម៉ូវ ជា អភិបាលរងស្រុក ជីក្រែង ចុះ ទៅពិនិត្យ និងស្រាវជ្រាវរកឃើញថាការបំពានយកដីរដ្ឋមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនដោយមិនខ្វល់ពីគោលបំណងរបស់ប្រជាជនរាប់សិបគ្រួសារក្នុងភូមិចង់រក្សាទុកដីព្រៃនេះជាដីព្រៃរបស់ សហគមន៍ ពីទង្វើឧក្រិដ្ឋកម្មព្រៃឈើរបស់លោក ជិន មនោផៃ និងបងប្អូនបង្កើតប៉ុន្មាននាក់ផ្សេងទៀត។ ទិន្នន័យបឋមដែលថា លោក ជិន មនោផៃ បានឈូសឆាយដោយបំពានច្បាប់ស្តីពីព្រៃឈើទាំងថ្មី ទាំងចាស់អស់ជាងបី ហិចតា វាគ្រាន់តែជាទិន្នន័យដែល លោក ជិន មនោផៃធ្វើការឈូសឆាយបំពានក្រោយធ្វើកិច្ចសន្យាបញ្ឈប់ពីសំណាក់សង្កាត់រដ្ឋបាលព្រៃឈើខ្វាវតែប៉ុណ្ណោះ។ តាមពិតក្រុមការងាររបស់កម្លាំងចម្រុះបានធ្វើការផ្ទៀងផ្ទាត់រវាងដីព្រៃដែលនៅក្នុងផែនទីទាំងមូលនិងដីព្រៃដែលនៅសេសសល់ឃើញថា លោក ជិន មនោផៃ បានឈូសឆាយដីព្រៃនៅចំណុចនេះ មុនធ្វើកិច្ច សន្យាជាមួយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ និងក្រោយកិច្ចសន្យាសរុបអស់ ១៦•៤ ហិចតា។ ពាក់ព័ន្ធ ទៅនឹងករណីខាងលើនេះ លោក ភោគ វីរះ នាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ បានឆ្លើយបំភ្លឺប្រាប់អ្នកសារព័ត៌មានថា លោក មិនមែនជាមន្ត្រីរដ្ឋបាលព្រៃឈើដែលគ្មានឆន្នៈក្នងការការពារនិងអភិរក្សព្រៃឈើដូចអ្វីដែលមេភូមិកំបោអរ បានយល់ច្រឡំនោះឡើយ លោក បានបញ្ជាក់ថា លោក ធ្វើអ្វីទៅតាមច្បាប់របស់រដ្ឋបាលព្រៃឈើ។
១ / បញ្ហាដែលប្រជាពលរដ្ឋបានធ្វើគំរោងស្នើសុំដីព្រៃនៅចំណុចនេះធ្វើជាដីព្រៃ សហគមន៍ លោក បានធ្វើរបាយការណ៍បញ្ជូនទៅអោយ រដ្ឋបាលស្រុកជីក្រែង និងខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបរួចរាល់ហើយ ប៉ុន្តែសេចក្តីសម្រេចរបស់ថ្នាក់លើមិនទាន់ធ្លាក់មក លោក គ្មានសិទ្ធស្វ័យសម្រេចនោះទេ។
២/ បញ្ហាប្រជាពលរដ្ឋអោយធ្វើកិច្ចអន្តរាគមន៍ហាមឃាត់ការឈូសឆាយរំលោភយកដីព្រៃពីសំណាក់ លោក ជិន មនោផៃ និងអ្នកផ្សេងទៀតលោកបានហៅ លោក ជិន មនោផៃ និងអ្នកពាក់ព័ន្ធមកធ្វើកិច្ចសន្យាបញ្ឈប់ម្ដងហើយ ប៉ុន្តែលោកមិនដឹងថា លោក ជិន មនោផៃ ជាជនឧ៌កាស និយម ឆ្លៀតពេលដែលប្រទេសយើងមានការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ លោក ជិន មនោផៃហ៊ានភ្ជួរដីចាស់ និងឈូសឆាយដីថ្មីបន្ថែម។
ទោះបីយ៉ាងណាក៏ដោយចុះ ប្រជាពលរដ្ឋពិតជាមានការសប្បាយរីករាយអរគុណ ដល់អាជ្ញាធរស្រុក ជីក្រែង ដែលបានដឹកនាំកម្លាំងចម្រុះចុះទៅពិនិត្យ និងទប់ស្កាត់ ព្រមទាំងកោះហៅបង ប្អូនលោក ជិន មនោផៃដែលបានឈូសឆាយដីព្រៃមកដាក់ លក្ខខណ្ឌហាមយកពូជ ដំណាំគ្រប់ប្រភេទទៅអាស្រ័យផលទោះបីដីនោះធ្លាប់អាស្រ័យផលក៏ដោយ។ បើជជេសហ៊ានប្រព្រឹត្ត ឧបករណ៍ប្រើប្រាស់នៅលើដីហាមឃាត់នឹងត្រូវដកហូតជាសម្បត្តិរដ្ឋទុកជាវត្ថុតាងជាក់ស្ដែង រីឯមនុស្ស នឹង ត្រូវចាប់ខ្លួន កសាង សំណុំរឿងបញ្ជូនខ្លួនទៅ តុលាការ ព្រមទាំងធ្វើការអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អោយចេះសហការ ជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធដើម្បីការពារ និងអភិរក្សដីព្រៃនៅតំបន់នេះក៏ដូចជាដីព្រៃនៅតំបន់ផ្សេងៗ ទៀត ដែលជាដីរបស់រដ្ឋ ក្នុងការចូលរួមចំណែកថែរក្សាការពារដីព្រៃជាសម្បត្តិធម្មជាតិរបស់រដ្ឋទាំងអស់គ្នា ៕